អ្នកនាំពាក្យ៖ មន្ត្រីបក្សប្រឆាំងអាច ស្បថចូលប្រជុំសភា សប្ដាហ៍ក្រោយ
តើពេលណាសមាជិកសភាមកពីគណបក្សនយោបាយជាប់ឆ្នោតទាំង២ អាចចូលប្រជុំសភាជាមួយគ្នាបាន?
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ
បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដា ថា
សមាជិកសភាមកពីគណបក្សប្រឆាំងអាចស្បថ
និងចូលប្រជុំសភាបាននៅសប្ដាហ៍ក្រោយ
ប៉ុន្តែទាមទារឲ្យមានការកំណត់របៀបវារៈសម័យប្រជុំសភាឲ្យបាន
ច្បាស់លាស់។
លោក យ៉ែម បុញ្ញឫទ្ធិ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា
បច្ចុប្បន្នក្រុមចរចាមកពីគណបក្សទាំង២ បានព្រមព្រៀងលើលទ្ធផលខ្លះៗ
ក្នុងគោលដៅធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ
វិសោធនកម្មច្បាប់បោះឆ្នោត និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
ហើយមានបញ្ហាមួយចំនួនទាមទារបន្តពិភាក្សានៅក្នុងសម័យប្រជុំសភាពេញ
អង្គ៖ «ផ្នែកខាងធ្វើបទបញ្ជាផ្ទៃក្នុង យើងបានឯកភាពគ្នាមួយ
ចំនួន មួយចំនួនទៀតពិភាក្សានៅពេលក្រោយ។ ដូច្នេះអាចបើកផ្លូវឲ្យការ
ចូលប្រជុំសភានេះបាន។ នៅខាងក្រុមវិសោធនកម្មរដ្ឋធម្មនុញ្ញ
កំពុងព្រាង និងមានការងារមួយចំនួនទៀតមិនទាន់បានសម្រេចនៅឡើយ
ហើយខាងច្បាប់បោះឆ្នោត យើងកំពុងព្យាយាមរៀបចំសេចក្ដីព្រាងច្បាប់
ស្ដីពីការរៀបចំការបោះឆ្នោតនោះ។ ដូច្នេះត្រូវការពេលវេលាបន្តិច
ទៀត។ ខ្ញុំគិតថាយ៉ាងហោចមួយសប្ដាហ៍ទៀតដែរ»។
លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងបន្ថែមថា
នៅក្នុងចំណោមបញ្ហាធ្វើវិសោធនកម្មនោះ
ការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតមានភាពស្មុគស្មាញជាងគេបន្តិច
ពីព្រោះវាទាក់ទងការរៀបចំច្បាប់អង្គការបោះឆ្នោតឡើងវិញ
និងត្រូវការពេលវេលាសិក្សាស្រាវជ្រាវបន្ថែមឲ្យបានស៊ីជម្រៅ។
ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត
គណបក្សទាំងពីរពិភាក្សាគ្នាដោយលើកយកបួនចំណុចដើម្បីកែប្រែ
ដូចជាការរៀបចំសមាសភាពមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្នាក់ក្រោមជាតិ យន្តការពិនិត្យ និងដោះស្រាយពាក្យបណ្ដឹង
ការរៀបចំចុះឈ្មោះអ្នកបោះឆ្នោតថ្មី និងរៀបចំបញ្ជីឈ្មោះបោះឆ្នោត
និងប្រធានបទដែលត្រូវលើកយកទៅដាក់ក្នុងអង្គសិក្ខាសាលា
ដើម្បីសុំយោបល់ពីភាគីពាក់ព័ន្ធ។
ចំពោះពេលវេលាស្បថដើម្បីចូលប្រជុំសភា
នោះ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា គេអាចធ្វើនៅពេលណាក៏បាន
ប៉ុន្តែគេត្រូវការផែនការសកម្មភាពជាក់លាក់ ក្រោយពេលចូលប្រជុំហើយ
ថាតើគណបក្សទាំងពីរលើកយកបញ្ហាណាមកធ្វើការដោះស្រាយជាមួយគ្នា?៖ «វា
ជាការពិត ស្បថចូលពេលណាក៏បាន ក៏ប៉ុន្តែស្បថហើយតើធ្វើអី? សំខាន់
ត្រូវមានប្រជុំវិសាមញ្ញ
ហើយមានរបៀបវារៈមួយច្បាស់លាស់។ ដើម្បីបោះឆ្នោតធ្វើវិសោធនកម្ម
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា
ដើម្បីបោះឆ្នោតជ្រើសរើសតាមបញ្ជីគណៈកម្មការជំនាញនានា របស់រដ្ឋសភា
ដែលជាគណៈអចិន្ត្រៃយ៍របស់រដ្ឋសភានោះហើយបន្ទាប់មកទៀត មាន
វិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ដូច្នេះសំខាន់ណាស់ត្រូវកំណត់ថ្ងៃ
ប្រជុំ និងមានរបៀបវារៈច្បាស់លាស់សិន»។
ទាក់ទងជាមួយលទ្ធផលរបស់ក្រុមចរចាគណបក្ស
ទាំងពីរលើវិសោធនកម្មនានានោះ លោក ឈាង វុន
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា
មានប្រសាសន៍ថា ក្រុមការងារចរចារបស់គណបក្សទាំង២
ធ្វើការងារជាមួយគ្នាបានលទ្ធផលល្អ
ហើយមានប្រយោជន៍ចំពោះប្រជាពលរដ្ឋ៖ «ខ្ញុំជាមួយ
ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ និងគ្នាយើង ១០នាក់ផ្សេងទៀត គឺទាំងអស់
១២នាក់នោះ
គឺបានទទួលជោគជ័យហើយហើយរឿងផ្សេងៗទៀតនៅសេសសល់ យើងយកទៅសម្រេចគ្នា
ក្រោយចំណុចខ្លះនៅសេសសល់នៅក្នុងយន្តការរដ្ឋសភា»។
ចំពោះពេលវេលាស្បថដើម្បីចូលប្រជុំសភា
នោះ លោក ឈាង វុន មានប្រសាសន៍ថា
វាអាស្រ័យទៅលើការសម្រេចរបស់សមាជិកមកពីគណបក្សសង្គ្រោះជាតិ
ប៉ុណ្ណោះ៖ «ហើយចង់កែស្អី បើគណបក្សប្រជាជនគាត់មិនចង់ គឺគ្មានទៅ
កែកើតទេ។ ពីព្រោះយន្តការនៅក្នុងគណៈអចិន្ត្រៃយ៍ គឺ ៥០% បូក
១។ អ៊ីចឹង
៧នាក់គ្រប់ គាត់ចង់កែអីក៏អត់បានដែរ។ យន្តការសម្រេចចិត្តនៅ
ក្នុងសភាពេញអង្គ គឺ ៥០% បូក
១ អ៊ីចឹង ៦២នាក់គឺគ្រប់។ បើគណៈកម្មការជំនាញទាំង
៥នោះ វាឯករាជ្យ ហើយធ្វើអីក៏ដោយក៏ត្រូវឆ្លងគណៈអចិន្ត្រៃយ៍ដែរ ហើយ
ឆ្លង ៥០% បូក ១
មិនមែនធ្វើអីស្រេចចិត្តបានទេ។ បើទោះជាគណៈកម្មការនោះលើកច្បាប់
មក កែស្អាតម៉េចក៏ដោយ ដល់ដាក់ក្នុងសភាពេញអង្គ គេអនុម័ត ៥០% បូក ១
តែម្តង ក៏គាត់មិនដឹងធ្វើអីដែរ បានតែចេញមកក្រៅធ្វើសន្និសីទ
សារព័ត៌មាន»។
ផ្អែកតាមកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា
រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា
គណបក្សទាំងពីរឯកភាពគ្នារៀបចំក្បាលម៉ាស៊ីនរដ្ឋសភា
ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
តាមរូបមន្ត ៧ ទល់ ៦
ដោយត្រូវបង្កើតថែមគណៈកម្មការជំនាញថ្មីមួយទៀតជាគណៈកម្មការទី១០
របស់រដ្ឋសភា មានឈ្មោះថា គណៈកម្មការអង្កេត បោសសំអាត
និងប្រឆាំងអំពើពុករលួយ។
គណបក្សទាំងពីរបានយល់ព្រមបែងចែកតំណែង
ប្រធានរដ្ឋសភាឲ្យទៅគណបក្សប្រជាជនកម្ពុជា
និងអនុប្រធានទី១បានទៅគណបក្សសង្គ្រោះជាតិ ហើយគណៈកម្មការទាំង១០
របស់រដ្ឋសភាត្រូវចែកជាពីរ ដើម្បីគ្រប់គ្រងម្នាក់ ៥ស្មើគ្នា។
ក្រោយពីគណបក្សទាំងពីរមានការចរចាស្រុះស្រួលគ្នាមក
មានការដោះលែងបេក្ខជនសមាជិកសភានិងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន
៨នាក់ ពីមន្ទីរឃុំឃាំងព្រៃស
និងមានការចរចាឯកភាពគ្នាជ្រើសរើសអ្នកស្រី ពុង ឈីវកេក
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ជាបេក្ខជនទី៩
របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម
មានប្រសាសន៍រិះគន់កិច្ចព្រមព្រៀងនោះថា
វាគ្រាន់តែជាកិច្ចព្រមព្រៀងមួយបម្រើផលប្រយោជន៍គណបក្សកាន់អំណាច
តែប៉ុណ្ណោះ៖ «សំឡេង»។
លោក សម រង្ស៊ី
ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ថា កិច្ចព្រមព្រៀងនោះ
ធ្វើឡើងដើម្បីបញ្ចប់ភាពតានតឹងវិបត្តិនយោបាយនៅកម្ពុជា
ហើយម្យ៉ាងទៀត ដោយសារគណបក្សសង្គ្រោះជាតិ គ្មានជម្រើសផ្សេង។
លោក សម រង្ស៊ី បញ្ជូនសេចក្ដីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទៅលោក ស ខេង
ដោយ សុ ជីវី
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
នៅថ្ងៃទី៣០ ខែកក្កដា
នេះបានបញ្ជូនសេចក្ដីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទៅ លោក ស
ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក សម រង្ស៊ី
បានភ្ជាប់ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៧៦
និងបង្កើតជំពូកថ្មីមួយនៃរដ្ឋធម្មនុញ្ញ
ទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោត។ សេចក្ដីព្រាងវិសោធនកម្មនោះ
ត្រូវ លោក សម រង្ស៊ី អះអាងថា
គឺស្របនឹងស្មារតីនៃកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ
កាលពីថ្ងៃទី២២ ខែកក្កដា។
ស្របគ្នានេះ លោក សម រង្ស៊ី បានបញ្ជាក់ថា
គេអាចកំណត់ថ្ងៃណាមួយក្នុងសប្ដាហ៍នេះ
ឬសប្ដាហ៍ក្រោយក្នុងការរៀបចំពិធីសច្ចាប្រណិធាន
សម្រាប់តំណាងរាស្ត្រជាប់ឆ្នោត ៥៥រូបមកពីគណបក្សសង្គ្រោះជាតិ
ព្រមទាំងកំណត់ថ្ងៃប្រជុំវិសាមញ្ញរដ្ឋសភា
ប្រសិនបើគណបក្សប្រជាជនកម្ពុជា
ទទួលយកខ្លឹមសារនៃសេចក្ដីព្រាងថ្មីនេះ។
ក្នុងសេចក្ដីព្រាងជំពូកថ្មីនៃ
រដ្ឋធម្មនុញ្ញ ស្នើដោយគណបក្សសង្គ្រោះជាតិ នោះ
បានលើកឡើងពីអភ័យឯកសិទ្ធិនៃសមាជិក គ.ជ.ប ស្វ័យភាពការងារ
និងថវិកានៃស្ថាប័ននេះ ជាដើម៕
ប្រភពពី វិទ្យុអាស៊ីសេរី