យុគ ចិន្តា ​ធ្វើឲ្យមហាជន​ភ្ញាក់ផ្អើល ​ក្រោយផ្ទុះ​រឿង​ត្រៀមរៀបការ​​ចុង​​ឆ្នាំ​​២០១៤

5/29/2014 0 Comments A+ a-

ភ្នំពេញៈ ពិធីការិនីមានរហស្សនាមថា ជាខ្លាញីប្រចាំស្ថានីយ ទូរទស្សន៍ ស៊ីធីអិន អ្នកនាង យុគ ចិន្តា ថ្មីៗនេះបានធ្វើឲ្យកក្រើកពេញពិភពសិល្បៈ និងទស្សនិកជន ដែលគាំទ្រនាង មានការភ្ញាក់ផ្អើល ស្ទើរគ្រប់គ្នា ក្រោយពីមានព័ត៌មានលេចឮថា ពិធីការិនីរូបនេះ បានសម្ងំបន្ទំសាច់ និងត្រៀមចូលរោងការ តាមប្រពៃណីខ្មែរ នៅក្នុងនៅឆ្នាំក្រោយជាមួយ គូស្នេហ៍ ដែលមានងារជាទីប្រឹក្សា សម្ដេច ជា ស៊ីម ។
ថ្មីៗនេះ មានព័ត៌មានលេចឮ ពិធីការិនីចាស់វស្សា ពោរពេញដោយឥទ្ធិពល ក្នុងពិភពសិល្បៈ អ្នកនាង យុគ ចិន្តា កំពុង តែត្រៀមខ្លួន ធ្វើជាកូនក្រមុំ នៅក្នុងពេលឆាប់ៗ  ខាងមុខនេះហើយ ដោយអនាគតកូនកំលោះ មានសំណាងបាន នាងធ្វើជាភរិយា រួមរស់ជាមួយគ្នានោះ ត្រូវបានប្រភពបង្ហើបឲ្យដឹងថា បុរសរូបនោះ មានវ័យ៤០ឆ្នាំ ជាអណិកជនខ្មែរ រស់នៅអាមេរិក មានងារជាទីប្រឹក្សាសម្តេច ជា ស៊ីម ។ កន្លងមកធ្លាប់មាន សារព័ត៌មាន ចុះផ្សាយជាបន្តបន្ទាប់ថា ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយ យុគ ចិន្តា និងបុរសជាកូស្នេហ៍លាក់មុខនោះ មានរយៈពេលយូរមកហើយ អាចនិយាយបានថា ពួកគេទាំងពីរយល់ចិត្តយល់ថ្លើមគ្នាច្បាស់ល្អ រហូតលេចដំណឹងថា ត្រូវចូលរោងការ ចុងឆ្នាំ២០១៤នេះ ។
បើតាមប្រភពពីអ្នកសិល្បៈ បានប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលនេះ គេសង្កេតឃើញ អ្នកនាង យុគ ចិន្តា ហាក់បង្ហាញពីទំនាក់ទំនង រវាងនាង និងបុរសវ័យ៤០ឆ្នាំរូបនោះ ដោយឧស្សាហ៍ទៅណាមកណា ជាមួយគ្នា មិនដាច់ ។មិនតែប៉ុណ្ណោះ មុនពេលរៀបការ គូស្នេហ៍មួយនេះ ក៏ត្រូវបានគេបង្ហើបថា បានចូលលុយគ្នា ទិញវីឡាថ្មីសន្លាងមួយ ដើម្បីទុកជាទ្រនំ ស្នេហ៍ផ្អែមល្ហែម មានតម្លៃជិតកន្លះលានដុល្លារ ដែលមានទីតាំងនៅម្តុំក្បែរ អង់តែនទួលគោក ។
ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីពិធីការិនី សម្តីផ្អែមវ័យ៣៨ឆ្នាំរូបនេះ រៀបការមានគ្រួសាររួច នៅឆ្នាំក្រោយនេះនាង អាចប្រកាសដកឃ្លា ពីអាជីពជាពិធីការិនីចោលទាំងស្រុង ដោយនាងងាក ទៅធ្វើជាអ្នកផលិតកម្មវិធីវិញ ដើម្បីយកពេលវេលាទំនេរខ្លះ សម្រាប់គ្រួសារ និងសាងសុភមង្គល ជាមួយអនាគតស្វាមី ។
បើទោះជាមានការខ្សឹប ប្រាប់ព័ត៌មានបែបនេះក្តី គេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា ពិធីការិនីរូបនេះ មានគម្រោងរៀបការ នៅពេលណាឲ្យច្បាស់លាស់ ហើយអញ្ជើញភ្ញៀវប៉ុន្មាននោះទេ ។  LookingTODAY បានព្យាយាមទាក់ទង ទៅទូរស័ព្ទរបស់អ្នកនាង យុគ ចិន្តា ជាច្រើនលើកច្រើនសារ ដើម្បីឲ្យនាងបកស្រាយ ទាក់ទងទៅ នឹងការលើកឡើងនេះ តែទូរស័ព្ទចូល គ្មានអ្នកទទួល ។ ប៉ុន្តែ LookingTODAY រីករាយរង់ចាំ ការចេញមុខបកស្រាយពី ពិធីការិនីរូបនេះ នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់ក្ដីសង្ស័យ៕