សុវណ្ណ មករា ប្រកាស​បើក​បេះដូង ក្រោយលែង​ប្រពន្ធ​បានជាង ៣ខែ

3/26/2014 0 Comments A+ a-

ភ្នំពេញ៖ អស់រយៈពេលជិត ៤ឆ្នាំហើយ ដែលតារាសម្តែងចាស់វស្សា លោក សុវណ្ណ មករា ហាក់ឃ្លាតឆ្ងាយពីសិល្បៈ ក្រោយពីលោកបានរៀបការ មានគ្រួសារចេញទៅរស់នៅក្រៅប្រទេស ទើបតែពេលនេះតារាសម្តែងរូបសង្ហាររូបនេះ បានត្រឡប់មកចាប់ផ្តើមអាជីពចាស់ ក្រោយពីលេចឮថា លោកបានសម្រេចលែងលះ ជាមួយភរិយាបានជាង ៣ខែ ។
បើតាមប្រភពពីអ្នកសិល្បៈរួមអាជីព បានបង្ហើបប្រាប់ Looking TODAY ដោយសុំមិនបញ្ចេញឈ្មោះថា ចំណងស្នេហ៍របស់ លោក សុវណ្ណ មករា បានពុះហែកបំបែកស្នេហ៍គ្នា ហើយដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា ដូច្នេះប្តីប្រពន្ធមួយគូនេះ ក៏សម្រេចចិត្តលែងលះគ្នាតាមច្បាប់ ហើយក្រោយពីលែងលះគ្នាហើយ លោក មករា ក៏បានប្រញាប់ប្រញាល់ ត្រឡប់មកស្រុកកំណើតវិញ និងវិលមករកឆ្នាំងចាស់ សាងប្រជាប្រិយភាពក្នុង ការសម្តែងជាថ្មីម្តងទៀត ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងថា សម្រាប់ហេតុផលដែលធ្វើឲ្យស្នេហារបស់ លោក មករា បែកបាក់នោះ បើតាមព័ត៌មានខ្សឹបខ្សៀវនោះ ធ្លាប់បានលើកឡើងថា មុនពេលបែកបាក់គ្នា អតីតភរិយារបស់លោក ធ្លាប់មានការប្រច័ណ្ឌស្វាមី ជាច្រើនលើកច្រើនសារ រហូតធ្វើឲ្យស្នេហាដែលធ្លាប់តែផ្អែមល្ហែម ប្រែមកជាល្វីងជូរចត់ ដល់ថ្នាក់ស្នេហាត្រូវរង្គោះរង្គើ មិនអាចទប់ជាប់ ក៏ត្រូវចែកផ្លូវគ្នាដើរតែម្តងទៅ ។
ស្របពេលដែលមានព័ត៌មាន លេចឮបែបនេះ នាពេលកន្លងមក លោក សុវណ្ណ មករា ក៏ធ្លាប់បានចេញមុខបកស្រាយក្នុងកម្មវិធី “ Mr & Ms Talk Show” នៅស្ថានីយទូរទស្សន៍ MY TV ថាលោកពិតជាបានលែងលះ ជាមួយភរិយាដែលរស់នៅក្រៅប្រទេស ពិតប្រាកដមែន តែលោកសុំមិននិយាយលម្អិត ទាក់ទងរឿងនេះទេ ព្រោះថាវាបានកន្លងហួស ទៅហើយទោះ ជានិយាយក៏មិនអាច ត្រឡប់មកដូចមុនដែរ ។
តារាសម្តែងមាឌធំ សម្បូរសាច់ដុំរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “សម្រាប់ខ្ញុំអតីត កាលបានរំលងហួសទៅហើយ រហូតមកដល់ពេលនេះ មានរយៈពេល៣ខែ វាក៏អាចធ្វើឲ្យ ខ្ញុំធ្វើចិត្តបានរឹងមាំសមល្មម ចាប់ផ្តើមស្នេហ៍ថ្មីវិញហើយឆ្លៀតពេលនេះ ខ្ញុំសុំប្រកាសថាខ្ញុំ នឹងបើកបេះដូងទទួលស្នេហ៍ថ្មី ដោយពេលនេះខ្ញុំក៏ចាប់ផ្តើម សម្លឹងមើលបណ្តើរៗ តែខ្ញុំនៅមិនទាន់ដឹងថា តើនារីរូបណាអាចក្លាយ ជាគូជីវិតរបស់ខ្ញុំទេ ព្រោះថាពេលនេះរកមិនទាន់ ឃើញ ” ។
លោកបានបញ្ជាក់ទៀតថា នារីដែលលោកប្រាថ្នាចង់បាន ជាគូអនាគតនោះ គឺមិនមានលក្ខណៈអី្វច្រើននោះទេ អ្វីដែលសំខាន់គឺលោកបានតាំងចិត្តរួច ហើយថានៅពេលដែល លោកសម្រេចចិត្ត រៀបការជាមួយនារីណាម្នាក់ លោកនឹងធ្វើឲ្យនារីដែលលោកស្រលាញ់ មានសេចក្តីសុខ ធ្វើគ្រប់យ៉ាងដើម្បីនាង ហើយអ្វីដែលសំខាន់ លោកចង់ឲ្យនារីម្នាក់នោះ ទទួលយកអតីតកាលរួម ជាមួយការងាររបស់លោកគឺជាបញ្ហាចំបងបើសិនជាស្រលាញ់ លោកត្រូវតែស្រលាញ់សិល្បៈ ដូចលោកដាច់ខាតមិនត្រូវមាន គំនិតផ្ទុយគ្នាលើរឿងនេះទេ ។
សម្រាប់ លោក សុវណ្ណ មករា គឺជាតារាសម្តែងមួយដួង ដែលមានឈ្មោះបោះសំឡេង និង ប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយថ្មីៗក្រោយពីលោក វិលមករកឆ្នាំងចាស់វិញ លោកក៏បានគ្រងតំណែងជាតួឯក ក្នុងរឿងជាច្រើនដូចជា “ភ្លើងព្យាបាទ” “កំលោះឡឺកឺ” ខារ៉ាអូខេ និងរឿងមួយចំនួនទៀត ហើយក្រៅពីការសម្តែងលោកក៏ត្រៀមខ្លួន ធ្វើជាអ្នកដឹកនាំសម្តែងរឿង នៅក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង ៕