នាំដើរលេង ផឹកស៊ី ១យប់១ថ្ងៃ ត្រូវឪពុកម្តាយ ខាងស្រី ឃាត់ខ្លួន ប្រគល់ឲ្យ នគរបាល
ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាកម្មករសំណង់ ត្រូវបានឪពុកម្តាយនារីរងគ្រោះឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ខណ្ឌដង្កោ នាំយកទៅសាកសួរ បន្ទាប់ពីនគរបាលខណ្ឌដង្កោ ប្រគល់ទៅឲ្យនគរបាលពោធិ៍សែនជ័យ ចាត់ការ បន្ត បន្ទាប់ពីជនសង្ស័យ បានដើរលេង ជាមួយនារីរងគ្រោះបាត់១យប់១ថ្ងៃ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ។
បើតាមជនរងគ្រោះ រៀបរាប់ប្រាប់នគរបាលថា ជនសង្ស័យឈ្មោះ ទូច ពុធី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ កម្មករសំណង់ ស្នាក់នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកឯរូបនាង មានឈ្មោះ ទិត ស្រីសុភា អាយុ២២ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មាន ពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យ និងនារីរងគ្រោះ បានជួបគ្នា រួចហើយក៏នាំគ្នាដើរលេង ដោយជិះម៉ូតូនារីរងគ្រោះ ដើរលេងនៅសួន សុបិនចំការព្រីង លុះរហូតដល់យប់ជ្រៅ អ្នកទាំងពីរមិនហ៊ានត្រឡប់ទៅផ្ទះ ក៏នាំគ្នាចូលទៅដេក នៅផ្ទះ សំណាក់មួយកន្លែង យីហោ ណាណា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ម៉ោង ៧យប់ថ្ងៃទី២៤ ទើបជនរងគ្រោះ ជូនជនសង្ស័យត្រឡប់ទៅការដ្ឋានសំណង់វិញ ពេលទៅដល់ពាក់កណ្តាលផ្លូវ ក៏បានជួបឪពុកម្តាយនារីរងគ្រោះ ពេលនោះឪពុកម្តាយនារីរងគ្រោះ បានល្បួងជនសង្ស័យ ទៅលេងផ្ទះ រួចក៏ ឃាត់ខ្លួន នាំយកទៅប្រគល់ ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រៃសតែម្តងទៅ ។
ចំណែកឯនគរបាល ខណ្ឌដង្កោ បន្ទាប់ពីបានសាកសួរ រួចហើយក៏ប្រគល់ជនសង្ស័យ ទៅឲ្យនគរបាលខណ្ឌ ពោធិ៍សែនជ័យ ធ្វើការសាកសួរបន្ត ស្រ្តីរងគ្រោះបានបន្តថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ ពួកគេទាំងពីរនាក់ បានជួបគ្នា ហើយនាំគ្នាដើរលេង ដោយជិះម៉ូតូទៅកម្សាន្ត នៅសួនសុបិនចំការ ព្រីងរហូតដល់ម៉ោង១០យប់ ដោយមិនហ៊ានត្រឡប់ទៅផ្ទះវិញ ក៏នាំគ្នាចូលផ្ទះសំណាក់ យីហោ ណាណា ស្ថិត នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។
ក្រោយមកជនសង្ស័យ បាននាំស្រ្តីរងគ្រោះទៅផ្ទះវិញ នៅវេលាម៉ោងខាងលើ ក៏ត្រូវឪពុកម្តាយឃាត់ខ្លួន នៅតាម ផ្លូវយកទៅប្រគល់ ឲ្យនគរបាលប៉ុស្តិ៍ព្រៃស ដើម្បីនាំយកទៅសាកសួរ បន្ទាប់ពីនគរបាលព្រៃសសាកសួររួច ក៏ ប្រគល់មកឲ្យនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ បន្តបច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ៕