លោក ម៉ម សូណង់ដូ រិះគន់​លោក ហ៊ុន សែន ថា​រំលោភ​សិទ្ធិ​ភរិយា

3/10/2014 0 Comments A+ a-


ក្រុម​ស្ត្រី​ដែល​មាន​ជម្លោះ​ដី​ធ្លី​ត្រូវ​បាន​អាជ្ញាធរ​បិទផ្លូវ​មិន​ឲ្យចេញ​ទៅសម្តែង​មតិ​​​។ រូបថត ហេង ជីរ័ន​
ក្រុម​ស្ត្រី​ដែល​មាន​ជម្លោះ​ដី​ធ្លី​ត្រូវ​បាន​អាជ្ញាធរ​បិទផ្លូវ​មិន​ឲ្យចេញ​ទៅសម្តែង​មតិ​​​។ រូបថត ហេង ជីរ័ន​
ភ្នំពេញៈ «គាត់ [ហ៊ុន សែន] មិន​គ្រាន់​តែ​រំលោភ​ច្បាប់​ធម្មនុញ្ញ​នោះ​ទេ ថែម​ទាំង​រំលោភ​ដល់​សិទ្ធិ​របស់​ភរិយា និង កូន​ស្រី​របស់​គាត់​ថែម​ទៀត»។ នេះ​ជា​ការ​ថ្លែង​របស់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ សម្បុក​ឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​មុខ​ទីលាន​ប្រជាធិបតេយ្យ ដែល​ហ៊ុម​ព័ន្ធ​ដោយ​រនាំង​ដែក​និង កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល។
លោក ម៉ម សូណង់ដូ បាន​បន្ត​ថា ស្ត្រី​ទូទាំង​ពិភពលោក​នាំ​គ្នា​អបអរ​សាទរ ប្រារព្ធ​ខួប​លើក​ទី ១០៣ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ដោយ​ឡែក​នៅ កម្ពុជា អាជ្ញាធរ​រដ្ឋាភិបាល​បែរ​ជា​រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​ ប្រារព្ធ​ទិវា​នេះ​ទៅ​វិញ។
លោក​ថ្លែង​ថា៖ «អ្នក​ណា​មួយ​ក៏​មាន​ប្រពន្ធ កូន និង ប្អូន​ស្រី​ដែរ ហើយ​បើ​សិន​ជា​សម្ដេច ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នេះ ហាក់​ដូច​ជា​សម្តេច ហ៊ុន សែន មិន​ផ្ដល់​កិត្តិយស​ទៅ​ដល់​ប្រពន្ធ​របស់​គាត់»។
យ៉ាង​ណា​ក្ដី​ការ​ប៉ុន​ប៉ង​ធ្វើ​វេទិកា​សាធារណៈ​នៅ​លើ​ទីលាន​ ប្រជាធិបតេយ្យ​របស់​ក្រុម​សហជីព​ទាំង ១៨ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គិត​គូរ អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​គ្រប់​វិស័យ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មេ​ដឹក​នាំ​សហជីព សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ សរុប ២១នាក់ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង នោះ ត្រូវ​បាន​បរាជ័យ​ដោយ​សារ​ទីតាំង​នោះ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​នគរបាល និង​សន្តិសុខ ជាច្រើន​រយ​នាក់​ធ្វើ​ការ​កាន់​កាប់​និង​ហ៊ុមព័ទ្ធ​ដោយ​រនាំង​ដែក។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​គាំទ្រ​ដល់​ក្រុម​សហជីព​បាន​ថ្លែង​ថា ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​គឺជា​រឿង​ ត្រឹម​ត្រូវ។
លោក​បាន​ថ្លែង​ថា៖ «នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​នេះ បង​ប្អូន​កម្មករ បាន​ធ្វើ​ការ​ទាមទារ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ ក្នុង​មួយ​ខែ​និង​ដោះលែង​កម្មករ ២១នាក់ ពី​ពន្ធនាគារ ត្រពាំងផ្លុង ខ្ញុំ​សូម​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ទាមទារ​ទាំង​ពីរ​ចំណុច​នេះ»។
លោក អាត់ ធន់ ប្រធាន​សហព័ន្ធ​សហជីព ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​បាន​ថ្លែង​ថា ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ សហជីព​កម្មករ និង​មន្ត្រី​រាជការ​ស៊ីវិល ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ជុំវិញ​ក្ដី​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​ខ្លួន​ដើម្បី បញ្ជូន​សារ​ទៅ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។ ប៉ុន្តែ​ជា​អកុសល​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ទីតាំង​នេះ​ត្រូវ ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​និង ដាក់​ពង្រាយ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល​ទៅ​វិញ។
លោក​ថ្លែង​ថា៖ «នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​យ៉ាង​ ធ្ងន់​ធ្ងរ។ យើង​ជា​កម្មករ​មិន​ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​ បញ្ចេញ​នូវ​ក្ដី​កង្វល់​របស់​ខ្លួន មិន​ឲ្យ​តវ៉ា​ធ្វើ​កូដកម្ម​ប៉ុន្តែ​រដ្ឋាភិបាល​និង ម្ចាស់​រោងចក្រ​ក៏​មិន​ផ្ដល់​ដំណោះស្រាយ​ឲ្យ​យើង​ខ្ញុំ​ដែរ តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូចម្ដេច​ចាត់​ទុក​ពួក​យើង​ខ្ញុំ និង​កម្មករ​ជា​អ្វី?»។
លោក អាត់ ធន់ បាន​បន្ត​ថា កម្មករ​កម្មការិនី​នៅ​គ្រប់​បណ្ដា​រោងចក្រ​ទាំង​អស់​ទូទាំង​ប្រទេស បាន​ឯកភាព​គ្នា​ហើយ​ថា បើ​នៅ​តែ​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទេ​នោះ ពួក​គាត់​នឹង​ធ្វើ​កូដកម្ម​មិន​ទៅ​ធ្វើ​ការ​មួយ​សប្ដាហ៍ ដោយ​រាប់​ចាប់​ពី​ថ្ងៃ ទី១២ រហូត​ដល់​ថ្ងៃ ទី១៩ ខែ មីនា នេះ។
ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រី កេន ឆេងឡាង អនុ​ប្រធាន​សហព័ន្ធ​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ កម្ពុជា បាន​និយាយ​ថា នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​កម្មករ កម្មការិនី​រោងចក្រ​សហគ្រាស​ចង់​ជួប​ជុំ​គ្នា​អំពាវនាវ និង ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង បង​ប្អូន និង​ប្ដី​របស់​ពួកគេ ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌ នៅ​គុក ត្រពាំង​ផ្លុង និង​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ១៦០ ដុល្លារ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​រារាំង​និង​ទប់​ស្កាត់​ដោយ​កម្លាំង​អាជ្ញាធរ​ រដ្ឋាភិបាល។
អ្នក​ស្រី​ថា៖ «ប្រមុខ​រដ្ឋាភិបាល​តែង​តែ​ប្រកាស​ជា​រឿយៗ​ថា មន្ត្រី​គ្រប់​ស្ថាប័ន​ទាំង​អស់​ត្រូវ​រួម​គ្នា​អនុវត្ត​គោល​នយោបាយ​លើក​ កម្ពស់​សិទ្ធិ​ស្ត្រី ប៉ុន្តែ​នៅ​ថ្ងៃ​សិទ្ធិ​នារី​យើង​ខ្ញុំ ស្ត្រី​មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បញ្ចេញ​មតិ»។
អ្នក​ស្រី ប្រាក់ សុវណ្ណារី ភរិយា​លោក វន់ ពៅ បាន​និយាយ​ថា៖ «ខ្ញុំ​មក​នេះ​គឺ​ចង់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះលែង​ប្ដី​របស់​ ខ្ញុំ ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ប្ដី​របស់​ខ្ញុំ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ ព្យាបាល​ជា​បន្ទាន់​»។
គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​វេលា​ម៉ោង​ជាង ៧ ព្រឹក​អ្នក​ធ្វើ​ដំណើរ​និង​ក្រុម​សកម្មជន​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ ដូនពេញ សំឡុត​បំភ័យ និង​វាយ​បណ្ដេញ​ចេញ​ពី​កន្លែង​ស្ពាន​នាគ។ ក្នុង​អំឡុង​ពេល​នោះ​សកម្មជន​សហជីព​បួន​ប្រាំ​នាក់ ត្រូវ​បាន​ក្រុម​សន្តិសុខ​ដេញ​វាយ និង ហក់​ធាក់ ខណៈ​ពួក​គេ​បាន​ត​មាត់​នឹង​ក្រុម​សន្តិសុខ​ទាំង​នោះ​ដោយ​និយាយ​ថា គ្រាន់​តែ​ដើរ​កាត់​មិន​បាន​ឬ​អី?
បន្ទាប់​មក​គេ​ឃើញ​ក្រុម​សហជីព និង​ពលរដ្ឋ​មក​ពី​សហគមន៍​ដីធ្លី​មួយ​ចំនួន​បាន​នាំ​គ្នា​មក​កាន់​តែ​ច្រើន​ ឡើងៗ រហូត​ដល់​ជាង ៥០០ នាក់​ធ្វើ​ឲ្យ​ក្រុម​សន្តិសុខ​ដក​ថយ​ពី​សួន​ស្ពាន​នាគ​ទៅ​ក្នុង​ទីលាន​ ប្រជាធិបតេយ្យ ដែល​មាន​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ ៥០០ នាក់​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់។
ដោយ​ឡែក​ក្រុម​អ្នក​ភូមិ បឹងកក់ ជាង ២០០ នាក់​ដែល​ប៉ុន​ប៉ង​ហែ​ក្បួន​មក​ចូល​រួម​ជាមួយ​នឹង​ក្រុម​សហជីព​នៅ​ឯ​ស្ពាន​ នាគ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​ដាក់​រនាំង​ដែក​បិទ​ផ្លូវ​ចេញ​ចូល​មិន​ឲ្យ ​ពួក​គេ​ចេញ​ពី​តំបន់ បឹងកក់ ឡើយ​ខណៈ​រ៉ឺម៉ក Tuk-Tuk និង​រថយន្ត​ដឹក​កម្មករ​មួយ​ចំនួន​ត្រូវ​ក្រុម​សហជីព​អះអាង​ថា អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​មក​កាន់​តំបន់​ទីលាន​ប្រជាធិបតេយ្យ​ឡើយ៕
_______________
ប្រភពពីភ្នំពេញប៉ុស្តិ៍