មជ្ឍដ្ឋានទូទៅ ចង់ឃើញ តុលាការផ្តន្ទាទោសថៅកែ ស្រីវាយធ្វើបាប និងឲ្យអ្នកបម្រើ លិទ្ឋកំអួតរបស់ខ្លួន

3/23/2014 0 Comments A+ a-

chanroth014-mar-216ភ្នំពេញ : ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ចង់ឃើញ តុលាការក្រុងភ្នំពេញផ្តន្ទាទោស និងឃុំខ្លួនថៅកែស្រីម្នាក់ ដែល តែងតែវាយធ្វើបាប រហូតបង្ខំឲ្យឈ្នួលបម្រើស្រី លិទ្ឋកំអួតខ្លួនឯងដាក់ពន្ឋនាគារ ព្រោះតែបានប្រព្រឹត្តនូវទង្វើ ដ៏ ព្រៃផ្សៃ ទៅលើក្មេងស្រី មិនទាន់គ្រប់អាយុ ។ យ៉ាងណាក៏ដោយ ថៅកែស្រី ដ៏ពិសពុលរូបនេះ មិនទាន់ត្រូវ បាន សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនខ្លួនទៅកាន់តុលាការ នៅឡើយទេ ខណ:ដែលមានសេចក្តីរាយការណ៍មួយចំនួន និយាយថា សាច់ញាតិថៅកែស្រីរូបនេះ មានទាំងថ្នាក់ឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ កំពុងរត់ការខ្វែងដៃខ្វែងជើង សុំដោះ និងរួចផុតពីការចោទប្រកាន់ ។
យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ថៅកែស្រីដែលប្រើអំពើហិង្សាលើឈ្នួល បម្រើស្រីរបស់ខ្លួន ឈ្មោះ គង់ ស៊ីណាត អាយុ ៣២ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ម៉ូតូ រស់នៅផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ផល លក្ខិណា អាយុ ១៧ឆ្នាំ មានស្រុកកំណើត នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
របាយការណ៍របស់នគរបាលបានរៀបរាប់ទៀតថា ក្មេងស្រីរងគ្រោះ បានមកនៅជាមួយថៅកែ ស្រី ធ្វើជាឈ្នួលបម្រើ ប៉ុន្តែក្នុងអំឡុងពេលនៃការ រស់នៅ ក្មេងស្រីរងគ្រោះ តែងតែទទួលរង ការប្រើអំពើហិង្សា វាយធ្វើបាបទាំងយប់ ទាំងថ្ងៃ នៅពេលធ្វើអ្វីខុសម្តងៗ ។
ជាមួយគ្នានេះ ថៅកែស្រី ចិត្តខ្មៅ គង់ ស៊ីណាត បានបង្ខំឲ្យឈ្នួលបម្រើរបស់ ខ្លួន លិទ្ឋកំអួត នៅពេលដែល ក្មេង ស្រីរូបនេះ អត់ស្រួលខ្លួន ហើយក្អួតម្តងៗ ។ ដោយសារតែអត់ទ្រាំការលំបាក ក្នុងការរស់នៅជាមួយថៅកែស្រី ចិត្តខ្មៅមិនបាន ក្មេងស្រីរងគ្រោះរូបនេះ បានសម្រេចចិត្តរត់ចេញពីផ្ទះកាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ ហើយ ជួបជាមួយខាងអង្កការការពារសិទ្ឋកុមារ CCPCR រួចអង្គការមួយនេះ បាននាំក្មេងស្រីរងគ្រោះ ទៅរស់នៅជាមួយ ស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ។ លុះដល់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៤ ខាងអង្គការ បាននាំក្មេងស្រីរងគ្រោះ ទៅដាក់ ពាក្យបណ្តឹង នៅអធិការដ្ឋានគរបាល ខណ្ឌសែនសុខ ទើបនៅវេលា ម៉ោង ៥និង១០នាទី ល្ងាចថ្ងៃទី២២ ខែមិនា កម្លាំងនគរបាលខណ្ឌ ដោយមានការឯកភាព ពីតំណាងអយ្យការ និងមានការបញ្ជា ពីលោកស្នងការ ជួន សុវណ្ណ បានឈានទៅដល់ការឃាត់ខ្លួន ថៅកែស្រីរូបនេះ យកមកសួរនាំបន្តទៀត ។
យ៉ាងណាក៏ដោយ រហូតមក ដល់ល្ងាចថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៤នេះ នគរបាល ខណ្ឌសែនសុខ មិនទាន់បញ្ជូន ថៅកែស្រីដ៏កំណាចនេះ ទៅតុលាការនៅឡើយទេ ខណ:ដែលជនសង្ស័យ និងសាច់ញាតិកំពុងរត់ការ ស្វែងរក អន្តរាគមន៍ដោះលែងក្រៅប្រពន្ឋតុលាការ ។ មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការ បំភ្លឺថៅកែ ស្រីរូបនេះ បាននៅឡើយទេ នៅល្ងាចថ្ងៃទី២៣ ខែមិនានេះ ៕
__________________________
ប្រភពព័ត៌មានពី៖ Lookingtoday