​ថ្ងៃទី​២៩ ខែ មីនា សូម​បិទ​ភ្លើង​សម្រាប់​ទិវា “​មួយ​ម៉ោង​សម្រាប់​ភពផែនដី​”

3/26/2014 0 Comments A+ a-


waxភ្នំពេញ:  ​ឆ្នាំនេះ ទិវា “​មួយ​ម៉ោង​សម្រាប់​ភពផែនដី​” ឬ ហៅថា “Earth Hour” នឹង​រៀបចំឡើង ដោយ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​ហ្វ៊ុ​ល​ប្រាយ និង​សហរដ្ឋអាមេរិក FUSAAC ដោយមាន​ការគាំទ្រ​ពី​អង្គការ  WWF​។ កម្មវិធី​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៥:៣០ ដល់​ម៉ោង ៨:៣០ នា​ល្ងាច ថ្ងៃទី​២៩ ខែ មីនា នៅ​វិទ្យាស្ថាន​ភាសាបរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា នេះ​ជាការ​ចូលរួម​ដោយ​សេរី ហើយ​កម្មវិធី​សំដៅ​លើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់​ឲ្យ​ចូលរួម​បង្ហាញ​ពី​ ឆន្ទៈ​ក្នុងការ​ការពារ ភពផែនដី​។​ជា​ផ្លូវការ ក្នុង​ទិវា “​មួយ​ម៉ោង​សម្រាប់​ភពផែនដី​” មាន​ការបិទ​ភ្លើង​ជា​និមិត្តរូប​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៨:៣០ ទៅ ៩:៣០ យប់​នៃ ម៉ោង​ក្នុង ប្រទេស​នីមួយៗ​។ ក្រៅពី​ការបិទ​ភ្លើង​អាគារ​រយៈពេល​មួយ​ម៉ោង​ជា​និមិត្តរូប កម្មវិធី​នេះ​នឹងមាន សកម្មភាព​កំសាន្ត​បែប​អប់រំ ដែល​អ្នកចូលរួម​ទាំង​អស់​អាច​រីករាយ​ជាមួយនឹង​ការសំដែង​សិល្បៈ ក៏ដូចជា​ការ​ថ្លែង​ចែករំលែក​នូវ​ព័ត៌មាន​និង ក្តី​ព្រួយ បារម្ភ​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន​។ មិនតែប៉ុណ្ណោះ យុវជន​អាច​សម្តែង​ឆន្ទៈ​ក្នុង​ការប្រើ​អំណាច ឬ ឥទ្ធិពល​របស់ខ្លួន តាមរយៈ​សកម្មភាព​តូចតាច ប៉ុន្តែ​មាន​អត្ថន័យ​សម្រាប់​បុព្វហេតុ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា និង​នៅលើ​ភពផែនដី ទាំងមូល​។
​លោក ជា កញ្ញា​រិ​ទ្ធិ ប្រធាន​សមាគមនិស្សិត FUSAAC បាន​មានប្រសាសន៍ថា ៖ “​ក្រុមនិស្សិត FUSAAC ជឿជាក់ ថា​ការផ្លាស់ប្តូរ​នៅក្នុង​សង្គម​គួរតែ​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់ៗ​។ បុគ្គល​គ្រប់រូប​មិនគួរ​រង់ចាំ ឲ្យ​ការផ្លាស់​ផ្តូ​រ​ចេញ​មកពី ថ្នាក់លើ​ទេ វា​ត្រូវ​ផ្តើមចេញពី​ខ្លួន​យើង​។ Earth Hour គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​អំពី​សកម្មភាព​ដែល​បុគ្គល​គ្រប់រូប​អាច ​ធ្វើបាន​ដើម្បី​បុព្វហេតុ​បរិស្ថាន ហេតុនេះហើយ​បានជា FUSAAC គាំទ្រ​និង​ចូលរួម​រៀបចំ​កម្មវិធី​នេះ​។​”
​លោក រ័ត្ន ហុក នាយករង​នៃ​វិទ្យាស្ថាន​ភាសាបរទេស ក៏បាន​លើកឡើង​ដែរ​ថា ៖ “​ប្រជាជន​គ្រប់រូប គួរតែ​ខំប្រឹងប្រែង ព្យាយាម​ឲ្យ​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដែល​ស្រលាញ់​និង​ការពារ​បរិស្ថាន ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន និង ធនធាន​របស់​ភពផែនដី​យើង​។​”
Earth Hour មាន​គោលបំណង​លើកទឹកចិត្ត សហគមន៍​នៅលើ​សាកលលោក​ទាំងមូល​ឲ្យ ចែករំលែក​ឱកាស និង ព័ត៌មាន​ស្តីពី​ឧបសគ្គ​ក្នុងការ​បង្កើត​ឲ្យ​បាន​នូវ​ភពផែនដី​មួយ​ដែលមាន​ និរន្តរភាព​។ Earth Hour មិនមែន​ត្រឹមតែ​ជា ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ចលនា​បរិស្ថាន​សាកល ដែល​មនុស្ស​គ្រប់រូប​មក​ចូលរួម​ជាមួយគ្នា​សម្រាប់ បុព្វហេតុ​ភពផែនដី​។​
​មនុស្ស​គ្រប់រូប ស្ថាប័នរដ្ឋ និង​ឯកជន​ទាំងអស់ អាច​ចូលរួម​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា Earth Hour នេះ​បាន​។ ក្រៅពី​ការបិទ ភ្លើង​អគ្គីសនី​ដែល​មិនចាំបាច់​ប្រើ​រយៈពេល​មួយ​ម៉ោង​ដើម្បី​ជា​និមិត្តរូប​ ក្នុងការ​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ការពារ​ភពផែនដី សហគមន៍​នីមួយៗ​អាចធ្វើ​សកម្មភាព​ជាច្រើន​ដ៏ទៃទៀត​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ បញ្ហា​ដែល​ខ្លួន​កំពុង​ជួបប្រទះ​។ ដូច្នេះ​គំនិត សំខាន់​នោះ​គឺ សម្រាប់​ឲ្យ​បុគ្គល​ម្នាក់ៗ​នឹងធ្វើ​សកម្មភាព​បរិស្ថាន​ផ្សេងទៀត​ក្រៅពី​ ទិវា “​មួយ​ម៉ោង​សម្រាប់​ភពផែនដី​” នេះ​។
​លោក ឈិ​ត សំអាត នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា ៖ “​អង្គការ WWF មាន​សេចក្តី រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​ប្រារព្ធ​ពិធី Earth Hour នេះ​ជាមួយ​ក្រុមនិស្សិត FUSAAC និង​វិទ្យាស្ថាន ភាសាបរទេស​។ តាមរយៈ​ការចូលរួម និង ប្រារព្ធ​ពិធី​នេះ​ឡើង​យើង​បង្ហាញថា យើង​កំពុង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា បរិស្ថាន​របស់​ប្រទេស​យើង ហើយ​ក្នុងនាម​ជា​ប្រជាជន​នៃ​សាកលលោក យើង​មាន​ឆន្ទៈ​ការពារ​ភពផែនដី​ដែល​យើង កំពុង​រស់នៅ​សព្វថ្ងៃ​។ ខ្ញុំ​សង្ឃឹមថា​មនុស្ស​ជំនាន់​ក្រោយ នឹង​ប្រើប្រាស់​អំណាច ឬ ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ស្ថាបនា ពិភពលោក​មួយ​ប្រកបដោយ​និរន្តរភាព​។​”
​ជា​ផ្លូវការ ការបិទ​ភ្លើង​ជា​និមិត្តរូប​ក្នុង​ទិវា Earth Hour ជា​សាកល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៨:៣០ ទៅ ៩:៣០ យប់​នៃ ម៉ោង​ក្នុង ប្រទេស​នីមួយៗ​។ សូម​គោរព​អញ្ជើញ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ៗ​រូប បណ្តា​គេហដ្ឋាន ស្ថាប័នរដ្ឋ និង​ឯកជន ទាំងអស់ ចូលរួម​ក្នុង​ចលនា​ជា​សាកល​នេះ​៕T/L
​ទិវា​Earth Hour​នៅ​ប៉ារីស​នា​ឆ្នាំកន្លងមក​
ប្រភពពី CEN