អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាត់​ទុក​មនុស្ស​ដែល​សមត្ថកិច្ច​ប្រដាប់​អាវុធ​បង្ក្រាប​រយៈពេល​២​ថ្ងៃនេះ​ គឺជា​ក្រុម​ជន​អនាធិបតេយ្យ​

1/03/2014 0 Comments A+ a-

CNRP-03-01
​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៤​នេះ​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ​ ដោយ​ចាត់​ទុក​មនុស្ស​ដែល​សមត្ថកិច្ច​ប្រដាប់​អាវុធ​បង្ក្រាប​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​ គឺ​ថ្ងៃ​ទី​០២-០៣​ ខែមករា​ ឆ្នាំ​២០១៤​ ជា​ក្រុម​ជន​អនាធិបតេយ្យ​ដែល​បាន​ដើរ​បង្ក​ការ​អុកឡុក​ ញុះញង់​អូស​ទាញ​ និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​ កម្មការិនី​នៅ​តាម​រោងចក្រ​ សហគ្រាស​ និង​បិទផ្លូវ​សាធារណៈ​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សកម្មភាព​បង្ក​ការ​អុកឡុក​ ញុះញង់​ អូស​ទាញ​ ប្រើ​អំពើ​ហិង្សា​ និង​បិទផ្លូវ​សាធារណៈ​នេះ​ បាន​ឈាន​រហូត​ដល់​មានការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ ដែល​កំពុង​បំពេញភារកិច្ច​ថែរក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ពិសេស​ការ​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ជូន​កម្មករ​ កម្មការិនី​ ក៏​ដូច​ជា​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ទ្រព្យសម្បត្តិ​ឯកជន​ ។​ ការ​ប៉ះទង្គិច​នេះ​បាន​កើតឡើង​ចំនួន​២​លើក​នា​ព្រឹក​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៤​ នៅ​រោងចក្រ​យ៉ាង​ជី​ង​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បណ្តាល​ឲ្យ​មាន​រង​របួស​ទាំង​កងកម្លាំង​មាន​សមត្ថកិច្ច​ ទាំង​ក្រុម​អនាធិបតេយ្យ​មួយ​ចំនួន​ ។​ ក្នុង​ហេតុការណ៍​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ចំនួន​១០​នាក់​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ។​ ទន្ទឹម​នោះ​ នា​រាត្រី​ថ្ងៃ​ទី​០២​ និង​ព្រឹក​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៤​ នៅ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ឋិត​នៅ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ​ ក្រុម​អនាធិបតេយ្យ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ ដោយ​បិទផ្លូវ​ ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​ គំរាមកំហែង​ដល់​អ្នក​វិនិយោគ​ ដែល​ឋិត​ក្នុង​បុរី​សួន​កា​ណា​ឌី​យ៉ា​ និង​បុរី​សួន​វឌ្ឍនៈ​ ព្រមទាំង​គំរាម​ដុត​បំផ្លាញ​រោងចក្រ​នៅ​ក្នុង​តំបន់​នោះ​ថែម​ទៀត​ ។​ ឋិត​ក្នុង​ស្ថានភាព​ប្រកបដោយ​ហានិភ័យ​ខ្ពស់​បែប​នេះ​ បាន​ចាប់បង្ខំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​បំបែក​ក្រុម​អនាធិបតេយ្យ​បង្ក​ហិង្សា​ទាំងនោះ​ រហូត​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​មានការ​រង​របួស​ដល់​សមត្ថកិច្ច​ និង​ក្រុម​ជន​អនាធិបតេយ្យ​មួយ​ចំនួន​ ។​
​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ សកម្មភាព​ហិង្សា​ទាំងនេះ​មិនមែន​ផ្តើម​ចេញពី​កម្មករ​ កម្មការិនី​របស់​យើង​ទេ​ ធាតុ​ពិត​មានការ​ឆ្លៀតឱកាស​របស់​មជ្ឈដ្ឋាន​ពី​ខាងក្រៅ​ ពិសេស​អ្នកនយោបាយ​ ឆ្លៀត​ប្រើប្រាស់​ឆន្ទៈ​របស់​កម្មករ​ កម្មការិនី​ ដើម្បី​អុជអាល​ ញុះញង់​ បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​ ចលាចល​ និង​អំពើ​ហិង្សា​ ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​ កម្មការិនី​ អ្នក​វិនិយោគ​ និង​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ។​
​ជាមួយ​គ្នា​នេះ​ដែរ​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ធ្វើការ​ប្រកាស​ថ្កោលទោស​ចំពោះ​សកម្មភាព​យ៉ាង​កំរោល​ខាងលើ​ និង​សូម​អំពាវនាវ​ជនរួមជាតិ​ ជា​ពិសេស​បងប្អូន​កម្មករ​ កម្មការិនី​ មេត្តា​រក្សា​ភាព​ស្ងប់ស្ងៀម​ និង​អញ្ជើញ​ចូល​ធ្វើ​ការងារ​តាម​រោងចក្រ​ សហគ្រាស​ក្នុង​ជីវភាព​ធម្មតា​ឡើង​វិញ​ ដើម្បី​ទុក​ពេល​ជូន​រាជរដ្ឋាភិបាល​ រួម​ជាមួយ​សហជីព​ កម្មករ​ និង​សមាគម​កាត់ដេរ​ធ្វើការ​ពិគ្រោះ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ប្រាក់​ឈ្នួល​គោល​អប្បបរមា​បន្ត​ទៀត​ ។​
​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ព្រឹត្តិការណ៍​អំពើ​ហិង្សា​នា​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៤​នេះ​ គឺ​សមត្ថកិច្ច​ប្រដាប់​អាវុធ​បាន​ផ្ទុះអាវុធ​ ធ្វើ​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ខុស​ពី​ព័ត៌មាន​ដែល​បាន​ប្រកាស​ដោយ​សាលា​រាជធានី​ភ្នំពេញ​ ត្រឹម​មាន​អ្នក​របួស​ប៉ុណ្ណោះ​នោះ​ ៕​ប្រភព ពីដើមត្នោត
CNRP-03.jpgss
CNRP-03-01City-Hall-03_Page_1City-Hall-03_Page_2