បារាំង​ប្រតិកម្ម​នឹង​អំពើ​ហិង្សា​នៅ​វេង​ស្រេង បន្ទាប់​ពី អ.ស.ប និង​អាមេរិក

1/05/2014 0 Comments A+ a-

បារាំងបានសម្ដែងការសោកស្ដាយ ជុំវិញអំពើហិង្សាយ៉ាងរង្គាល ដែលបានកើតឡើង កាលពីថ្ងៃសុក្រទី០៣ ខែមករា នៅតាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ហើយប្រទេសមហាអំណាចមួយនេះ បានអះអាងឡើងវិញ នូវ​គោលការណ៍របស់ខ្លួន ក្នុងការគាំទ្រ«សេរីភាពនៃការធ្វើបាតុកម្ម ដោយសន្តិវិធី»។

ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ - អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក រ៉ូម៉ាំង ណាដាល់ (Romain Nadal) បានថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ទី០៤ខែមករា ឆ្នាំ២០១៤នេះថា «ប្រទេសបារាំងបានតាមដាន ​យ៉ាងយក​ចិត្តទុកដាក់ ស្ថានការណ៍នានានៅប្រទេសកម្ពុជា។ ប្រទេសបារាំងបានសម្ដែងការសោកស្ដាយ ជុំវិញអំពើហិង្សា ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន ហើយសូមបញ្ជាក់ជាថ្មីនូវគោលការណ៍របស់ខ្លួន ក្នុង​ការគាំទ្រសេរីភាពនៃការធ្វើបាតុកម្មដោយសន្តិវិធី។»
មន្ត្រីការទូតជាន់ខ្ពស់បារាំងរូបនេះបានបន្ថែមថា «វាមានសារសំខាន់ណាស់ ដែលការជជែកពិភាក្សា​នយោបាយ​មួយ ត្រូវចាប់ធ្វើឡើងវិញជាបន្ទាន់ សម្រាប់ឲ្យភាគីដែលមិនចុះសម្រុងគ្នា ធ្វើការដើម្បីជាតិទាំងអស់គ្នា នៅក្នុងភាពស្ងប់​ស្ងៀមនិងការអត់ធ្មត់»។
ប្រតិកម្មប្រតិកម្មរបស់បារាំង បានធ្លាក់ចុះមក នៅក្រោយបន្ទាប់ពីមានការបង្ក្រាបដោយឈាម របស់កងកម្លាំង​របស់​អាជ្ញាធរ ដោយបានបាញ់កាំភ្លើងគ្រាប់ពិត ទៅលើបាតុករដៃទទេ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅតាម​បណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ បណ្ដាលមានមនុស្សស្លាប់យ៉ាងហោចប្រាំនាក់ និងជាង២០នាក់​ទៀតរង​របួស។ ក្នុងព្រឹត្តិការណ៍នេះ មនុស្សជាង១០នាក់ ក៏ត្រូវបានគេចាប់ឃាត់ខ្លួនដែរ។
អាមេរិកថ្កោលទោស ការប្រើប្រាស់ហិង្សា
ប៉ុន្តែប្រតិកម្មរបស់ប្រទេសបារាំង បានធ្លាក់ចុះមកក្រោយមួយថ្ងៃ និងខុសពីប្រតិកម្មរបស់សហរដ្ឋអាមេរិក ដែល​បានថ្កោលទោសការប្រើប្រាស់នៃអំពើហិង្សាខាងលើ។
ឧប​ការីនៃអ្នកនាំ​ពាក្យរបស់​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ​​ ​លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) ​ក្នុង​សនិ្នសីទ​សារព័ត៌មានមួយ នៅទីស្ដីការ​ក្រសួង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​នា​ល្ងាចថ្ងៃសុក្រ​ទី០៣ ខែមករា បានថ្លែងបញ្ជាក់ថា «សហរដ្ឋ​អាមេរិក​មាន​ការ​សោកស្តាយ​យ៉ាង​ ខ្លាំង ​ចំពោះ​ការបាត់​បង់​ជីវិត​មនុស្ស​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​អំឡុង​ពេល​ប្រឈមមុខគ្នា​ដោយ​ហិង្សា ​រវាង​បាតុករ​និង​កងកម្លាំង​របស់អាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល។ យើង​ថ្កោល​ទោស ​ចំពោះ​ការ​ប្រើប្រាស់​ហិង្សា​យក​មក​ធ្វើ​ជា​មធ្យោបាយ ​ក្នុងការ​សម្រេច​នូវ​គោល​ដៅ​នយោបាយ​ ឬ​អ្វីៗ​ផ្សេង​ទៀត ហើយ​ទទូច​ឱ្យ​គ្រប់​ភាគី​ទាំងអស់ ​ខិតខំ​អត់​ធ្មត់​ឱ្យ​បាន​ជា​អតិ​បរិមា​ និង​បង្ហាញ​នូវ​ការ​គោរព​ច្បាប់។»
​លោក​ស្រី ម៉ារី ហាហ្វ បានថ្លែងទៀតថា «យើងបានទទូច ​សុំ​ឱ្យ​សហជីព​ និង​រដ្ឋាភិបាល​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​សម្រេច​បាន ​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី លើ​ការមិនចុះ​សម្រុង​គ្នា​ផ្នែក​ការងារ ហើយយើង​កំពុង​តែ​ធ្វើការយ៉ាង​សកម្ម​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ អ្នកនាំ​ចេញ អ្នក​បញ្ជាទិញ​ អង្គការ​ពលកម្ម​អន្តរជាតិ ​និង​ជាមួយ​សហជីព​កម្មករ​កម្ពុជា​លើ​បញ្ហា​នេះ​»។
អ្នករាយការណ៍ អ.ស.ប ស្នើសុំឲ្យមានការស៊ើបអង្កេត
ដោយឡែក លោក សូរិយ៉ា ស៊ូបែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការ​សហប្រជាជាតិ ប្រចាំនៅប្រទេសកម្ពុជា បានលើកមកបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ថា «វាត្រូវតែ​មានការស៊ើបអង្កេតឆាប់រហ័ស និងឯករាជ្យមួយ ដើម្បីរកឲ្យឃើញថា កម្លាំងដ៏ហួសហេតុរបស់អាជ្ញាធរ ត្រូវបាន​ប្រើប្រាស់នៅពេលនេះ និងកាលពីពីរលើកមុនផង»។
ជាមួយនឹងការព្រួយបារម្ភរបស់លោក នៅចំពោះការប្រឈមមុខគ្នាយ៉ាងតឹងតែង រវាងកងកម្លាំងរបស់អាជ្ញាធរ និង​ក្រុមបាតុករ រហូតដល់មានការបាត់បង់ជីវិតនេះ អ្នករាយការណ៍របស់អ.ស.ប ប្រចាំនៅកម្ពុជារូបនេះ បានទទូចទៅ​គ្រប់ភាគី បង្ហាញនូវភាពអត់ធ្មត់ជាអតិបរិមា ជាពិសេសពីសំណាក់ភាគីអាជ្ញាធរចំពោះក្រុមបាតុករ។ លោកបានឲ្យ​ដឹងទៀតថា «នៅគ្រប់ការប្រើប្រាស់កម្លាំង ត្រូវតែស្របទៅនឹងគោលការណ៍នៃច្បាប់ ភាពចាំបាច់ដែលត្រូវប្រើ និង​សមាមាត្រទៅនឹងប្រតិបត្តិការរបស់វា»។
លោក ស៊ូប៊ែឌី ក៏បានលើបញ្ជាក់ផងដែរពី សកម្មភាពហិង្សាទាំងឡាយដែលបាតុករបានធ្វើដូចជាការគប់នឹងដុំថ្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន ឬសាធារណៈ។ លោកបានស្នើសុំថា «ទោះជាការទាមទារតវ៉ា ស្ថិតក្នុង​សភាពបែបណាក៏ដោយ សូមឲ្យមានការអត់ធ្មត់ឲ្យបានខ្លាំងជាទីបំផុត។ (...) ការធ្វើបាតុកម្មនេះ មានជារៀង​រាល់​ថ្ងៃនៅប្រទេសកម្ពុជា។ គេត្រូវរីករាយ ដែលឃើញថាប្រជាជនកម្ពុជាចេះប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការទាមទារ​តវ៉ា ប៉ុន្តែការទាមទារទាំងនេះ ត្រូវតែធ្វើដោយសន្តិវិធី។ »
ប៉ុន្តែប្រតិកម្ម និងសេចក្ដីថ្លែងការណ៍ទាំងនេះ ទំនងជាបានស្ថិតនៅលើតែក្រដាសប៉ុណ្ណោះ មិនសូវជាទទួលការ​ចាប់អារម្មណ៍អ្វីឲ្យច្រើនឡើយ ដោយសារាថ្ងៃសៅរ៍នេះដដែល អាជ្ញាធររាជធានីភ្នំពេញបានចូលទៅបំបែក បន្ទាយ​បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅលើទីលានប្រជាធិបតេយ្យជាស្ថាពរ ហើយបានព្រមានចាត់​វិធានការលើក្រុមមេដឹកនាំ និងអ្នកទទួលខុសត្រូវរបស់គណបក្សប្រឆាំង។ ពួកគេ ត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ កោះហៅទៅសាកសួរម្ដងម្នាក់ៗ នៅ​ថ្ងៃទី១៤ខែមករា​ខាង​មុខ។ រាល់ការធ្វើបាតុកម្ម ឬការជួបជុំណាក៏ដោយ ត្រូវបានហាមឃាត់ រហូតមានបទ​បញ្ជា​ជាថ្មី៕
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ