ស្ថានភាព​នយោបាយ​ខ្មែរ លើ​​បណ្ដាញព័ត៌មានពិភពលោក

1/04/2014 0 Comments A+ a-

ស្ថានភាព​នយោបាយ​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បានទាក់ទាញ​​បណ្ដាញ​​ព័ត៌មាន​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​​នៅ​ជុំវិញ​ពិភពលោក ​​អោយ​​តាមដាន​​​យ៉ាង​យក​ចិត្ត​ទុកដាក់​ និង​បាន​ចុះផ្សាយ​​ជា​បន្តបន្ទាប់​​​នូវ​ការវិវឌ្ឍន៍​នានា​ពិសេស​​អំពើ​ ហឹង្សា​កាលពី​ព្រឹកថ្ងៃ​សុក្រ​នេះ។

សម្រាប់​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​​មួយ​ដែល​ចូល​ខ្លួន​មក​បកស្រាយ​ស្ថានការណ៍​នយោបាយ​កម្ពុជា​មុន​គេ​ គឺ​បណ្ដាញ​សារព័ត៌មាន​​ ​channelnewsasia។ ​​សារព័ត៌មាន​ផ្លូវការ​ដ៏​ពេញ​និយម​បំផុត​មួយ​របស់​​សិង្ហបុរី​​មួយ​នេះ​បាន ​ចុះផ្សាយ​ស្ថានការណ៍​នយោបាយ​​​​កម្ពុជា​ ដោយ​លើក​យក​ការ​ប៉ះទង្គិច​គ្នា​របស់​កម្មករ​និង​ប៉ូលិស​​ដែល​បាន​កើតឡើង​នៅ​ ផ្លូវ​ វ៉េងស្រេង​នៅ​​ថ្ងៃ​សុក្រ​ទី០៣ ​ខែ​​មករា​នេះ ដែល​បាន​បណ្តាល​ឲ្យ​​កម្មករ​ចំនួន​៣នាក់​បាន​ស្លាប់ និង​រងរបួស​ជា​ច្រើន​នាក់​។

មិន​ខុស​ពី​បណ្ដាញ​សារព័ត៌មាន​​ខាងលើ​ ​មាន​បណ្ដាញ​សារព័ត៌មាន​ពិភពលោក​ដ៏​ល្បី​មួយ​របស់​អាមេរិក គឺReuters ក៏ ​បាន​លើក​​យក​ស្ថានការណ៍​នយោបាយ​កម្ពុជា​មក​ចុះផ្សាយ​ផង​ដែរ។ សារព័ត៌មាន​នេះ​បាន​ចាប់​អារម្មណ៍​លើ​ការ​ប៉ះទង្គិចគ្នា​​រវាង​ប៉ូលិស និង​កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​នៅ​សួន​រោងចក្រ​កាណាឌីយ៉ា​ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​ជាប់ៗគ្នា​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និង​រង​របួស​ជា​ច្រើន​នាក់​​គិត​មក​ដល់​ថ្ងៃ​​​សុក្រ​ទី៣​នេះ ​។
ងាក​មក​មើល​សារព័ត៌មាន​ពិភពលោក​​ដ៏​ល្បី​ចំនួន​ពីរ​របស់​អង់គ្លេស​គឺ​ BBC និង Theguardian វិញ​ក៏​មិន​មើល​រំលង​ដែរ​នូវ​ព្រឹត្តិការណ៍​ក្តៅ​ៗ​ពី​​ព្រឹត្តិការណ៍​​នៃ​ ការ​ប៉ះទង្គិច​គ្នា​របស់​ប៉ូលិស​និង​កម្មករ​កាត់ដេរ​នៅ​​រោងចក្រ​សួន​ កាណាឌីយ៉ា​​​នៅ​ថ្ងៃ​សុក្រ​ទី​៣​នេះ ដែល​បង្ក​ឲ្យ​មាន​អ្នក​​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់ ខណៈ​ដែល​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ​នៅ​តែ​មាន​​​ស្ថានការណ៍​​ តឹងតែង​នៅ​ឡើយ។
ទន្ទឹម​នឹង​នេះ ​​បណ្ដាញ​សារព័ត៌មាន​ផ្លូវរដ្ឋ​របស់​យក្ស​អាស៊ី​គឺ Xinhua របស់​ចិន​​វិញ ក៏​មិន​បង្អែបង្អង់​ដែរ ពោល​គឺ​សារព័ត៌មាន​មួយ​នេះ​បាន​លើក​យក​ទិដ្ឋភាព​នៃ​ការ​ប៉ះទង្គិចគ្នា​នៃ​​​ ហ្វូង​បាតុក​​រាប់​ពាន់​នាក់​​​ជា​មួយ​នឹង​កងកម្លាំង​ប៉ូលិស​នៅ​សួន​រោងចក្រ ​កាណាឌីយ៉ាង​មក​ទល់​នឹង​​រសៀល​ថ្ងៃ​សុក្រ​​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់ ខណៈដែល​អាជ្ញាក្រុង​ភ្នំ​ពេញ​ទើប​នឹង​បាន​ប្រកាស​ដាក់​ផ្លូវ​វ៉េងស្រេង​ជា​ តំបន់​គ្រោះ​ថ្នាក់​​​។

ជុំវិញ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ដ៏​តឹងតែង​នេះ​ សារព័ត៌មាន​ដ៏​ល្បី​​មួយ​ទៀត​របស់​អាមេរិក​គឺ​ TheNewYorkTime ក៏​ បាន​​ចាប់​អារម្មណ៍​លើ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។ ​សារព័ត៌មាន​​នេះចុះ​ផ្សាយ​ពី​​ការ​ប៉ះទង្គិចគ្នា​របស់​​ក្រុម​បាតុករ​​ រាប់ពាន់​នាក់​ ជា​មួយ​នឹង​កងកម្លំាង​សមត្ថកិច្ច​នៅ​សួន​រោងចក្រ​កាណាឌីយ៉ា​​ដើម្បី​ទាមទារ​ ឲ្យ​មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​លើ​ការ​ដំឡើង​ប្រាក់​ខែ​ជួន​កម្មករ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​រង​របួស​ជា​ច្រើន​នាក់​។

ការ​ប្រមូល​ផ្តុំ​ទាមទារ​របស់​ក្រុម​បាតុករ​​​នៅ​ទីក្រុង​ភ្នំ​ពេញ​ ម្សិលមិញ និង​ថ្ងៃ​នេះ​​ ក៏​មិន​បាន​ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ផ្លូវការ​ដ៏​ធំ​បំផុត​មួយ​នៅ​ដែន​ មជ្ឈិម​បូព៌ា Aljazeera មើល ​រំលង​ផង​ដែរ។ដោយ​បាន​ដាក់​ចំណងជើង​ធំៗ​លើ​ទំព័រ​មុខ បណ្ដាញ​សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាតារ​មួយ​នេះ  បាន​លើក​យក​ព្រឹត្តិការណ៍​នៃ​ការ​បើក​ការ​វាយប្រហារ​របស់​ប៉ូលិស​ទៅ​លើ​​ ក្រុម​កម្មករ ​ទាមទារ​តវ៉ា​ដំឡើង​ប្រាក់ខែ នៅ​សួន​រោងចក្រ​កាណាដីយ៉ា​​​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ដែល​បាន​បណ្ដាល​ឲ្យ​ មាន​មនុស្ស​ស្លា៣​ និង​រង​របួស​ជា​ច្រើន​នាក់​ ដែល​ក្នុង​នោះ​ក៏​មាន​ប៉ូលិស​ជា​ច្រើន​នាក់​ត្រូវ​រង​របួស​ផង​ដែរ។
​​
ស្ថានការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​ រវាង​កម្មករ​ និង​ប៉ូលិស​នៅ​ថ្ងៃ​ថ្ងៃ​សុក្រ​​​នេះ ក៏​មិន​បា​ន​ធ្វើ​ឲ្យ​​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃThenation មើល ​រំលង​នោះ​ដែរ។ ​សារព័ត៌មាន​នេះ​បាន​ចាប់អារម្មណ៍​ដោយ​បាន​ចុះ​ផ្សាយ​ពី​ចំនួន​អ្នក​រង​របួស ​ក្នុង​បាតុកម្ម​​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ ដែល​ត្រូវ​បាន​បង្ក្រាប​ដោយ​ប៉ូលិស។ ក៏ប៉ុន្តែ ខ្លួន​​មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​នោះ​ឡើយ ខណៈ​ដែល​សារព័ត៌មាន​ពិភពលោក​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ចំនួន​អ្នក​ស្លាប់​ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ។


​​​
ចំណែក​ឯ​សារព័ត៌មាន​អន្តរជាតិ​ចុងក្រោយABC News ​របស់ ​អាមេរិក​ក៏​​បាន​ចាប់​អារម្មណ៍​លើ​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា​​ដូចគ្នា​ នេះ ដោយ​លើក​យក​ការ​ទាមទារ​របស់​ក្រុម​បាតុករ​រហូត​ដល់​មាន​អំពើ​ហិង្សា​ ប៉ះទង្គិច​គ្នា​រវាង​ ក្រុម​កម្មករ​កាត់ដេរ និង​ប៉ូលិស ​ដែល​បាន​និង​កំពុង​កើត​មាន​យ៉ាង​ក្តៅ​គគុក​នៅ​ផ្លូវ​វ៉េងស្រេង​ ក្នុង​សួន​រោងចក្រ​កាណាឌីយ៉ា  ខណៈ​ដែល​កម្មការ​​៣​នាក់​ត្រូវ​បាន​ខ្លួន​រាយការណ៍​មក​ថា​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស៕​
ប្រែសម្រួល៖ Narin