បុរស​អ្នក​ជីក​ជន្លេន​លក់​ម្នាក់​ត្រូវបាន​ប្រពន្ធ​ប្រទះឃើញ​ដេកស្លាប់​នៅក្រោម​អង្រឹង​

12/26/2013 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង: បុរស​ម្នាក់​ស្ថិតក្នុង​គ្រួសារ​ដ៏​ក្រីក្រ​មួយ ដែលមាន​មុខរបរ​ជីក​ជន្លេន​លក់ បាន​ស្លាប់ចោល​ប្រពន្ធ​និង​កូន​៥​នាក់​។ បុរស​រូបនេះ ត្រូវបាន​ប្រពន្ធ​ប្រទះឃើញ​ដេក​បែកពពុះមាត់​ស្លាប់​នៅក្រោម​អង្រឹង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ក្រោមផ្ទះ​របស់ខ្លួន ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។ 
​បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ ស៊ឹម រឿន អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ាញ ណាត អាយុ​៣២​ឆ្នាំ និង​មានកូន​៥​នាក់​នៅក្នុង​បន្ទុក​។
​ស្ត្រី​ជា​ប្រពន្ធ​សព បាន​ប្រាប់​អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៥ ប្តី​របស់គាត់​បាន​ប្រាប់​គាត់​ថា មិន​ស្រួលខ្លួន និង បាន​ដេញ​គាត់​អោយទៅ​ជីក​ជន្លេន ដើម្បី​យកមក​លក់ ទិញ​អង្ករ ដាំបាយ​អោយ​កូន​ហូប​។ នៅពេលដែល​រូបគាត់​ចាក​ចេញទៅ​ជីក​ជន្លេន ប្តី​របស់គាត់​បាន​ដេក នៅលើ​អង្រឹង ក្រោមផ្ទះ ស្រាប់តែ​នៅពេលដែល​គាត់​ត្រឡប់​មកពី​ជីក​ជន្លេន​វិញ ឃើញ​ប្តី​ដេក​បែកពពុះមាត់​ស្លាប់ នៅក្រោម​អង្រឹង​និង​បាន​ស្រែក​អោយ​អ្នកភូមិ​ជួយ ក៏​ផ្អើល​ឆោឡោឡើង​។
​ស្ត្រី​ឈ្មោះ​ម៉ាញ ណាត បាន​អោយដឹងទៀតថា គាត់​សព្វថ្ងៃនេះ​គ្មាន​មុខរបរ​អ្វី​ពិត ប្រាកដ​ទេ សព្វថ្ងៃនេះ រស់នៅ​សង្ឃឹម​ទៅលើ​ប្តី​តែ​ម្នាក់​គត់ ដោយ​គាត់ ដើរ​ស៊ីឈ្នួល​ធ្វើការ​អោយគេ ហើយ​បើ​គ្មាន​គេ​ហៅ​ទៅ​ធ្វើការ​ទេ ប្តី​របស់គាត់ បាន​ទៅ​ជីក​ជន្លេន​យកមក​លក់ បាន​ប្រាក់​បន្តិចបន្តួច គ្រាន់តែ​ដាំបាយ​អោយ​កូន​ហូប​តែប៉ុណ្ណោះ​។
​ចំពោះ​ការធ្វើ​បុណ្យសព​ប្តី គាត់​គ្មាន​លុយ​មួយ​រៀល​ទេ​បាន​លោក​មេឃុំ​ជួយឧបត្ថម្ភ អង្ករ​ចំនួន​៦០​គីឡូក្រាម និង លុយ​ចំនួន​១០​ម៉ឺន​រៀល និង​សប្បុរសជន​ជួយឧបត្ថម្ភ​ចំនួន​១០ ម៉ឺន​រៀល​ផងដែរ​។​
​ស្ត្រី​រូបនេះ​បាន​អំពាវនាវ ដល់​សប្បុរសជន ទាំងឡាយ​មេត្តាជួយ​ឧបត្ថម្ភ​ដល់​ក្រុម គ្រួសារ​គាត់​ផង ពីព្រោះ​សព្វថ្ងៃនេះ​ជួប​ការលំបាក​ខ្វះខាត​យ៉ាងខ្លាំង ឥឡូវនេះ​ប្តី​ស្លាប់ចោល​ទៀត ធ្វើអោយ​គ្រួសារ​គាត់​ជួប​ការលំបាក​ធ្វេ​រ​ឡើង​៕R/c​
ស្រ្តីជាប្រពន្ធ រួមជាមួយកូនតូចៗទាំង៥នាក់ អង្គុយជិតសពប្តីនិងឪពុក

ប្រភពពី CEN