ប្រធាន IMF ព្រមានពីអន្តរកាលធំមួយក្នុង ហិរញ្ញវត្ថុសាកលនិងហានិភ័យនៃទំហំបំណុលរបស់អាមេរិក
ការវាយប្រហារភេរវកម្មដោយគ្រាប់បែកមួយចំនួនបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៩នាក់ និងជាង៦០នាក់ត្រូវរបួសកាលពីថ្ងៃទី១០ តុលា នៅទីក្រុងជាច្រើនរបស់ប៉ាគីស្ថាន ។ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា ការផ្ទុះមួយក្នុងចំណោមការវាយប្រហារទាំងនេះបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥នាក់ ហើយមនុស្ស៣៥នាក់ទៀតត្រូវរបួសនៅក្រុងកេតា ទីប្រជុំជនខេត្តបាលូតជីស្ថាននាភាគនិរតីប្រទេស ។
គ្រាប់បែកកំណត់ម៉ោងផ្ទុះមួយគ្រាប់ដាក់ជាប់នឹងកង់១គ្រឿងដែលទុកចោលនៅភាគកណ្តាលក្រុងបានផ្ទុះនៅជិតបុ៉ស្តិ៍ប៉ូលិសមួយ និងផ្សារមានមនុស្សកុះករមួយ ។ ការផ្ទុះពិតជាខ្លាំងក្លាដោយយោងតាមអ្នកជំនាញការខាងដោះមីនថា មានរំសេវផ្ទុះដល់ទៅប្រមាណជា៦គីឡូក្រាម ។
ខេត្តបាលូជីស្ថាននៅជាប់ព្រំដែនអាហ្វហ្គានីស្ថាន និងអុីរ៉ង់ ជាខេត្តធំមួយបុ៉នប្រទេសអុីតាលីនោះ តែងរងការវាយប្រហារភេរវកម្មជាប់រដឹកពីសំណាក់ពួកឧទ្ទាម ពួកតាលីបង់ ឬពួកចោរព្រៃ ។ នៅភាគខាងកើតប្រទេស ការវាយប្រហារដោយគ្រាប់បែកក្នុងផ្សារមួយនៃទីក្រុងឡាហ័រ ខេត្តបញ្ចាបបណ្តាលឱ្យប៉ូលិសម្នាក់ស្លាប់ ហើយមនុស្ស១៣នាក់ទៀតត្រូវរបួស ។ ការវាយប្រហារភេរវកម្មទី៣ កើតមាននៅទីក្រុងប៉េសាវ៉ាទីប្រជុំជនខេត្តឃីប័រ ប៉ាក់ទូនក្វាភាគពាយ័ព្យប្រទេសដែលពួកតាលីបង់មានសកម្មភាពខ្លាំងស្ថិតនៅជាប់ព្រំដែនអាហ្វហ្គានីស្ថាន ។
ប៉ូលិសម្នាក់បានត្រូវរបួសដោយសារការផ្ទុះគ្រាប់បែក១គ្រាប់ដាក់នៅតាមផ្លូវថ្នល់មួយនាជាយទីក្រុងនោះ ។ នៅខេត្តនេះដែរ ទាហាន១២នាក់ត្រូវរបួសពេលរថយន្តល្បាតពួកគេរងការផ្ទុះគ្រាប់បែក១គ្រាប់ក្នុងតំបន់បាននូ។នៅទីក្រុងការ៉ាជីជាទីក្រុងធំបំផុតរបស់ប៉ាគីស្ថាននាភាគខាងត្បូងប្រទេស ពួកបះបោរ៣នាក់ស្លាប់ដោយសារគ្រាប់បែកដាក់ជាប់ខ្លួនពួកគេផ្ទុះក្នុងសង្កាត់មួយ ៕