សហភាពអឺរ៉ុបកោតសរសើរ កម្ពុជាដែលបានធ្វើជាគំរូ ក្នុងការលុបចោលទោសប្រហារជីវិត
ប្រទេសកម្ពុជាកំពុងបន្តធ្វើជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងទោសប្រហារជីវិត និងអាចមានមោទនភាពណាស់ចំពោះរបៀបដែលខ្លួនបានដកស្រង់មេរៀនពីអតីតកាល។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរប៉ុណ្ណោះនៅក្នុងអាស៊ាន ដែលបានលុបចោលទោសប្រហារជីវិត និងមានរយៈកាលនៃការលុបចោលបន្តឥតដាច់អស់រយៈពេលយូរបំផុត ដោយហាមឃាត់ទោសប្រហារជីវិតចំពោះបទឧក្រិដ្ឋទាំងអស់ ចាប់តាំងពីឆ្នាំ ១៩៨៩ មកម្លេះ ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី ១០ តុលានេះ ដែលជាថ្ងៃប្រារព្ធខួបទី ១១ នៃទិវាពិភពលោកប្រឆាំងនឹងទោសប្រហារជីវិត។
សេចក្តីថ្លែងការណ៍បន្តទៀតថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនម្តងហើយម្តងទៀតចំពោះការលុបចោលទោសប្រហារជីវិត។
សហភាពអឺរ៉ុប និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សសូមសរសើរដល់កម្ពុជាចំពោះករណីនេះ ។
បើយោងតាមសហភាពអឺរ៉ុប ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះ ចំនួនប្រទេសដែលបានលុបចោល ទោសប្រហារជីវិត បានកើនឡើងពី ៥៥ ទៅដល់ ៩៧ ។ បច្ចុប្បន្ននេះ ប្រទេសជាង ១៥០ ពោលគឺជាង ២/៣ នៃប្រទេសនៅក្នុងពិភពលោក បានលុបចោលទោសប្រហារជីវិតឬមិនអនុវត្តវា ។
ប្រភពពី វិទ្យុបារាំងអន្តរជាតិ
