អ្នក​ទោស​ជិត​១​ពាន់​នាក់​ ត្រូវ​ជម្លៀស​ចេញ​ពី​ពន្ធនាគារ ​ដោយសារ​ទឹក​លិច

10/11/2013 0 Comments A+ a-

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចាត់​វិធានការ​បញ្ជូន​អ្នក​ទោស​ចំនួន ៨២៣​នាក់ ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដែល​រង​គ្រោះ​លិច​លង់​ដោយ​ទឹក​ជំនន់ ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប ៥០០​នាក់ និង​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង ចំនួន ៣២៣​នាក់។
ការ​ជួយ​សង្គ្រោះ​នេះ​ ចាប់​ផ្ដើម​ឡើង​រសៀល​ម៉ោង ១​រសៀល ថ្ងៃ​ទី​១០ ខែ​តុលា​ ក្រោយ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ជំនន់​ទឹក​ភ្លៀង​ហូរ​ពី​ប្រទេស​ថៃ បុក​បាក់​ជញ្ជាំង​ពន្ធនាគារ​បណ្ដាល​ឲ្យ​លិចលង់ មិន​អាច​អោយ​អ្នក​ទោស​ស្នាក់​នៅ​បាន។
មន្ត្រី​នាំ​ពាក្យ​និង​ជា​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក ឈុំ សុវណ្ណារិទ្ធ ថ្លែង​ថា ​អាជ្ញាធរ​ខេត្ត​ បាន​ប្រើប្រាស់​រថយន្ត ២០​គ្រឿង និង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់​ ចុះ​ជួយ​សង្គ្រោះ​អ្នក​ទោស​ទាំង​នោះ​ចេញ​ពី​ពន្ធនាគារ និង​អម​ដំណើរ​អ្នក​ទោស​យក​ទៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង។
លោក​បន្ត​ថា កន្លង​ទៅ​នេះ​ខាង​ពន្ធនាគារ​បាន​ប្រើប្រាស់​ម៉ាស៊ីន​បូម​ទឹក​ច្រើន​គ្រឿង​បូម​ទឹក​ចេញ ប៉ុន្តែ​ទប់​មិន​ឈ្នះ បណ្ដាល​ឲ្យ​ជញ្ជាំង​គុក​បាក់​ធ្លាយ​ទឹក​លិច​អ្នក​ទោស៖ «ទឹក​វា​ខ្ពស់​ប្រហែល​ជាង ១​ម៉ែត្រ​៣​តឹក​ អ៊ីចឹង​របង​យើង​ទ្រេត ខំ​ទល់​តែ​ទប់​មិន​ឈ្នះ បណ្ដាល​ឲ្យ​បាក់។ ឥឡូវ​ទឹក​ជ្រៅ ឡាន​យើង​ទៅ​យក​អត់​កើត មាន​តែ​ឡាន​ធំ​ដឹក​ចេញ​មក​ពី​ហ្នឹង​មក យើង​មិន​អាច​ប្រលែង​គាត់​ឲ្យ​ដើរ​មក​ទាំង​ហ្វូង​បាន​ទេ ទាល់​ឡាន​ធំ​ចូល​ទៅ​យក​មក​ដាក់​ឡាន​នៅ​ក្រៅ​នេះ»
ទឹក​លិច ពន្ធនាគារ ៦១០
សកម្មភាព​កង​កម្លាំង​សមត្ថកិច្ច​ជម្លៀស​អ្នក​ទោស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​ដោយសារ​​ជន់​ទឹក​លិច នៅ​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៣។ Adhoc Photo</div>

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ុំ ច័ន្ទគារ ដែល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ​ សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​ទោស៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ហ្នឹង មាន​ស្ត្រី មាន​អ្នក​ជំងឺ ហើយ​ចាស់​ជរា និង​ក្មេង​តូច​នៅ​ក្នុង​ពន្ធនាគារ ដែល​ការ​​ជម្លៀស​ហ្នឹង​យឺតយ៉ាវ​ដោយសារ​ពន្ធនាគារ​ហ្នឹង​ទឹក​ជ្រៅ​ពេក ហើយ​ការ​ចេញ​ហ្នឹង​ផ្ទៀង​ម្ដង​មួយៗ។ នៅ​ក្នុង​ពន្ធនាគារ​នោះ​ ឯកសារ​បញ្ជី​ស្នាម​អី​ត្រូវ​បាន​លិចលង់​មួយ​ចំនួន​ដែរ​ ព្រោះ​ទឹក​បាក់​នៅ​ខាង​ជើង​ក្បែរ​បន្ទប់​ឯកសារ»
ទោះ​យ៉ាង​ណា​ រហូត​មក​ដល់​ពេល​មិន​មាន​អ្នក​ទោស​ណា​រង​គ្រោះ​ដល់​អាយុ​ជីវិត​ទេ។ លោក ឈុំ សុវណ្ណារិទ្ធ ​បញ្ជាក់​ថា ថ្វី​ត្បិត​ការ​យក​អ្នក​ទោស​ទាំង​នោះ​មាន​ការ​យឺតយ៉ាវ​និង​លំបាក​បន្តិច​មែន​ ប៉ុន្តែ​ អាជ្ញាធរ​នឹង​ដឹក​ជញ្ជូន​អ្នក​ទោស​នោះ​ឲ្យ​អស់​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ​ខែ​តុលា នេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី