មុនកិច្ចប្រជុំសភាដំបូង គណបក្សជាប់ឆ្នោត ទាំងពីរចោទគ្នាថា រំលោភរដ្ឋធម្មនុញ្ញ
នៅក្នុងសន្និសីទកាសែតផ្សេងគ្នា នៅព្រឹកថ្ងៃសុក្រនេះគណបក្សសង្គ្រោះជាតិបានប្រកាសរក្សាជំហរមិនចូលប្រជុំសភាដដែល ខណៈដែលគណបក្សប្រជាជនកម្ពុជាប្រកាសត្រៀមខ្លួនចូលប្រជុំ។ គណបក្សជាប់ឆ្នោតទាំងពីរនេះក៏បានចោទប្រកាន់គ្នាទៅវិញ ទៅមកថា បានបំពានរដ្ឋធម្មនុញ្ញមាត្រា៨២ថ្មី។ ចំណែកឯ អង្គការសង្គមស៊ីវិលមួយក្រុមក៏បានដាក់លិខិតថ្វាយព្រះមហាក្សត្រពន្យារពេលកិច្ចប្រជុំនេះផងដែរ។
ពីរថ្ងៃមុនកិច្ចប្រជុំសភាដំបូង ដែលគ្រោងបើកធ្វើនៅថ្ងៃទី២៣កញ្ញាខាងមុខលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសបញ្ជាក់ជាថ្មីថាតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សនេះនឹងមិនចូលប្រជុំសភាដំបូងទេ។ លោកសមរង្ស៊ីដែលនៅតែទាមទារឲ្យព្រះមហាក្សត្រពន្យារពេលកិច្ចប្រជុំនេះបានពន្យល់ថា បើយោងតាមមាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញគឺ គណបក្សនយោបាយមានពេលយ៉ាងយូរ៦០ថ្ងៃ ក្រោយពេលបោះឆ្នោត។
សម្រាប់លោកសមរង្ស៊ីពាក្យថា ក្រោយការបោះឆ្នោត គឺគេរាប់ចាប់ពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ពោលគឺចាប់ពីថ្ងៃទី០៨កញ្ញាតទៅ គឺមិនមែនគិតពីថ្ងៃបោះឆ្នោត២៨កក្កដានោះឡើយ។ ក្នុងន័យនេះលោកអះអាងថា គណបក្សនយោបាយ នៅមានពេលប្រមាណជា១ខែទៀត មុនចូលប្រជុំសភាលើកដំបូង។ ប្រធានគណបក្សសង្គ្រោះជាតិអះអាងថា គណបក្សសង្គ្រោះជាតិនៅតែមានឆន្ទៈបន្តការចរចាជាមួយគណបក្សប្រជាជនកម្ពុជាក្នុងអំឡុងពេល ១ខែនេះ។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានអះអាងថា ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែមានះចង់ប្រជុំសភាដំបូង នៅថ្ងៃ២៣កញ្ញាតែម្នាក់ឯង នោះមានន័យថា គណបក្សនេះកំពុងតែរំលោភលើរដ្ឋធម្មនុញ្ញ ហើយកំពុងតែបង្ខំព្រះមហាក្សត្រ។ លោកសម រង្ស៊ីបន្តថា ទាំងគណបក្សប្រជាជនកម្ពុជា និងព្រះមហាក្សត្រមិនចាំបាច់តក់ក្រហល់ ក្នុងការប្រជុំសភាឡើយ។
ប៉ុន្តែ នៅក្នុងសន្និសីទកាសែតមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រនេះដែរ លោកកែវ រ៉េមីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសថា ទោះជាគណបក្សសង្គ្រោះជាតិមិនចូលប្រជុំ ក៏កិច្ចប្រជុំសភាដំបូងនៅតែអាចប្រព្រឹត្តទៅបានដោយគ្មានការជាប់គាំងទេ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះនៅតែអះអាងថា កិច្ចប្រជុំសភាដំបូង នៅថ្ងៃទី២៣កញ្ញានេះ គឺធ្វើឡើងតាមរដ្ឋធម្មនុញ្ញ និងតាមការត្រាស់បង្គាប់របស់ព្រះមហាក្សត្រ។
លោកកែវ រ៉េមីបានចោទគណបក្សសង្គ្រោះជាតិថា មិនគោរពច្បាប់ និងកំពុងធ្វើឲ្យបរិយាកាសក្រោយការបោះឆ្នោតមានលក្ខណៈផុយស្រួយ។ ដោយឡែកអង្គការសង្គមស៊ីវិលមួយក្រុមដែលស្ថិតក្នុងក្រុមបន្ទប់ស្ថានការណ៍នៃការបោះឆ្នោតក៏បានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីសុំឲ្យព្រះអង្គពន្យារពេលកិច្ចប្រជុំនេះដែរ។ សង្គមស៊ីវិលទាំងនោះក៏បកស្រាយច្បាប់ធម្មនុញ្ញដូចគណបក្សសង្គ្រោះជាតិដែរ។ នេះបើយោងតាមលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ