អេននី ហ្សាម ដឹកដៃ ម៉ារីអូ ទៅដើរលេង នៅថៃស្ងាត់ៗ
ភ្នំពេញៈ ថ្មីៗនេះគេសង្កេតឃើញ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ថោន កញ្ញា អេននី ហ្សាម និងតារាចម្រៀងកូនកាត់ចិន ប្រចាំផលិតកម្ម Big Man លោក ម៉ារីអូ បានរំលេចរូបថតជាច្រើនសន្លឹក នៅក្នុងហ្វេសប៊ុករបស់តារាបែបយុវវ័យទាំងពីរដួងនេះ បានបណ្តើរគ្នា ឡើងយន្តហោះបោះពួយ ទៅដើរលេង ប្រទេសថៃស្ងាត់ៗតែពីរនាក់ ។
ក្រោយពីតារាចម្រៀង ជ្រកក្រោមដំបូលខុសគ្នា ទាំងពីរនាក់ គឺកញ្ញា អេននី ហ្សាម និង លោក ម៉ារីអូ បានដឹកដៃគ្នា ឡើងយន្តហោះ ចេញទៅប្រទេសថៃ កាលពីចុងខែសីហា បានធ្វើឲ្យមហាជន មួយចំនួន មានការសង្ស័យ ពីទំនាក់ទំនងសិ្អត ល្មួតរបស់ពួកគេ ថាអាចមានអ្វីទាក់ទង ស៊ីជម្រៅជាងការរាប់អាន ក្នុងសម្ព័ន្ធភាពមិត្តភក្តិ សូម្បីតែការដើរលេង ក៏មានការអាថ៌កំបាំងលួចលាក់ ពោលគឺទៅដើរលេងស្ងាត់ៗ តែពីរនាក់នៅក្រៅប្រទេស ។
ជួបជាមួយ LookingTODAY នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ តារាចម្រៀងកូនកាត់ ស្រីស្រស់វ័យក្មេង អេននី ហ្សាម បានប្រាប់ឲ្យដឹងថា តាមពិតទៅ នាងទទួលស្គាល់ថា កាលពីចុងខែសីហា នាងពិតជាចេញទៅប្រទេសថៃ ជាមួយលោក ម៉ារីអូ មែន ។ តែគ្មានជាការទៅ ដើរលេងបង្កើត ទំនាក់ទំនងអ្វីផ្សេង ដូចការលើកឡើង នោះទេ គឺគ្រាន់តែទៅធ្វើការតែប៉ុណ្ណោះ ។សម្រាប់ការចេញទៅ តែពីរនាក់នេះ ដោយសារតែការងារគេរៀបចំ ឲ្យពួកនាងចេញទៅ ច្រៀងពីរនាក់ មិនមែននាងជ្រើសរើស ឬក៏ជាអ្នករៀបចំខ្លួនឯងទេ..។
កញ្ញា អេននីហ្សាម បានប្រាប់ទៀតថា "ការចេញទៅប្រទេសថៃ គឺខ្ញុំចេញទៅរយៈពេល៣យប់ ច្រៀងឲ្យខាងក្រុមហ៊ុន ហុងដា តែ១ថ្ងៃទេ តែនៅសល់ពេល ខ្ញុំ លោក ម៉ារីអូ និងក្រុមការងារ ក៏ឆ្លៀតពេលដើរលេងខ្លះ នៅទីនោះ ។ បើនិយាយពីទំនាក់ទំនងខ្ញុំ និង ម៉ារីអូ គ្មានលក្ខណៈស៊ីជម្រៅខ្លាំងអីទេ គ្រាន់តែរាប់អានគ្នា ជាមិត្តភក្តិរួមអាជីព ។ ម្យ៉ាងវិញទៀតការខ្ញុំចេញទៅថៃ ក៏មិនបានលាក់កំបាំងអីដែរ ព្រោះខ្ញុំបានថតរូបបង្ហោះ ជាសាធារណៈ នៅលើ Facebook ដែរតើ..?" ។
ជាមួយគ្នានោះ តារាចម្រៀងរូបស្រស់សាច់សររូបនេះ ក៏បានបង្ហើបពីការងារសិល្បៈ របស់នាងថា ការងារសិល្បៈមិន សូវមមាញឹកប៉ុន្មានទេ ព្រោះទើបតែថតបញ្ចប់អាល់ប៊ុបវ៉ុលថ្មីប្លែកជាងមុន ។ ដោយ១វ៉ុលនោះ មានតែស្រីសុទ្ធចំនួនប្រាំនាក់ ។ នៅក្នុងវ៉ុលនោះ មានច្រៀងជាក្រុម១បទ និងច្រៀងដាច់ដោយឡែកពីគ្នាម្នាក់២បទ ។ "ខ្ញុំសង្ឃឹមថា សម្រាប់វ៉ុលថ្មី របស់ផលិតកម្មថោន ពិតជាប្លែក ចំឡែកអារម្មណ៍ទស្សនិកជន ជាក់ជាមិនខាន ហើយសម្រាប់វ៉ុលថ្មីនេះ ត្រៀមចេញលក់ក្នុងពេល ឆាប់ៗនេះហើយ" ៕ ប្រភព ពី Lookingtoday