ចោរស្រីម្នាក់ លូកហោប៉ៅ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ ឲ្យសមត្ថកិច្ច

9/09/2013 0 Comments A+ a-

ព្រះសីហនុ៖ ស្ត្រីវ័យកណ្តាលម្នាក់ ដែលមានជំនាញខាងលូក ហោប៉ៅ ត្រូវបានប្រជាពលរដ្ឋ នៅតាមទីសាធារណៈ និងក្រុមអាជីវករផ្សារ ឃ្លាំងលើ ក្រុងព្រះសីហនុ ឃាត់ខ្លួនបញ្ជូនទៅអោយនគរបាល កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៨និង៥០នាទី បន្ទាប់ពីស្ត្រីរូបនោះ បានធ្វើសកម្មភាព លូកហោប៉ៅ ប្រជាពលរដ្ឋ នៅក្នុងផ្សារឃ្លាំងលើ ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុង ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
តាមការអោយដឹងពីលោក វរសេនីយ៍ត្រី ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានប្រាប់អោយដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៨និង៥០នាទី នៅចំនុចផ្សារឃ្លាំងលើ ស្ថិតក្នុងក្រុមទី៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ មានករណីអំពើលួចមួយកើតឡើង។
ជនរងគ្រោះមានឈ្មោះ លី គឹមស៊ាង ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១០ ភូមិ១ សង្កាត់លេខ១ក្រុង-ខេត្ដព្រះសីហនុ។ រីឯជនសង្ស័យ  ឈ្មោះ ញ៉ែត ង៉ែត ភេទស្រី អាយុ ២៣ឆ្នាំ មុខរបមេរផ្ទះ ស្នាក់នៅក្រុមទី១ ភូមិ១សង្កាត់លេខ ៣ ក្រុង-ព្រះសីហនុ បានធ្វើសកម្មភាពលួចលុយ របស់ជនងគ្រោះ ដែលទុកក្នុង ហោប៉ៅអាវ ចំនួន ១១០ដុល្លា និង៥០.០០០រៀល ខណៈពេលជនរងគ្រោះដើរចូល ទៅក្នុងផ្សារឃ្លាំងលើរកទិញ ចេកថ្វាយលោកយាយម៉ៅ ហើយជនរងគ្រាះដឹងទាន់ ក៏ស្រែកឆោឡោឡើង  ហើយក៏នាំគ្នាចាប់ជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនបន្ត ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ដើម្បីបញ្ជូនទៅសាលាដំបូង ចាត់ការតាមច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល