បក្សប្រឆាំងមិនខ្វល់ នឹងការព្រមានបញ្ចេញ ខ្សែអាត់សំឡេង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទៅកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិថា នឹងបញ្ចេញខ្សែអាត់សំឡេងនៃកិច្ចចរចារវាងគណបក្សទាំងពីរ ប្រសិនណាជាមានការកៀរគរពលរដ្ឋឲ្យធ្វើមហាបាតុកម្មជាថ្មីទៀតនោះ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានច្រានចោលចំពោះការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា នឹងបញ្ចេញខ្សែអាត់សំឡេងនៃការចរចា ដោយចាត់ទុកថា លោក ហ៊ុន សែន កំពុងព្រួយបារម្ភពីសន្ទុះមហាជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកដំបូង នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែកញ្ញា។ ចំណែកមេដឹកនាំបក្សសង្គ្រោះជាតិហាក់ពុំមានការភ្ញាក់ផ្អើលចំពោះការព្រមាននេះឡើយ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានច្រានចោលចំពោះការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា នឹងបញ្ចេញខ្សែអាត់សំឡេងនៃការចរចា ដោយចាត់ទុកថា លោក ហ៊ុន សែន កំពុងព្រួយបារម្ភពីសន្ទុះមហាជន។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីថា នឹងបញ្ចេញខ្សែអាត់សំឡេងនៃការចរចានេះ គឺដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ័យខ្លាច ហើយនេះគ្រាន់តែជាការគំរាមនិងកម្លាទឹកចិត្តប្រជាពលរដ្ឋមិនឲ្យចូលរួមមហាបាតុកម្មតែប៉ុណ្ណោះ។
លោកថា គណបក្សសង្គ្រោះជាតិនៅតែទាមទារបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដដែល៖ «ខ្ញុំថាអត់មានបញ្ហាអីទេ គាត់ចង់ធ្វើអីធ្វើទៅ។ យើងដឹងហើយថា អ្វីដែលយើងបាននិយាយគឺច្បាស់លាស់ណាស់ គឺយើងទាមទារឲ្យមានគណៈកម្មការស្វែងរកការពិត រកយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត កុំតែគាត់កាត់អាហ្នឹងចោល។ បើគាត់ចោល ហើយដាក់ម្ដុំៗ អាហ្នឹងវាចេញមកអ៊ីចឹងមែន ប៉ុន្តែបើដាក់ទាំងអស់មក យើងឃើញច្បាស់លាស់ថា យើងទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត…»។
នៅក្នុងកិច្ចប្រជុំលើកដំបូងនីតិកាលទី៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែកញ្ញា លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងបញ្ចេញភស្តុតាងជាខ្សែអាត់សំឡេងជាសាធារណៈ បើលោក សម រង្ស៊ី និងលោក កឹម សុខា នៅហ៊ានប្រថុយប្រមូលមហាជនធ្វើមហាបាតុកម្មនោះ។ លោកបានបញ្ជាក់ថា ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ នៃមហាបាតុកម្មនោះ លោក សម រង្ស៊ី មិនបានទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតឡើយ តែបានចរចាសុំតំណែងជាប្រធានរដ្ឋសភាដែលផ្ទុយពីឆន្ទៈរាស្ត្រ។
លោក ហ៊ុន សែន៖ «បើសិនគាត់ធ្វើបាតុកម្មទៀត យកអាហ្នឹងទៅចាក់ឲ្យតែម្ដង ឬបង្ហោះតាមហ្វេសប៊ុក (Facebook) តែម្ដង។ ឯកឧត្ដម សម រង្ស៊ី គាត់និយាយថា ទី១ ខ្ញុំឈប់ទាមទារបង្កើតគណៈកម្មការឯករាជ្យដើម្បីស្រាវជ្រាវភាពមិនប្រក្រតីនៃការបោះឆ្នោតហើយ ក្នុងពេលដែលបាតុកម្មគាត់ដាក់សញ្ញាយ៉ាងធំ ដាក់ការទាមទារ។ ចំណុចទី២ គាត់ថា យើងខ្ញុំទទួលហើយ គណបក្សប្រជាជន ៦៨ សង្គ្រោះជាតិ ៥៥ គាត់និយាយរំឭកកន្លែងហ្នឹងពីរបីដងឯណោះ។ បានសេចក្ដីថា គាត់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅលើតុចរចារួចទៅហើយ ត្រង់គាត់ក្បត់ឆន្ទៈ បោកប្រាស់គ្នាគាត់គឺមិនដឹងទេ តែយើងមានសំឡេង។ ចំណុចទី៣ គាត់បាននិយាយថា ខាងខ្ញុំគាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី។ បាតុកម្មមានន័យអីទៀតបើគាត់ទទួលស្គាល់នៅនេះហើយ?»។
ការព្រមានបញ្ចេញខ្សែអាត់សំឡេងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅគ្រាដែលតំណាងរាស្ត្រគណបក្សប្រឆាំងមិនចូលរួមប្រជុំសភាដំបូងកាលពីថ្ងៃទី២៣ កញ្ញា ហើយតំណាងរាស្ត្រគណបក្សប្រជាជន ចូលតែឯកឯងនោះ។ ទន្ទឹមនឹងគ្នានេះ ភាគីម្ខាងទៀតគឺគណបក្សសង្គ្រោះជាតិ បែរប្រកាសជំហរថា មិនយូរប៉ុន្មានទេគណបក្សនេះនឹងកៀរគរមហាជនធ្វើមហាបាតុកម្មម្ដងទៀតដែលមានទ្រង់ទ្រាយធំជាងមុន ដោយមានទាំងក្រុមធ្វើកូដកម្មផង ហើយមានមន្ត្រីរាជការ និងកម្មករធ្វើពហិការមិនចូលធ្វើការក៏មាន។ ប៉ុន្តែគម្រោងបាតុកម្មនេះ នៅមិនទាន់កំណត់ពេលវេលានៅឡើយទេ។
ទាក់ទងបញ្ហានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានមតិថា អ្នកនយោបាយគួរបង្ហាញរបៀបវារៈមុនចូលចរចាគ្នា ដើម្បីជៀសវាងគណបក្សនីមួយៗកេងយកផលចំណេញពីការចរចា ហើយការចរចានេះទៀតសោត គួរតែបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានឃើញនៅទូទាំងប្រទេស និងបង្ហាញលទ្ធផលដែលសម្រេចបាន និងមិនសម្រេចបានអ្វីខ្លះ ធ្វើការព្រមព្រៀងគ្នារួចចុះហត្ថលេខាបង្ហាញឲ្យពលរដ្ឋបានដឹងតាមប្រព័ន្ធផ្សព្វផ្សាយ។ លោកថា ចំណុចទាំងនេះអាចចងរាល់កិច្ចចរចាដែលជៀសវាងការឆ្លើយដាក់គ្នា៕
______________________
ប្រភពពី វិទ្យុអាស៊ីសេរី