ក្រុមបាតុករបក្ស ប្រឆាំងបិទផ្លូវនៅ កំពង់ឆ្នាំងតវ៉ាចូល រួមបាតុកម្មនៅភ្នំពេញ
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ប្រមាណជា ៥០០នាក់ បាននាំគ្នាបិទផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាងមួយម៉ោង បណ្ដាលឲ្យរថយន្តធ្វើចរាចរណ៍នៅលើដងផ្លូវរាប់រយគ្រឿងមានការកកស្ទះ។
ការសម្រេចចិត្តបិទផ្លូវជាតិរបស់ហ្វូងបាតុករនេះ គឺធ្វើឡើងបន្ទាប់ពីមានមន្ត្រីប៉ូលិសចរាចរណ៍ផ្លូវគោក និងកងកម្លាំងប្រដាប់អាវុធចម្រុះខេត្តកំពង់ឆ្នាំង បានព្យាយាមរារាំងរថយន្តដឹកក្រុមបាតុករគណបក្សសង្គ្រោះជាតិ មិនឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅរាជធានីភ្នំពេញ ក្រោមហេតុផលផ្សេងៗ។
«សំឡេងបាតុករស្រែកហ៊ោ»
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍បំពងសំឡេង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា បានស្រែកព្រមានទៅក្រុមសមត្ថកិច្ច ដែលបានឃាត់រថយន្តដឹកក្រុមបាតុករទៅធ្វើមហាបាតុកម្មនៅរាជធានីភ្នំពេញ ថាខ្លួននឹងបិទកំណាត់ផ្លូវជាតិលេខ៥ រយៈពេលបីយប់បីថ្ងៃ ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឲ្យក្បួនរថយន្តរបស់ពួកគាត់ចូលទៅធ្វើមហាបាតុកម្មនៅក្នុងក្រុងភ្នំពេញ ទេនោះ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ សម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មានប្រសាសន៍ថា សកម្មភាពត្រួតពិនិត្យច្បាប់ចរាចរណ៍របស់ក្រុមសមត្ថកិច្ចខេត្តកំពង់ឆ្នាំង នាពេលនេះ គឺជាហេតុផលនយោបាយ និងចង់បន្ទច់បង្អាក់សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ មិនឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅភ្នំពេញ៖ «គេឃាត់ឡានយើងគេយកលេសថា អត់នេះអត់នោះ ប៉ុន្តែយើងបានពន្យល់ថា បើជាអត់នេះអត់នោះ ហេតុអីបានអនុញ្ញាតឲ្យឡានទំនើបៗ សូម្បីតែអត់ស្លាកលេខទៅដែរ អានេះជាបញ្ហាមានការរើសអើងក្នុងការអនុវត្តច្បាប់ គោលបំណងសំខាន់ដែលប៉ូលិសដែលឃាត់យើងហ្នឹង មិនរឿងឃាត់ឡានទេ គឺឃាត់បាតុករមិនឲ្យចូលរួមធ្វើបាតុកម្មនៅភ្នំពេញហ្នឹង ហើយដែលជាហេតុចម្បងដែលខ្ញុំត្រូវធ្វើបាតុកម្មនៅនឹងកន្លែងដែលគេឃាត់ហ្នឹង»។
តំណាងរាស្ត្រជាប់ឆ្នោតម្នាក់ទៀតមកពីមណ្ឌលខេត្តបាត់ដំបង លោក ឡុង ប៊ុត្ដា បញ្ជាក់ថា លោកត្រូវបានក្រុមការងារគណបក្សចាត់ឲ្យមើលការខុសត្រូវ និងសម្រួលផ្នែកចរាចរណ៍ដល់ក្រុមបាតុករធ្វើដំណើរនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចេញពីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីធ្វើមហាបាតុកម្ម ក៏ប៉ុន្តែ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង រារាំង៖ «គឺជាល្បិចគ្រប់យ៉ាង រាល់ដងមិនធ្វើអីចឹងទេ ប៉ុន្តែយ៉ាងម៉េចក៏ដោយក៏ទប់មិនជាប់ដែរនូវទំនោរ និងចំណូលចិត្តរបស់ប្រជាពលរដ្ឋណា៎»។
ចំណែកប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង លោក កែវ ថៃ មានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ឆ្នាំង មានរថយន្តដឹកក្រុមបាតុករជាង ៥០គ្រឿង ស្មើនឹងបាតុករជាង ៥០០នាក់ ក្រៅពីចំនួននេះនៅមានក្រុមបាតុករខ្លះទៀតបានស្ម័គ្រចិត្ដធ្វើដំណើរដោយជិះឡាន ឬម៉ូតូផ្ទាល់ខ្លួន៖ «ជារូបភាពមួយដើម្បីគំរាមកំហែងតែម្ដង ឬក៏បង្អាក់ដំណើរបន្ទច់បង្អាក់ធ្វើឲ្យយើងយឺតយ៉ាវក្នុងការទៅចូលរួមតែប៉ុណ្ណឹងទេ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងមានរយៈពេលបីថ្ងៃ យើងមិនយឺតយ៉ាវទេ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោក អៀ ប៊ុនធឿន បានបដិសេធមិនឲ្យវិទ្យុអាស៊ីសេរី ថតសំឡេង ដោយលោកបញ្ជាក់យ៉ាងខ្លីថា ការត្រួតពិនិត្យច្បាប់ចរាចរណ៍នេះ គឺធ្វើទៅតាមបទបញ្ជារបស់ថ្នាក់លើ បន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងខេត្ត។
ទោះជាយ៉ាងណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក លី វីរៈ មានប្រសាសន៍ថា គ្រប់រថយន្តទាំងអស់ដែលមានឯកសារគ្រប់គ្រាន់ ត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍តាមធម្មតា ក៏ប៉ុន្តែក្រោយពីការពិនិត្យរបស់មន្ត្រីចរាចរណ៍ផ្លូវគោក ឃើញថា មានរថយន្តដឹកក្រុមបាតុករគណបក្សសង្គ្រោះជាតិ ចំនួន ២គ្រឿង ពុំមានលិខិតស្នាមបើកបរត្រឹមត្រូវ៖ «ត្រួតពិនិត្យហ្នឹង គឺត្រួតពិនិត្យអំពីសុវត្ថិភាពចរាចរទេ ហើយត្រួតពិនិត្យអាវុធជាតិផ្ទុះអីចឹង គាត់ក៏មានការខឹងសម្បា គាត់ក៏មកឈប់ឡានបិទចរាចរពេញហ្នឹងទៅ ប៉ុន្តែពេលខ្ញុំមកដល់ គឺខ្ញុំបានសម្រួល ហើយក៏បានបើកចរាចរឡើងវិញហើយ»។
តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា (ជួរមុខស្ដាំ) និង លោក ឡុង ប៊ុត្ដា (ជួរមុខឆ្វេង) សម្របសម្រួលជាមួយសមត្ថកិច្ចដើម្បីបានមកចូលរួមបាតុកម្មនៅភ្នំពេញ ត្រង់ចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។
សមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្តទាំងពីរគ្រឿងរបស់ក្រុមបាតុករ ធ្វើដំណើរទៅមុខទៀត ហើយក្រុមបាតុករ និងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ក៏បានបើកផ្លូវឲ្យអ្នកដំណើរធ្វើចរាចរណ៍តាមធម្មតាវិញ នៅម៉ោង ៩ និង ១៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ខណៈដែលមានចំនួនបាតុករកាន់តែច្រើនឡើង បាននាំគ្នាចុះពីលើឡានទៅឈរស្រែកតវ៉ានៅកណ្ដាលថ្នល់ជាតិ បណ្ដាលឲ្យមានរថយន្តកាន់តែច្រើនឡើងបានកកស្ទះ៕
មន្ត្រីបក្សសង្គ្រោះជាតិអះអាងថាពលរដ្ឋនៅខេត្តក្រចេះមានឆន្ទៈចូលរួមបាតុកម្ម
ដោយ សូត សុខប្រាថ្នា
ខេត្តក្រចេះ៖ ចំណែកឯថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅខេត្តក្រចេះ បានអះអាងថា មានប្រជាជនជាច្រើនដែលបានចូលរួមមហាបាតុកម្មពេលនេះ ហើយប្រជាជនទាំងនោះ គឺចូលរួមដោយឆន្ទៈផ្ទាល់ខ្លួនពិតៗ គ្មានការបង្ខិតបង្ខំ និងគ្មានការទិញទឹកចិត្ត។ ទឹកចិត្តប្រជាជនពេលនេះ ត្រូវបានអ្នកវិភាគនយោបាយយល់ថា គឺជាសារមួយសម្រាប់បង្ហាញឱ្យអ្នកដឹកនាំឆាប់ដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយជាបន្ទាន់។
ក្រោយពេលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសសាជាថ្មីឱ្យប្រជាពលរដ្ឋខ្មែរចូលរួមធ្វើមហាបាតុកម្មអហិង្សាម្តងទៀត ដើម្បីទាមទាររកយុត្តិធម៌ ពលរដ្ឋខ្មែរជាច្រើននៅតែមានទឹកចិត្តពុះកញ្ជ្រោលក្នុងការចូលរួមមហាបាតុកម្មម្តងនេះ។ ខេត្តក្រចេះ ដែលជាខេត្តមួយត្រូវបានគេមើលឃើញថា មានភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងកំឡុងពេលបោះឆ្នោតកន្លងមក។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រខេត្តក្រចេះ លោក កែវ ភិរម្យ បានមានប្រសាសន៍ថា បើទោះបីជាខេត្តក្រចេះ ស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទៅចូលរួមមហាបាតុកម្មអហិង្សានៅថ្ងៃទី១៥ កញ្ញា នៅរាជធានីភ្នំពេញ។ លោកបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋពេលនេះ គឺខាងបក្សមិនបានជួយទំនុកបម្រុងអ្វីនោះទេ ក៏ប៉ុន្តែពួកគាត់ទៅចូលរួមដោយស្ម័គ្រចិត្ត ហើយរាល់ការចំណាយទាំងអស់ គឺប្រជាពលរដ្ឋខ្លួនឯងជាអ្នករ៉ាប់រង។
លោកបន្តថា គោលបំណងធំបំផុតរបស់ប្រជាពលរដ្ឋខេត្តក្រចេះ ដែលបានទៅចូលរួមមហាបាតុកម្មអហិង្សាពេលនេះ គឺចង់បានភាពត្រឹមត្រូវក្នុងសង្គម និងដោះស្រាយភាពមិនប្រក្រតីដែលកើតឡើងនាពេលកន្លងមក៖ «អ្វីដែលយើងចង់បាន គឺយុត្តិធម៌ ដើម្បីឱ្យបានយុត្តិធម៌ គឺដូចគណបក្សសង្គ្រោះជាតិ បានស្នើសុំឱ្យបង្កើតគណៈកម្មាធិការចម្រុះមួយ ដើម្បីស៊ើបអង្កេតឱ្យជាក់ស្ដែង។ ដូចដែលយើងឃើញហើយនៅខេត្តក្រចេះ យើងឃើញការបន្លំសន្លឹកឆ្នោតមានលក្ខណៈមិនប្រក្រតីហ្នឹង វាលក្ខណៈមិនប្រក្រតី វាហួសហេតុពេកហើយ។ ហើយយើងបានចាប់បានមួយចំនួន គឺថាការលួចរបស់ គ.ជ.ប និងមន្ត្រីរបស់ គ.ជ.ប គឺមានលក្ខណៈជាប្រព័ន្ធ។ យើងសូមឱ្យមានយុត្តិធម៌ សូមឱ្យមានដំណោះស្រាយ សូមឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។ ទីបំផុត យើងមិនបានទទួលយុត្តិធម៌អ្វីទាំងអស់។ នេះហើយដែលធ្វើឱ្យពួកគាត់នៅតែមិនអស់ចិត្ត នៅតែទាមទារឱ្យគណបក្សសង្គ្រោះជាតិ ហ្នឹង ទាមទារឱ្យបានយុត្តិធម៌មកឱ្យគាត់»។
ដូចគ្នានេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តក្រចេះ លោក ទឹម សុធន់ បានឱ្យដឹងដែរថា ប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋាន បានចេញដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមមហាបាតុកម្មអហិង្សាតាមការអំពាវនាវរបស់មេដឹកនាំទាំងពីរ និងតាមឆន្ទៈស្រឡាញ់យុត្តិធម៌របស់ពួកគាត់ផ្ទាល់តែម្តង៖ «ប៉ុន្តែ គេទៅក្នុងលក្ខណៈបុគ្គលពួកគាត់នោះទេ។ ដោយសារតែពួកគាត់មិនអាចទប់កំហឹងបាន ទីមួយ។ ទីពីរ គឺដោយសារឃើញភាពអយុត្តិធម៌ ដូច្នេះគាត់ត្រូវតែទៅចូលរួមមហាបាតុកម្មនៅភ្នំពេញ។ ដោយការអំពាវនាវរបស់លោកប្រធាន សម រង្ស៊ី និង លោក កឹម សុខា ផង អីចឹងពួកគាត់ទៅដោយពួកគាត់។ អាហ្នឹងតាមមតិថ្នាក់ដឹកនាំឃុំមួយចំនួន ដែលគាត់ផ្តល់មក ថាពួកយើងមួយចំនួនបានទៅហើយ»។
ទឹកចិត្តប្រជាពលរដ្ឋក្នុងការចូលរួមបាតុកម្មនៅពេលនេះ ត្រូវបានអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា សកម្មភាពរបស់ប្រជាពលរដ្ឋពេលនេះ មិនមែនជាការឆ្លុះបញ្ចាំងពីការស្រឡាញ់បក្សងប់ងុលនោះទេ ប៉ុន្តែ គឺជាស្មារតីចង់បានយុត្តិធម៌របស់ម្ចាស់ឆ្នោត៖ «មិនទាក់ទងនឹងរឿងងប់ងុលទេ។ ទីមួយ ទាក់ទងភាពមិនប្រក្រតី។ ទីពីរ អ្នកនយោបាយមិនយល់ចិត្តប្រជាជន ដែលប្រជាជនរង់ចាំឱកាសនេះយូរហើយ ដោយមិនមានដំណោះស្រាយ។ គេបិទច្រកដែលចូលទៅក្នុងទីក្រុងភ្នំពេញ សូម្បីតែផ្ទះរបស់ខ្ញុំៗចូលមិនបានផង។ ហើយអីចឹងទេ ជាហេតុធ្វើឱ្យប្រជាជនកាន់តែខឹងមួម៉ៅឡើង។ ទឹកដីរបស់គេ ហេតុអ្វីបានជាគេដើរមិនបាន។ នេះបង្ហាញអំពីភាពអសមត្ថភាពរបស់សមត្ថកិច្ច នឹងអាចឈានអហិង្សាហ្នឹងទៅជាហិង្សាវិញ ហើយកាលដែលចូលប្រជាជនហ្នឹង ប្រជាជនមិនទទួលបានភាពប្រក្រតីនៃនយោបាយក្នុងការដឹកនាំរបស់រដ្ឋាភិបាលចាំផ្ទះ»។
លោកបន្ថែមទៀតថា ស្ថានភាពរបស់ប្រជាជននៅថ្ងៃទី១៥ កញ្ញា គឺជាសារមួយសម្រាប់បង្ហាញទៅថ្នាក់ដឹកនាំទាំងអស់ ឱ្យប្រញាប់ធ្វើការដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយនោះជាបន្ទាន់៖ «អាហ្នឹងហើយដែលធ្វើឱ្យអ្នកនយោបាយថ្ងៃច័ន្ទហ្នឹងត្រូវតែដោះស្រាយទំនាស់នយោបាយហ្នឹង។ អ្នកនយោបាយត្រូវតែមើលទិដ្ឋភាពជាក់ស្ដែងអីដែលមាននៅក្នុងសង្គម កុំថាតាមរបាយការណ៍។ ឥឡូវនេះយើងមើលឃើញទិដ្ឋភាពគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រជាជនខ្លួនឯងមកឡោមព័ន្ធតែម្តង។ អីចឹងទេ សូមឱ្យអ្នកនយោបាយរកដំណោះស្រាយ។ ដំណោះស្រាយនៅក្នុងរឿងនយោបាយហ្នឹងឱ្យបាន អីចឹងទេ ប្រសិនបើមិនអាចរកដំណោះស្រាយបានទេ យើងដឹងហើយថា ទីក្រុងភ្នំពេញជាបេះដូង កាលណាបេះដូងវាស្ទះ វាធ្វើឱ្យអ្វីៗទាំងអស់ វាមិនមានដំណើរការ ហើយនឹងមានបញ្ហាយ៉ាងធំនៅក្នុងទីក្រុងភ្នំពេញ»។
អ្វីដែលអ្នកវិភាគនយោបាយរូបនេះបានលើកឡើងចុងក្រោយនោះ គឺអ្នកនយោបាយត្រូវតែរៀបចំគោលនយោបាយរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះឱ្យទាន់ពេលវេលា ទើបជាការប្រសើរ៕
ប្រភពពី RFA