ព្រះសង្ឃការពារព្រៃ ឈើពីរអង្គរងការបាញ់គំរាម
កំពង់ស្ពឺៈ ព្រះសង្ឃពីរអង្គគង់ក្នុងវត្តមួយនៅកណ្តាលព្រៃ បានរងការបាញ់គំរាម ដោយសារតែធ្វើសកម្មភាពការពារព្រៃឈើសហគមន៍និងចូលរួមធ្វើមហាបាតុកម្មជាមួយនឹងគណបក្សប្រឆាំងនាពេលកន្លងមក។
ព្រះសង្ឃពីរអង្គ ព្រះនាម សំ គឹមសាទ ព្រះជន្ម ៦៣ ព្រះវស្សា និងមួយអង្គទៀតព្រះនាម ព្រហ្ម ធម្មជាតិ ព្រះជន្ម ៤២ ព្រះវស្សាដែលគង់នៅវត្ត បរិស្ថានចម្ការឈូក ស្ថិតក្នុងភូមិ ពោធិ៍មាស ឃុំ ត្រពាំងជោរ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ បាននិងកំពុងតស៊ូ
ធ្វើសកម្មភាពជាមួយនឹងព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជា ៦០០ គ្រួសារទៀត ដើម្បីការពារព្រៃឈើសហគមន៍មួយកន្លែងទំហំជាង ៣០០ ហិកតា ចាប់តាំងពីឆ្នាំ ១៩៩៩ មក បើទោះជាកន្លងមកមានជនខិលខូចរួមទាំងអាជ្ញាធរផង បានធ្វើទុក្ខបុកម្នេញព្រះអង្គ ដើម្បីបង្ខំឲ្យឈប់ការពារព្រៃនោះទៀតក៏ដោយ។
ព្រះតេជគុណ នាម សំ គឹមសាទ មានសង្ឃដីកាកាលពីម្សិលមិញថា បន្ទាប់ពីព្រះអង្គបានចូលរួមមហាបាតុកម្មជាមួយនឹងគណបក្ស សង្គ្រោះជាតិ កាលពីពីរសប្តាហ៍មុននោះមក មានបុរសមិនស្គាល់ម្នាក់បានទៅបាញ់គំរាមមួយគ្រាប់នៅមុខកុដិ របស់ព្រះអង្គ ព្រហ្ម ធម្មជាតិ នៅម៉ោង ៨ យប់ ថ្ងៃ ទី២៤ ខែ កញ្ញា កន្លងទៅ។
ព្រះតេជគុណបានបញ្ជាក់ថា៖ «វាជាការបាញ់គំរាមដែលពាក់ព័ន្ធនឹងរឿងអាត្មាចូលរួមបាតុកម្ម និងរឿងការពារព្រៃឈើនេះឯង។ គេចង់តែឲ្យពួកអាត្មាឈប់ន្អាលនឹងកាប់ឈើនិងយកដីសហគមន៍នោះចែកគ្នា»។ ព្រះអង្គបន្តថា បន្ទាប់ពីឮសំឡេងបាញ់នោះមក លោកបានចេញពីកុដិទៅលបមើល ក្រែងលោគេបាញ់ព្រះអង្គ ធម្មជាតិ សុគត។ ពេលនោះ ព្រះអង្គឃើញមនុស្សប្រុសម្នាក់ស្លៀកខោខ្មៅជើងវែងឈរ ចុចពិល នៅខាងមុខកុដិព្រះអង្គ ធម្មជាតិ រួចហើយដើរចូលទៅក្នុងព្រៃខាងត្បូងវត្ត ប្រមាណជាជាងមួយនាទីក្រោយការបាញ់នោះ។
ព្រះតេជគុណ សំ គឹមសាទ មានថេរដីកាដែរថា៖ «មានមនុស្សមួយចំនួនតូចនិងអាជ្ញាធរភូមិឃុំ មិនបានជួយគាំទ្រជួយការពារព្រៃឈើទេ ហើយចេះតែរករឿងនឹងអាត្មា។ ពេលមិននៅគេបំពុលសត្វងាប់ និងលួចរបស់របរអស់។ គេធ្វើបាបជាង ១០ឆ្នាំ ហើយ តែទើបនិយាយពេលនេះទេ»។ ទោះយ៉ាងណា ក៏ព្រះអង្គមិនមានអារម្មណ៍ភ័យខ្លាចនោះដែរ គឺនៅតែតស៊ូមិនចេញទៅណា ដើម្បីការពារព្រៃឈើនោះឲ្យបាន ហើយសុខចិត្តសុគតនៅក្នុងព្រៃឈើនោះ។
កាលពីថ្ងៃអាទិត្យ ព្រះតេជគុណនាម ព្រហ្ម ធម្មជាតិ បាននិមន្តមកកាន់ស្នាក់ការកាសែត ភ្នំពេញ ប៉ុស្តិ៍ ហើយមានថេរដីកាថា បន្ទាប់ពីឮសំឡេងបាញ់នោះ ព្រះអង្គបានសម្ងំនៅក្នុងកុដិ មិនចេញទៅក្រៅទេ រហូតដល់ព្រះអង្គ គឹមសាទ មន្តមកដល់។
ព្រះតេជគុណ ធម្មជាតិ មានថេរដីកាថា៖ «អាត្មាមិនដឹងថាអ្នកណាបាញ់នោះទេ តែថាមនុស្សធម្មតាមិនដែលមានអាវុធកាន់ទេ។ គេចង់ពុះទ្រូងរូងយកថ្លើមធ្វើអី ក៏ធ្វើទៅ អាត្មាលែងខ្លាចហើយ»។
ព្រះអង្គបន្តថា ព្រះអង្គមិនបានចូលរួមបាតុកម្មទេ ហើយការដែលព្រះអង្គធ្វើដំណើរមកភ្នំពេញនោះគឺដើម្បីទទួលយកឯកសារ ពីក្រសួង មហាផ្ទៃ ដែលបានយល់ព្រមចុះបញ្ជីទទួលស្គាល់អង្គការ «មាតាធម្មជាតិ» របស់ព្រះអង្គស្របច្បាប់។ ព្រះអង្គមានសង្ឃដីកាដែរថា ប្រជាពលរដ្ឋរាប់រយគ្រួសារបានចូលរួម និងគាំទ្រសកម្មភាពការពារព្រៃឈើនោះ ប៉ុន្តែ មួយចំនួនតូចបានព្យាបាទ ហើយចេះតែចូលលួចកាប់និងលួចបំពុលសត្វក្ងោកងាប់ជិត ២០ក្បាល ហើយ។ ពីពីរសប្តាហ៍មុននេះ ព្រះអង្គបានចាប់អ្នកភូមិចូលលួចកាប់ឈើម្នាក់ ហើយបង្ខំឲ្យគាត់ផ្តិតមេដៃមុននឹងដោះលែង ដែលធ្វើឲ្យគេខឹង ហើយគំរាមធ្វើបាបព្រះអង្គផងដែរ។
ព្រះអង្គមានថេរដីកាថា ៖ «ព្រៃក្បែរៗនោះគេកាប់វាស់លក់អស់ហើយ។ វារាលដាលដល់ព្រៃពួកអាត្មាខំការពារទៀត។ ពេលឃាត់គេខឹង គេគុំនិងគំរាមសព្វគ្រប់ និងប៉ុនប៉ង់ដុតកុដិចោលទៀត»។ ដោយខ្លាចមានរឿង ក៏មានមន្រ្តីសង្ឃខ្លះ បានអង្វរព្រះអង្គឲ្យឈប់ធ្វើសកម្មភាពការពារព្រៃឈើហើយមន្តចាកចេញពីវត្តនេះ។
បន្ទាប់ពីមានការបាញ់នោះមក មានមន្រ្តីនគរបាលបានចុះទៅស្រាវជ្រាវដល់វត្តដែរ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។
លោក អ៊ុក សុផល ស្នងការងនគរបាលខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា លោកមិនបានដឹងពីករណីបាញ់នៅក្នុងវត្តនោះទេ។ ទោះយ៉ាងណា លោក ដុះ ស៊ីម អធិការនគរបាលស្រុក ឱរ៉ាល់ បានបដិសេធថា សមត្ថកិច្ចលោកបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយជាលទ្ធផលគ្មានស្លាកស្នាមណាមួយបង្ហាញថា មានករណីបាញ់បោះក្នុងវត្តនោះទេ។
លោកបញ្ជាក់ថា៖ «យើងបានចាត់កម្លាំងចុះទៅស្រាវជ្រាវរួចហើយ ហើយបានទទួលការឯកភាពពីខាងស្រុកដែរហើយថា គ្មានការបាញ់អីនោះទេ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការបំភ្លឺករណីនេះបន្ថែមបានទេ កាលពីម្សិលមិញ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍