ប្រតិកម្មតបផៃ ស៊ីផាន៖ សន្ធិសញ្ញា​ក្រុង​ប៉ារីស ការពារ​កម្ពុជា​ពី​ការ​ ឈ្លាន​ពាន​របស់​វៀតណាម

9/28/2013 0 Comments A+ a-

នៅក្នុងរយៈពេលពីបីថ្ងៃកន្លងមកនេះ មានការបកស្រាយផ្ទុយគ្នាទៅវិញទៅមករវាងមេដឹកនាំ បក្សប្រឆាំងនិងមេដឹកនាំ​បក្សកាន់អំណាច ជុំវិញការអនុវត្តសន្ធិសញ្ញាក្រុងបារីស ២៣ តុលា។ លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថា បានរំលោភសន្ធិសញ្ញាក្រុងបារីស។ តែលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញានេះ បានអស់សុពលភាពទៅហើយ។ ជាមួយគ្នា នេះ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏បានចោទប្រកាន់ដែរថា អ្នកណាដែលនៅតែទទួល​ស្គាល់សន្ធិ សញ្ញានេះទៀត គឺមានន័យស្មើនឹងចង់ឲ្យបរទេសធ្វើចៅហ្វាយកម្ពុជា។


សម្ដេចនរោត្តម សីហនុ (កណ្ដាលខាងឆ្វេង) ថតរូបអនុស្សាវរីយ៍ជាមួយមេដឹកនាំបរទេស នៅថ្ងៃចុះហត្ថលេខាសន្ធិសញ្ញា​សន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ (រូបថត Eric Feferberg/AFP/Getty Images)
កាលពីថ្ងៃទី ២៥ ខែកញ្ញាកន្លងទៅ មេបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសថា ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដោយគណបក្សប្រជាជនតែមួយកាលពីប៉ុន្មានថ្ងៃមុននេះ គឺជាការ រំលោភទៅលើកិច្ចព្រមព្រៀងក្រុងបារីសថ្ងៃទី ២១ ខែ​តុលា ឆ្នាំ ១៩៩១ ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស មិនមែន ឯកបក្សនោះទេ។ លោក រង្ស៊ី សង្កត់ធ្ញន់ថា ការបង្កើតសភា និងរដ្ឋាភិបាលថ្មីបែបនេះ អាចនឹង នាំកម្ពុជាឲ្យធ្លាក់​ទៅក្នុងស្ថានការណ៍ដូចមុនឆ្នាំ ១៩៩១ ។ ឆ្លើយតបនឹងការលើកឡើងនេះ ភ្លាមៗនោះលោក ហ៊ុន សែន បានបកស្រាយថា សន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ បាន«រំលាយបាត់»ហើយ ពោលគឺគ្មានសុពលភាព ដើម្បី អនុវត្តនៅក្នុង​ប្រទេសកម្ពុជានាពេលបច្ចុប្បន្នទៀតនោះទេ។
ស្របគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់បន្ថែមទៅ លើការបកស្រាយ​របស់​លោក​នាយករដ្ឋមន្ត្រី បា្រប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា អ្នកណាដែលនិយាយថា សន្ធិសញ្ញាក្រុងប៉ារីសនេះ នៅតែ មាន​សុពលភាពទៀតនោះ មានន័យដូចជា«ហៅ»បរទេស ឲ្យមកធ្វើការគ្រប់គ្រង ធ្វើចៅហ្វាយនាយ លើប្រទេសកម្ពុជា​ដូច្នោះ​ដែរ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា សន្ធិសញ្ញានេះ បានអស្តង្គតទៅហើយ ព្រោះអ្នកដែលចុះហត្ថលេខានៅ ក្នុង​កិច្ចព្រមព្រៀងនេះ បានស្លាប់និង រលាយបាត់ហើយ ដែលរួមមាន ព្រះបរមរតនកោដិ ដែលកាលណោះ ព្រះអង្គតំណាង​ឲ្យហ្វុនស៊ិនប៉ិច និងខ្មែរក្រហម ជាដើម។
លោក ផៃ ស៊ីផាន បានចោទជាសំណួរថា បើសន្ធិសញ្ញានេះ នៅតែមានសុពលភាព តើគេយកមកអនុវត្ត ជាមួយនរណា? ហើយម្យ៉ាងវិញទៀតនោះ ប្រទេសកម្ពុជា បច្ចុប្បន្នមានអធិបតេយ្យ និងសុខសន្តិភាពហើយនោះ?
ជាប្រតិកម្មតបវិញ លោក យ៉ែម បុញ្ញរិទ្ធ មន្រ្តីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានលើកឡើងថា អ្នក​ដែលនិយាយ​បែប​នេះ មានន័យស្មើនឹងប្រមាថអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ យ៉ាងធ្ញន់ធ្ញរបំផុត ព្រោះព្រះអង្គ​ជា​អ្នកតស៊ូ​បង្កើត​នូវ​សន្ធិសញ្ញានេះឡើង។ លោកបន្តថា កាលពីព្រះមហាវីរក្សត្រនៅមានព្រះជន្មនៅឡើយ មិនដែលមាន​នរណាហ៊ាន​និយាយ​ដូច្នេះនោះទេ តែនៅពេលដែល ព្រះអង្គសោយទីវង្គតបាត់ ទើបនាំគ្នាលើកពីបញ្ហានេះឡើង។ លោក យ៉ែម បុញ្ញរិទ្ធិ បាន បញ្ជាក់ទៀតថា កម្ពុជាមានថ្ងៃនេះ ក៏ដោយសារតែកិច្ចព្រមព្រៀងនេះដែរ។
«កិច្ចព្រមព្រៀងដែលការពារកម្ពុជា ពីការឈ្លានពានរបស់វៀតណាម ...»
រីឯលោក បណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជាវិញ បានហៅ ការចោទប្រកាន់​លើអ្នក​ទទួលស្គាល់​កិច្ចព្រមព្រៀងនេះនៅមានសុពលភាពថា ចង់ឲ្យបរទេសមកធ្វើចៅហ្វាយ គ្រប់គ្រង ជាន់ឈ្លី ឬឈ្លានពាន​នោះ គឺជាការ​បង្ហាញ​ពី«អនក្ខរកម្ម» របស់ជននោះទៅវិញទេ។ លោកថា កិច្ចព្រមព្រៀងក្រុងបារីសនេះហើយ ដែលធ្វើ​ឲ្យ​បរទេស ជា​ពិសេសគឺវៀតណាមតែម្តង មិនអាចចូលមកឈ្លានពាននៅលើទឹកដីនៃប្រទេសកម្ពុជាបាន ។
នៅក្នុងសន្ធិសញ្ញា ឬអាចហៅម្យ៉ាងទៀតថា ជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានការចូលរួមពីភាគី​ជម្លោះ​ខ្មែរទាំងអស់ និងមានប្រទេសដែល​ជាប់ពាក់​ព័ន្ធជាច្រើននោះ ជាក្រមប្រតិបត្តិមួយសម្រាប់ប្រទេសកម្ពុជា ដាក់បញ្ចប់​នូវ​សង្គ្រាមរាំងជល់ដ៏រ៉ាំរ៉ៃ ហើយកំណត់ឲ្យ​ប្រទេស​នេះ ធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព តាមវិថីប្រជាធិបតេយ្យសេរីពហុបក្ស។ សន្ធិសញ្ញានេះ មានចែងយ៉ាងច្បាស់ ស្ដីពីការ​ធានាឲ្យបាននូវបូរណភាពទឹកដីកម្ពុជា ក្នុងនោះមានការដកកងទ័ពបរទេស (កងទ័ពរៀតណាមដែលចូល​លុកលុយ​កាន់​កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩) ចេញ និងបានចាត់ទុកជាមោឃភាព​នូវ​រាល់សន្ធិសញ្ញាទាំងឡាយ ដែលបានចុះ​ហត្ថលេខាដោយខុសច្បាប់កន្លងមក ជាពិសេសរវាងរដ្ឋាភិបាល​លើកបន្តុបដោយ​វៀតណាម និងប្រទេសវៀតណាម (នៅ​ក្រោយឆ្នាំ១៩៧៩)។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១នេះ ក៏ បានបើកផ្លូវដែរ ឲ្យមានការរៀបចំបោះឆ្នោតដោយសេរី និងយុត្តិធម៌លើកទីមួយ នៅឆ្នាំ​១៩៩៣ ក្រោយមការរៀបចំនិងឃ្លាំមើល របស់​អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ (UNTAC)។
ប្រជាពលរដ្ឋខ្មែរភាគច្រើន បានឲ្យតម្លៃទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ នេះយ៉ាងខ្លាំង ពីព្រោះពួកគេជឿជាក់ថា សន្ធិសញ្ញានេះហើយ ដែលនាំឲ្យប្រទេសកម្ពុជាអាចមានសន្តិភាពជាងមុខ មានការផ្សះផ្សាជាតិ និងនាំឲ្យប្រទេស បានមានមុខម៉ាត់នៅក្នុងឆាកអន្តរជាតិគ្រាន់បើមកដល់ថ្ងៃនេះ។ ក៏ប៉ុន្តែមានពលរដ្ឋខ្មែរមួយ ចំនួនទៀត មិនសូវបានឲ្យតម្លៃចំពោះសន្ធិសញ្ញានេះឡើយ តែពួកគេបានឲ្យតម្លៃថ្ងៃ «៧មករា» ឆ្នាំ ១៩៧៩ ដែលពួកគេអះអាងថា ជា​ថ្ងៃ​កំណើតទីពីររបស់ខ្លួន ដែលមិនអាចបំភ្លេចបានឡើយ នៅក្នុងឆាកជីវិតរបស់ពួកគេ៕
---------------------------------------------------------
ប្រពភ ពី  មនោរម្យព័ងអាំងហ្វូ