Apple ឈ្នះក្ដីប្រើស្លាកសញ្ញា iPhone នៅប្រេស៊ីល
នៅថ្ងៃពុធ ម្សិលមិញនេះ តុលាការនៃប្រទេសប្រេស៊ីល បានអនុម័តឲ្យក្រុមហ៊ុន Apple ប្រើប្រាស់ស្លាកសញ្ញា iPhone បាននៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីមានក្រុមហ៊ុន IGB Electronica ប្ដឹងលើការ រំលោភស្លាកសញ្ញា។ ក្រុមហ៊ុន IGB Electronica បានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការថា ក្រុមហ៊ុន Apple បានរំលោភលើសញ្ញា iPhone របស់ខ្លួន។
តុលាការមិនបានបញ្ជាក់ពី មូលហេតុនៃការសម្រេចឲ្យ Apple ប្រើស្លាកសញ្ញា iPhone នៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែអ្វីដែលគេ ដឹងច្បាស់នោះគឺថា ក្រុមហ៊ុន IGB Electronica បានចុះ ឈ្មោះប្រើស្លាកសញ្ញា iPhone តាំងពីឆ្នាំ ២០០០ ហើយចំណែកក្រុមហ៊ុន Apple វិញទើបតែចេញ iPhone នៅឆ្នាំ ២០០៧ ដូច្នេះមានន័យថា ស្លាកសញ្ញា iPhone ជារបស់ក្រុមហ៊ុន ខាងលើមិនមែនជារបស់ Apple ឡើយ។
ចំណុចមួយដែលតុលាការ បានលើកឡើងគឺថា សញ្ញា iPhone របស់ Apple នៅក្នុងប្រទេសប្រេស៊ីល គឺមានប្រជាប្រិយភាព ដូច្នេះទើប តុលាការសម្រេចឲ្យប្រើ ប៉ុន្តែយោងតាមក្រុមអ្នកវិភាគ បានលើកឡើងថា ក្រុមហ៊ុន Apple ប្រហែលជាលួចចរចា ជាមួយនឹង IGB Electronica ក្រៅផ្លូវការ៕