គណបក្សប្រឆាំង ជាប់ដៃស៊ើបអង្កេត ភាពមិនប្រក្រតី នៃការបោះឆ្នោត ស្របពេលលេច មានចលនាធ្វើញត្ដិ គាំទ្រគណបក្សកាន់ អំណាចឈ្នះឆ្នោត
គណបក្សសង្គ្រោះជាតិដែលមានឯកឧត្ដម សម រង្ស៊ី ជាប្រធាន កំពុងបើកយុទ្ធនាការយ៉ាងសកម្មក្នុងការប្រមូលឯកសារនិងព័ស្ដុតាងនានា ទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ ស្របពេលនឹងនៅតាមស្ថាប័ននានារាប់ចាប់តាំងពីសិស្សស្នាក់នៅរៀនសូត្រក្នុងវត្ដ រហូតដល់គ្រឹះស្ថានសិក្សានានា លេចចេញមានចលនាធ្វើញត្ដិគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតយ៉ាងផុសផុល ។
យោងតាមរបាយការណ៍ស៊ើបអង្កេតមួយចំនួនរបស់អ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងការលើកឡើងរបស់គណបក្សនយោបាយប្រឆាំងដែលលទ្ធផលបឋមនៃការបោះឆ្នោតទទួលបានសំឡេងគាំទ្រកើន ឡើងខ្លាំងគួរឱ្យកត់សម្គាល់នោះ បានបង្ហាញឱ្យឃើញថា មានភាពមិនប្រក្រតីជាច្រើនក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ ដូចជាប្រជាពលរដ្ឋធ្លាប់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងធ្លាប់បានបោះឆ្នោតនៅឆ្នាំ២០១២កន្លងមក បែរជាត្រូវបានបាត់ឈ្មោះពីក្នុងបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០១៣ ប្រជាពលរដ្ឋមួយចំនួនត្រូវបានគេកែប្រែឱ្យខុសឈ្មោះ ប្រជាពលរដ្ឋត្រូវបានគេបោះឆ្នោតជំនួស…។ល។ ជាហេតុធ្វើឱ្យមានការពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងការបាត់ចំនួនអ្នកបោះឆ្នោតរហូតដល់ប្រមាណចំនួន៣លាននាក់ ។
ឋិតក្នុងស្ថានភាពមិនប្រក្រតីទាំងនេះ ទើបគណបក្សសង្គ្រោះជាតិស្នើសុំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត“គ.ជ.ប” បង្កើតនូវគណៈកម្មាធិការចម្រុះមួយដើម្បីស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយសំណើនេះត្រូវបានឯកភាពយល់ព្រមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពលផងដែរ ។
ទន្ទឹមនឹងសំណើរបស់គណបក្សនយោបាយប្រឆាំងទទួលបានការឯកភាពពី“សម្ដេចតេជោសែន” ក្នុងការបង្កើតគណៈកម្មការចម្រុះត្រួតពិនិត្យនិងស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ បែរជានៅតាមវត្ដអារាម គ្រឹះស្ថានសិក្សា និងស្ថាប័នរដ្ឋនានា លេចចេញមានចលនាធ្វើញត្ដិគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានការឈ្នះឆ្នោតយ៉ាងផុសផុលទៅវិញ ដែលការផ្ដិតមេដៃនៅលើញត្ដិនេះត្រូវបានមជ្ឈដ្ឋានមួយចំនួនរាយការណ៍ថា គឺអាជ្ញាធរនៅតាមមូលដ្ឋាន តាមស្ថាប័ន និងតាមគ្រឹះស្ថានសិក្សានានាបង្ខិតបង្ខំឱ្យអនុវត្ដន៍តាមការបង្គាប់បញ្ជារបស់ថ្នាក់លើ ។
ប្រសិនបើចលនាបង្ខិតបង្ខំឱ្យមានការផ្ដិតមេដៃនៅលើញត្ដិគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បែបនេះក្លាយជាការពិតនោះ មានន័យថា គណៈកម្មការចម្រុះដែលគ្រោងនឹងបង្កើតឡើងតាមសំណើរបស់ គណបក្សប្រឆាំងដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត គ្មានខ្លឹមសារអ្វីឡើយ ពីព្រោះគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់កាប់អំណាចដុះស្លែនៅកម្ពុជា រៀបចំគម្រោងការនិងទិសដៅឈ្នះការបោះឆ្នោតរួចបាត់ទៅហើយៗបើត្រឡប់ទៅជាមិនបានឈ្នះឆ្នោតវិញនោះ ក៏គណបក្សកាន់អំណាចមិនព្រមសុខចិត្ដដែរ អាចនឹងមានព្រឹត្ដិការណ៍ចលាចលក្នុងសង្គមផ្សេងៗទៀតក៏ថាបាន ។
នេះគឺជាទម្លាប់ដែលក្លាយជាវប្បធម៌បានធ្វើ និងអនុវត្ដន៍ជាច្រើនឆ្នាំដដែលៗរួចមកហើយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីអនុវត្ដន៍យុទ្ធសាស្ដ្រឈ្នះ-ឈ្នះរបស់ខ្លួន ក្នុងនាមជាគណបក្សនយោបាយមួយដែលមិនចេះសរសេរ ឬនិយាយនូវពាក្យ ឬអក្សរថា ចាញ់ ៕
ប្រភពពីដើមត្នោត