ក្រុមហ៊ុន Blu Products បញ្ចេញទូរស័ព្ទ Blu Dash 4.5 តម្លៃ $139
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៣ នេះពពកបានបង្ហាញប្រិយមិត្តរួចម្ដងហើយនូវផលិតផលទូរស័ព្ទទំនើបចំនួនពីរម៉ូដែលរបស់ក្រុមហ៊ុន Blu Products ។ ប្រិយមិត្តប្រហែលជាមិនធ្លាប់បានឮឈ្មោះក្រុមហ៊ុនមួយនេះទេ ព្រោះថាវាមិនមែនជាក្រុមហ៊ុនដែលធំដូច Samsung, Apple, Nokia ជាដើមនោះទេ ប៉ុន្តែកុំភ្លេចវាជាក្រុមហ៊ុនសហរដ្ឋ ។
ថ្ងៃនេះយើងខ្ញុំសូមបង្ហាញជូនប្រិយមិត្តឲ្យបានស្គាល់ទូរស័ព្ទមួយម៉ូដែលទៀតរបស់ Blu Products ទូរស័ព្ទទំនើបមួយនេះគឺ Blu Dash 4.5 ដែលមានតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ (តម្លៃនៅសហរដ្ឋ) ហើយអ្វីដែលពិសេសមួយទៀតនោះគឺវាគ្មានជាប់កូដទេ (Unlocked) ។ សូមបញ្ជាក់បន្តិចទៀតដែរថាក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយក្រុមហ៊ុនវិនិយោគិនសញ្ជាតិអាមេរិកឡាទីន និងជាក្រុមហ៊ុនដែលមានសន្ទុះរីកចម្រើនលឿននៅក្នុងតំបន់ ដោយក្នុងមួយឆ្នាំៗផលិតទូរស័ព្ទរបស់ក្រុមហ៊ុននេះចំនួនជាង ១ លានគ្រឿង ត្រូវបានលក់នៅក្នុងប្រទេសចំនួន ២៥ នៅជុំវិញតំបន់អាមេរិកឡាទីន ។ តើប្រិយមិត្តយល់ដូចម្ដេចដែរចំពោះផលិតផលរបស់សហរដ្ឋមួយនេះ?
លក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទ Blu Dash 4.5 មានដូចខាងក្រោម៖
- អេក្រង់ទំហំ 4.5-inch
- កម្រិតភាពច្បាស់ 854 x 480 pixels ឬ 218 pixels ក្នុងមួយអ៊ីញ (218 ppi)
- CPU Quad-core 1.2GHz (MediaTek MT6589M)
- GPU PowerVR SGX544
- RAM 512 MB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB (អាចបន្ថែម microSD card)
- មានបំពាក់ដោយ Wi-Fi, HSPA+ 21Mbps
- កាមេរ៉ាមុខទំហំ 5 MP (មាន LED flash អាចថតរូបភាពប្រភេទ HDR និងថតវីឌីអូកម្រិត 720p) និង កាមេរ៉ាក្រោយ VGA
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- ថាមពលថ្ម 2,000mAh
- មានស៊ីមពីរ
បច្ចុប្បន្នទូរស័ព្ទ Blu Dash 4.5 មានដាក់លក់នៅលើទីផ្សារតាមបណ្ដាញអ៊ីនធឺណិតមួយចំនួនរបស់សហរដ្ឋ ដូចជា Amazon.com ជាដើមដោយលក់ក្នុងតម្លៃ $139 ។ ចំពោះការមកដល់ទីផ្សារកម្ពុជានៃទូរស័ព្ទនេះគ្មានប្រភពណាបញ្ជាក់នៅឡើយទេ សូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕
តើប្រិយមិត្តពេញចិត្តរូបរាងនិងលក្ខណសម្បត្តិបច្ចេកទេសរបស់ Blu Dash 4.5 ដែរឬទេ? ហើយប្រិយមិត្តចង់ឃើញវត្តមានផលិតផលរបស់សហរដ្ឋមួយនេះក្នុងព្រះរាជាណាចក្រកម្ពុជាយើងទេ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម