សាលាឧទ្ធរណ៍ ប្រកាស សាលដីកា បណ្តឹងលោក ទូច គង្គា លើលោក សយ សុភាព នៅថ្ងៃទី៥ ខែសីហា

7/24/2013 0 Comments A+ a-

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ នេះ បានប្រកាសថា សាលាដីកា បណ្តឹងរបស់ លោក ទូច គង្គា នាយកគ្រប់គ្រង កាសែតនគរវត្ត និងជានាយ ការិយាល័យព័ត៌មាន ទូទៅ នៃស្នងការដ្ឋានព័ត៌មាន និងសន្ដិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្តឹងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ជាអ្នកវិភាគ នយោបាយ នៅលើកញ្ចក់ ទូរទស្សន៍នោះ នឹងត្រូវប្រកាស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ខាងមុនខនេះ ។ នេះបើយោងតាម លោក គួយ ធុនណា មេធាវីការពារក្តី ឲ្យលោក សយ សុភាព ។
លោកមេធាវី គួយ ធុនណា បានបន្តថា ការប្តឹងរបស់មេធាវី ចាន់ វិចិត្រ មេធាវីការពារក្តី ឲ្យលោក ទូច គង្គានោះ គឺគ្មានសមត្ថភាព គតិយុត្តិក្នុងការប្តឹងនោះឡើយ ពោលខុសនឹងមាត្រា ៣៧៥ នៃច្បាប់ស្តីពីក្រមនីតិវិធី ព្រហ្មទណ្ឌ ។ លោកមេធាវី បានសំណូមពរ ឲ្យសាលាឧទ្ធរណ៍ទាត់ចោល ពាក្យបណ្តឹងនេះ។
សូមបញ្ជាក់ថា ព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ បានកោះហៅ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ចូលបំភ្លឺនៅ សាលាឧទ្ធរណ៍ វេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៣ នេះ ពាក់ព័ន្ធ រឿងធ្វើឱ្យ ប៉ះពាល់ដល់ ការ ឆ្លើយឆ្លង តាមលិខិតរបស់ លោក ទូច គង្គា អ្នក គ្រប់គ្រងកាសែតនគរវត្ដ ។
យោងតាមដីកាកោះ របស់ព្រះរាជ អាជ្ញា សាលាឧទ្ធរណ៍ អ៊ឹម សុផាន ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ បាន បង្គាប់មកឈ្មោះ សយ សុភាព ស្នាក់នៅ ផ្ទះលេខ ៥៧ ផ្លូវលេខ ៤៨០ សង្កាត់ទួល ទំពូងទី២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ចូលរួម សវនាការ រឿងធ្វើឱ្យប៉ះពាល់ដល់ ការឆ្លើយឆ្លងតាមលិខិត ។
គួរបញ្ជាក់ថា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេច ពន្យារ ពេលសវនាការ ចំពោះ រឿងក្ដីនេះម្ដងរួច មកហើយ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅ ។ លោក គួយ ធុនណា មេធាវីការពារក្ដី ឱ្យលោក សយ សុភាព បានបញ្ជាក់ថា “សយ សុភាព កូនក្តីខ្ញុំមុខជាឈ្នះ ព្រោះបណ្តឹងដែល ប្តឹងដោយ ទូច គង្គា នេះគ្មានពិចារណា សមត្ថភាពគតិយុត្តក្នុងការប្តឹង។ ម្យ៉ាងទៀតសំណុំរឿងនេះ ព្រះរាជអាជ្ញា អមសាលា ដំបូង រាជធានីភ្នំពេញ ដែលជាម្ចាស់បណ្តឹង បានសម្រេចលើក ចោទប្រកាន់ហើយ ប៉ុន្តែ មេធាវី របស់លោក ទូច គង្គា បែរជាប្តឹងទាស់ ទៅលើសាលក្រមនេះទាំងមូល” ។
សូមបញ្ជាក់ថា លោក សយ សុភាព អគ្គនាយក មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល ត្រូវបានសាលាឧទ្ធរណ៍ ចេញដីកាកោះហៅ ដើម្បីបំភ្លឺចំពោះ សំណុំ រឿង ប៉ះពាល់ ដល់ការឆ្លើយឆ្លងតាមលិខិត ដែលប្តឹងទាស់ដោយ លោក ទូចគង្គា នាយកគ្រប់គ្រងកាសែតនគរវត្ត និងជានាយ ការិយាល័យព័ត៌មាន ទូទៅ នៃស្នងការដ្ឋានព័ត៌មាន និងសន្ដិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ប៉ុន្តែត្រូវបានពន្យា។
ចំពោះ សំណុំរឿងនេះដែរ ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ សម្រេច ឲ្យលោក សយ សុភាព ឈ្នះក្តី បន្ទាប់ពីជំនុំ ជម្រះ ហើយរកឃើញថា ការប្តឹងចោទនេះ ពុំមានភស្តុតាង គ្រប់គ្រាន់។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ចៅក្រម សាលាដំបូងរាជធានី បានសម្រេចឲ្យលោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នក អត្ថាធិប្បាយ នៃស្ថានីយទូរទស្សន៍ បាយ័ន ផុតពីបទចោទប្រកាន់ ថាបានមើលការឆ្លើយឆ្លង តាមសារអេឡិច ត្រូនិក ដែលប្តឹង ដោយលោក ទូច គង្គា។ ហើយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ដដែលនេះ នាយកគ្រប់គ្រង កាសែតនគរវត្តរូបនេះ ក៏បានធ្វើដាក់ពាក្យ បណ្តឹងទាស់ ទៅសាលាឧទ្ធរណ៍ ចំពោះសាលក្រម របស់សាលាដំបូង រាជធានីភ្នំពេញ ៕ប្រភព ដើមអម្ពិល