មន្ត្រី​បក្ស​ប្រជាជន​ នៅ​មណ្ឌលគិរី​ រង​ការ​ប្ដឹង​ពី​ បទ​ជេរ​ប្រមាថ​ លោក សម រង្ស៊ី

7/23/2013 0 Comments A+ a-

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី ប្ដឹង​មន្ត្រី​គណបក្ស​កាន់​អំណាច​ពី​បទ​ជេរប្រមាថ​លោក សម រង្ស៉ី។
ក្រុម​ការងារ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អនុ​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​មណ្ឌលគិរី ឈ្មោះ ឃៀង ហាន បាន​ជេរ​ប្រមាថ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជេរ​លោក សម រង្ស៉ី កាល​ពី​ព្រលប់​ថ្ងៃ​ទី​២០ ខែ​កក្កដា ​ខណៈ​ដែល​ក្រុម​ការងារ​បក្ស​ប្រឆាំង​ទៅ​ទិញ​ម្ហូប​នៅ​ហាង​បាយ​មួយ​ក្នុង​ក្រុង​សែនមនោរម្យ។
នេះ​ជា​បណ្ដឹង​ជា​ផ្លូវ​ការ​លើក​ទី​១​ហើយ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា នៅ​ខេត្ត​មណ្ឌលគិរី។ បណ្ដឹង​នេះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ​ប្ដឹង​មន្ត្រី​គណបក្ស​កាន់​អំណាច​ដែល​កាន់ការ​ជា​អនុប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ផង​នោះ ​ទៅ​កាន់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​សង្កាត់​សុខដុម និង​ប្ដឹង​ចូល​ទៅ​កាន់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhco) ដើម្បី​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។
ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី លោក ឃុំ កាន បាន​រៀបរាប់​ថា កាល​ពី​ព្រលប់​ថ្ងៃ​ទី​២០ ខែ​កក្កដា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៧​នាក់ ដែល​មាន​ពាក់​អាវ​គណបក្ស​ជាប់​ខ្លួន​នោះ បាន​ចូល​ទៅ​ទិញ​ម្ហូប​អាហារ​នៅ​ផ្ទះ​លក់​បាយ​របស់​ប្រពន្ធ​លោក ឃៀង ហាន។ បន្ទាប់​មក លោក ឃៀង ហាន ក៏​ចាប់​ផ្ដើម​ជេរ​ប្រមាថ​គណបក្ស​សង្គ្រោះ​ជាតិ និង​រាលដាល​ប្រមាថ​ធ្ងន់ៗ​ដល់​លោក សម រង្ស៉ី ថែម​ទៀត។ លោក​បន្ត​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​តបត​អ្វី​ឡើយ ហើយ​ក៏​នាំ​គ្នា​ជិះ​ឡាន​ចេញ​ពី​ផ្ទះ​នោះ​ទៅ។
លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ស្វែង​រក​យុត្តិធម៌ ហើយ​ការ​ជេរ​ប្រមាថ​នេះ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ៖ «ខ្ញុំ​ចូល​ទៅ​ទិញ​ម្ហូប​ហ្នឹង​គេ​ឃើញ​ពាក់​ខោ​អាវ​គណបក្ស វា​ជេរ​ហ្នឹង​មិន​មែន​ជេរ​ខ្ញុំ​ទេ ជេរ​ថា បក្ស​ស្អី​បក្ស​សង្គ្រោះ​អី សម រង្ស៉ី អី អា​បោកប្រាស់។ ឲ្យ​ធ្វើ​ម៉េច​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ ហ្នឹង​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​សុទ្ធសាធ ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ហ្នឹង​ទេ»
លោក​បន្ត​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​និង​គ្រួសារ បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​បែប​នេះ។
យ៉ាងណាមិញ​អនុ​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​មណ្ឌលគិរី លោក ឃៀង ហាន មាន​ប្រសាសន៍​ថា រឿង​រ៉ាវ​ដំបូង​ជា​រឿង​ទំនាស់​ក្នុង​គ្រួសារ​លោក​ប៉ុណ្ណោះ មិន​មែន​ជា​ជម្លោះ​រវាង​លោក​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ លោក​បន្ត​ថា លោក​មិន​មាន​បំណង​ប្រមាថ​គណបក្ស​សង្គ្រោះ​ជាតិ ជេរ​លោក សម រង្ស៉ី ឬ​គំរាម​កំហែង​សកម្មជន​បក្ស​ប្រឆាំង​ទេ តែ​លោក​តមាត់​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចោទ​រាជរដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ថា​ពុករលួយ​ប៉ុណ្ណោះ។
លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​សមាជិក​បក្ស​កាន់​អំណាច លោក​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដៀល​រដ្ឋាភិបាល​ថា ពុករលួយ ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​ជា​ដាច់​ខាត៖ «គេ​ថា​មិន​រីក​ចំរើន​ទេ ខ្ញុំ​អន់​ចិត្ត និយាយ​ហើយ​និយាយ​ទៀត ខ្ញុំ​ក៏​កាន់​ជើង​ដែរ។ ខ្ញុំ​គ្មាន​បំណង​ជេរ​គេ​ទេ ដល់​ពេល​គេ​និយាយ​អ៊ីចឹង​ខ្ញុំ​ទ្រាំ​មិន​បាន​ក៏​ដាក់​ប្រាវៗ​ពីរ​បី​ម៉ាត់​ទៅ​វិញ​ទៅ​មក​ដែរ​ទៅ»
ទោះ​ជា​យ៉ាង​ណា​ក្តី សាក្សី​នៅ​កន្លែង​កើត​ហេតុ​ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បញ្ជាក់​ថា មន្ត្រី​បក្ស​​សង្គ្រោះ​ជាតិ មិន​បាន​តបត​នឹង​មន្ត្រី​បក្ស​កាន់​អំណាច​ទេ ហើយ​ក្រុម​ការងារ​គណបក្ស​ប្រឆាំង ក៏​មិន​ធ្លាប់​ស្គាល់​បុគ្គល​ឈ្មោះ ឃៀង ហាន ដែរ។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សេវាកម្ម​ច្បាប់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​មណ្ឌលគិរី លោក ហាច ប្រណី មាន​ប្រសាសន៍​ថា ស្ថាប័ន​ជំនាញ​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​ពី​ភាគី​ដើម​បណ្ដឹង​រួច​ហើយ ដោយ​កំណត់​យក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ជា​ថ្ងៃ​ណាត់​ជួប​ដើម្បី​ដោះស្រាយ។ លោក​បន្ត​ថា រឿងរ៉ាវ​ទាស់​សំដី​គ្នា​នេះ អាច​កើត​ឡើង​ដោយសារ​ចុង​ចោទ​នោះ​ស្រវឹង​ស្រា។ តែ​យ៉ាង​ណា​ក្តី ស្ថាប័ន​ជំនាញ​នឹង​ធ្វើ​ការងារ​តាម​ច្បាប់។
ទោះ​យ៉ាងណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​ថា សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អន្តរាគមន៍​ទៅ​កាន់​ស្ថាប័ន​អយ្យការ។ លោក​បន្ត​ថា ដើម​បណ្ដឹង​ចង់​ឲ្យ​ច្បាប់​ការពារ​សុវត្ថិភាព ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ប៉ុន្តែ​សមាគម​អាដហុក នឹង​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​បាន​លំអិត​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ៖ «សមាគម​អាដហុក មិន​ទាន់​បាន​ស៊ើប​អង្កេត​ច្បាស់លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​បាន​ទទួល​ពាក្យ​បណ្ដឹង»
មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា នេះ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខេត្ត​មណ្ឌលគិរី ទើប​តែ​បាន​ទទួល​ពាក្យ​បណ្ដឹង​ក្នុង​ករណី​នេះ​តែ​មួយ​គត់។ តែ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ខេត្ត​មណ្ឌលគិរី នេះ មាន​ករណី​មិន​ប្រក្រតី​កើត​ឡើង​មួយ​ចំនួន ដូចជា​ករណី​បក្ស​សង្គ្រោះ​ជាតិ ចោទ​ថា មេ​ភូមិ​ក្នុង​ស្រុក​កោះញ៉ែក ដក​ឌីស​ឃោសនា​របស់​បក្ស​ប្រឆាំង​ពី​ពលរដ្ឋ ករណី​នាយ​ប៉ុស្តិ៍​ឃុំ​ពូជ្រី ទូរស័ព្ទ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជួប បន្ទាប់​ពី​លើក​ស្លាក​បក្ស​ប្រឆាំង​ដាក់​មុខ​ផ្ទះ និង​ករណី​ចោទ​ថា មន្ត្រី​គណបក្ស​ប្រជាជន​ទិញ​ទឹក​ចិត្ត​ពី​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ជាដើម។
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ដឹង​ថា បើ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ​ទី​២១ កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី​២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គ.ជ.ប បាន​ទទួល​បណ្ដឹង​ចំនួន ២៧៥ ហើយ​បាន​ដោះស្រាយ​រួច​ចំនួន ២២៦​បណ្ដឹង។ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ ឈាន​មុខ​គេ​ក្នុង​ការ​ប្ដឹង​ពី​ករណី​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត។
ករណី​បណ្ដឹង​ធំ​ចុង​ក្រោយ​នៅ​ថ្នាក់​ជាតិ​នោះ ជា​ករណី​បាញ់​ប្រហារ​លើ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​វែក​មុខ​ជនល្មើស​បាន​នៅ​ឡើយ។ ករណី​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ដ៏​ធ្ងន់ធ្ងរ៕
ប្រភពពី RFA