ឆបោកប្រាក់បាន រាប់សិបលានរៀល គេចខ្លួនបាត់ពីដើមឆ្នាំ2009 ដល់ចុងឆ្នាំ2013 ត្រូវជាប់ជុច
ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនបុរសម្នាក់ក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី១៣ កក្កដា ក្នុងបទឆបោកប្រជាពលរដ្ឋចំនួន១០១គ្រួសារ រស់នៅក្នុងឃុំចំនួន២ ក្នុងស្រុកទឹកផុស ដែលបានប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០០៩ ហើយគេចខ្លួនរហូតដល់ថ្ងៃចាប់ខ្លួនតែម្តង ។ មន្ត្រីសាលាដំបូងខេត្តឱ្យដឹងថា ករណីចាប់ខ្លួនបុរសខាងលើយកមកឃុំខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៧៤ ចុះថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៣ របស់ចៅក្រម សុទ្ធ សំអោក តាមបណ្តឹងប្រជាពលរដ្ឋរងគ្រោះចំនួន១០១គ្រួសារ រស់នៅក្នុងឃុំក្បាលទឹក និងឃុំទួលខ្ពស់ ស្រុកទឹកផុស ។
តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង១០១គ្រួសាររៀបរាប់ថា ក្នុងអំឡុងឆ្នាំ២០០៩ បុរសខាងលើនេះឈ្មោះ ម៉ាត់ យូសុះ ហៅអឿន អាយុ៤៩ឆ្នាំ មានទីលំនៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស បានដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងមួួយគ្រួសារចាប់ពី២៥ម៉ឺនរៀល ទៅ១លានរៀល តាមទំហំដីតូចធំ ដោយសន្យាថា យកទៅរត់ការធ្វើប្លង់ដីឱ្យ ។ ក្រោយមក ឈ្មោះ ម៉ាត់ យូសុះ នេះបានរត់ការរៀបប្លង់ដីបានមែន ប៉ុន្តែប្លង់ដីនោះមិនបានយកមកឱ្យប្រជាពលរដ្ឋវិញទេ បែរជាឈ្មោះនេះយកទៅលក់ឱ្យក្រុមហ៊ុនមួយផ្សេងទៅវិញ ។
មានន័យថា ឈ្មោះនេះបានលុយពីរត្រួត គឺបានពីប្រជាពលរដ្ឋរាប់សិបលានរៀលហើយ ឈ្មោះនេះបានយកប្លង់ដីនោះទៅលក់ឱ្យក្រុមហ៊ុនមួយទៀត ដោយបានប្រាក់រាប់សិបម៉ឺនដុល្លារថែមទៀត បន្ទាប់មកក៏បានគេចខ្លួនរហូតតែម្តង ទើបក្រោយមកប្រជាពលរដ្ឋទាំង១០១គ្រួសារ បានដាក់ពាក្យបណ្តឹងមកសាលាដំបូង ដើម្បីស្វែងរកយុត្តិធម៌ ។
លោក ប៉ុល វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ដោយទទួលបានដីកាឱ្យនាំខ្លួនជនខាងលើ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោកស្វែងរកជនរូបនេះដើម្បីនាំខ្លួនប្រគល់ឱ្យតុលាការ ។ លុះពេលប្រទះឃើញក៏បាននាំខ្លួនប្រគល់ជូនតុលាការនៅព្រឹកថ្ងៃទី១៣ កក្កដា និងក្រោយការសាកសួររបស់ចៅក្រមរួចមក ក៏បានសម្រេចឃុំខ្លួននៅល្ងាចថ្ងៃដដែលនោះតែម្តង ។
ជុំវិញករណីឃុំខ្លួន បុរសឈ្មោះ ម៉ាត់ យូសុះ នេះ តាមព័ត៌មានក្រៅផ្លូវការនិយាយថា នៅមានមន្ត្រីថ្នាក់ស្រុកមួួយចំនួនទៀត ក៏មានពាក់ព័ន្ធនឹងករណីឆបោកនេះដែរ ៕via: kohsantepheap
