ស្ត្រីពេលមករដូវ គួរបរិភោគអាហារ ប្រភេទណា?
កាលពីអត្ថបទមុនSabayបានចុះផ្សាយម្ដងហើយទាក់ទងទៅនឹងថា តើស្ត្រីពេលមករដូវគួរតែហាត់ប្រាណដែរឬទេ? ដោយឡែកម្ដងនេះSabay សូមលើកយកចំណុចមួយទៀតដែលមិត្តស្ត្រីគួរយល់ដឹងពីរបបអាហារដែលគួរទទួលទាននៅពេលមករដូវ។
អ្នកគ្រូពេទ្យ កែវ ម៉ៅ គ្រូពេទ្យប្រចាំនៅអង្គការ RHAC បានប្រាប់Sabayឲ្យដឹងថា ស្ត្រីគ្រប់រូបគួរតែគិតគួរថែរក្សាសុខភាព មិនថាតែពេលមានរដូវ ឬថ្ងៃធម្មតានោះទេ។ អ្នកគ្រូបានមានប្រសាសន៍ថា ការដែលស្ត្រីមួយចំនួនយល់ថា ការបរិភោគអាហារមានជាតិហិល ឬផឹកទឹកដូងអំឡុងពេលមករដូវអាចប៉ះពាល់ដល់ដំណើរការធ្លាក់ឈាមរដូវនោះ វាគឺជាការយល់ខុស។
គាត់បានបញ្ជាក់ថា ការមករដូវខុសធម្មតាមិនមែនបណ្ដាលមកពីការទទួលទានអាហារនោះទេ ផ្ទុយទៅវិញអាហារដែលយើងបរិភោគសុទ្ធតែមានគុណប្រយោជន៍ជួយជំរុញឲ្យដំណើរនៃវដ្ដរដូវ និងការធ្លាក់ឈាមរដូវប្រព្រឹត្តទៅប្រក្រតី។
ជាទូទៅស្ត្រីគ្រប់រូបគួរទទួលទានសាច់ បន្លែពណ៌បៃតងឲ្យបានច្រើន និងទឹកដោះគោ ព្រោះរបស់ទាំងនោះសម្បូរដោយវីតាមីនផ្ដល់ឲ្យរាងកាយរឹងមាំ។ អ្នកគ្រូបានបន្ថែមថា ពេលដែលមករដូវស្ត្រីមិនគួរតបអាហារទេ ព្រោះយើងត្រូវការវីតាមីនពីចំណីអាហារមកបំប៉ន និងផលិតតុល្យភាពឈាមក្រហមឡើងវិញ។
បន្ថែមពីនេះទៅទៀតនោះ តាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញនៅអឺរ៉ុប បានបង្ហាញពីអាហារដែលប្រសើរបំផុតសម្រាប់ស្ត្រីទទួលទានអំឡុងពេលមករដូវមានដូចជា៖
- ត្រីនិងសាច់ វាជួយបង្កើតនូវជាតិដែកដែលបាត់បង់តាមឈាមរដូវមកវិញ។
- គ្រាប់ធញ្ញជាតិ និងបាយ សម្បូរជាអាហារដែលមានសារធាតុកាបូនអ៊ីដ្រាត។ វាជួយកាត់បន្ថយការឃ្លានចំណីផ្អែម ព្រោះការបរិភោគអាហារ ដែលមានជាតិស្ករ ឬផ្អែមពេលមករដូវអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចាប់កើនឡើង។
- ប៉េងប៉ោះ ការ៉ុត ផ្ទី ជាប្រភេទបន្លែដែលសម្បូរដោយវីតាមីនA ហើយវាជួយកាត់បន្ថយការកកើតជាតិខ្លាញ់ដែលបណ្ដាលឲ្យកើតមុន។
- ផ្លែឈើស្រស់ៗ អាចជួយកាត់បន្ថយភាពស្មុគស្មាញ។ ផ្លែទទឹមជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ផ្លែម្នាស់សម្បូរដោយសារធាតុប្រូម និងអង់ស៊ីម ដែលអាចជួយសម្រួលដល់សាច់ដុំ និងដំណើររំលាយអាហារ។
- ទឹកនឹងជួយរក្សាលំនឹងជាតិទឹកក្នុងខ្លួនពេលបរិភោគវាបានគ្រប់។ ទឹកតែ អាចជួយកាត់បន្ថយការកន្ត្រាក់ចុកចាប់សាច់ដុំ និងធ្វើឲ្យអារម្មណ៍ធូរស្រាល។
- ទឹកដោះគោជូរ និងទឹកក្រូច សម្បូរដោយកាល់ស្យូម ជួយផលិតជាតិដែក និងធ្វើឲ្យឆ្អឹងរឹងមាំ។