iPad mini Retina display មានល្បឿន និងកាមេរ៉ាពិសេស
ទាក់ទងទៅនិងផលិតផលរបស់ក្រុមហ៊ុន Apple មានប្រភពជាច្រើនបានរំពឹងថា ក្រុមហ៊ុន Apple នឹងអាចធ្វើការបញ្ចេញនូវជំនាន់ថ្មីនៃ iPhone, iPad និង iPad mini នាចុងឆ្នាំនេះ ។ យ៉ាងណាមិញបើយោងទៅតាមពាក្យចចាមអារ៉ាមចុងក្រោយនេះបានឲ្យដឹងថា កុំព្យូទ័របន្ទះស្ដើងដែលទទួលបានប្រជាប្រិយភាពរបស់ក្រុមហ៊ុនមានបំពាក់ដោយអេក្រង់ទំហំ 7.9-inch នឹងត្រូវធ្វើការអភិវឌ្ឍថ្មីជាមួយលក្ខណសម្បត្តិជាច្រើនដែលមានភាពខុសប្លែកគ្នាទៅនឹងម៉ូដែលចាស់ (iPad mini) ។
យោងតាមប្រភព MobiLeaks បានឲ្យដឹងបន្ថែមថា ជំនាន់ទី២ នៃ iPad mini នឹងអាចបំពាក់ដោយអេក្រង់ Retina displasy ជាមួយនឹងកម្រិតភាពច្បាស់ 2048 x 1536 ដែលអាចធ្វើការបង្ហាញកម្រិតភាពច្បាស់ 324 pixels ក្នុង 1-inch និងថែមទាំងមាននូវលក្ខណសម្បត្តិពិសេស CPU dual-core A6X processor របស់ក្រុមហ៊ុន Apple ដែលធ្វើឲ្យផលិតផលនេះមានល្បឿនកាន់តែប្រសើរ ។ ដោយឡែកចំពោះកាមេរ៉ារបស់ផលិតផលក៏នឹងមានការអភិវឌ្ឍទៅលើកាមេរ៉ាក្រោយទំហំ 8MP និងមុខ 2MP ផងដែរ (បញ្ជាក់ iPad mini បច្ចុប្បន្នត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយទំហំ 5MP និង មុខ 1.2MP ប៉ុណ្ណោះ) ។ ក្រៅពីនេះជំនាន់ក្រោយរបស់ iPad mini នឹងមានកម្រាស់ចន្លោះពី 7.2mm ទៅ 7.5mm ហើយក៏ប្រហែលជាមាននូវថាមពលថ្មខ្លាំងជាងមុនផងក៏ថាបាន ។
សូមបញ្ជាក់ថា បើយោងទៅតាមប្រភព bgr បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងអាចប្រកាសចេញជាផ្លូវការនូវជំនាន់ថ្មីរបស់ iPad mini នាចុងឆ្នាំនេះ៕