ស្រាវជ្រាវ៖ តើ​អ្នក​ណា​ ជា​អ្នក​«ចាប់​ផ្តើម»​គូស​វាស​បណ្តាញ​ផ្លូវ​ថ្នល់​ ឲ្យ​កម្ពុជា ?

4/18/2013 0 Comments A+ a-

ប្រវត្តិសាស្ត្រប្រទេសកម្ពុជាទំនើប សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា និងណុប សុខា ដែលជា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញថាបារាំង គឺជា«អ្នកចាប់ផ្តើម»គូស​វាស ផ្លូវថ្នល់ជាតិក្រាលកៅស៊ូ និងបានបន្សល់ទុកជាកេរ្តិ៍ មកឲ្យខ្មែរ។ មិនតែប៉ុណ្ណោះ លោក ហង់រី ឡូការដ៍ (Henry Locard) ជា​សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រ នៃអាណាព្យាបាលបារាំង ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានអះអាងបន្ថែម​ទៀត​ដែរថា បារាំង គឺជាអ្នកយកចិត្តទុកដាក់ អភិវឌ្ឍន៍វិស័យគមនាគមន៍ផ្លូវគោក និងផ្លូវដែកនៅកម្ពុជា។

ស្ពានបូរាណកំពង់ក្ដី ដែលជាភស្ដុតាងនៃផ្លូវគមនាគមន៍ មានតាំងពីសម័យអង្គរ។ (រូបថតឯកសារ)
ប៉ុន្តែប្រសិនបើគេសិក្សាពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា តាំងពីដើមរៀងមក អោយបានលំអិត នោះគេនឹងយល់ថា អាណា-​ព្យាបាលបារាំង គ្រាន់តែបានសាងសង់បន្ថែម ឬបានកែលំអទៅលើអ្វី ដែលខ្មែរធ្លាប់បានត្រួសត្រាយខ្លួនឯងរួចហើយ។ មនោរម្យព័ងអាំងហ្វូ សូមលើកការសិក្សាស្រាវជ្រាវ ពីឬសគលដើមនៃការគូសវាស ផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជានេះ មកបញ្ជាក់ជូនដូចខាងក្រោម។
កម្ពុជា ស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍ដីគោក ដែលជាកន្លែងមួយដ៏មានសារៈសំខាន់។ តាមប្រវត្តិសាស្រ្ត ហ្វូណន (រដ្ឋ​ដែលកើតមុនកម្ពុជា) ជារដ្ឋមួយដ៏រីកចម្រើន ក្រោយពេលស្ដេចហ្វាន់ ចេម៉ាន់ ឡើងសោយរាជ្យក្នុងសតវត្ស៍ទី ៣។ ក្នុងរាជ​របស់ព្រះអង្គ មានរដ្ឋជាច្រើននៅតាមឈូងសមុទ្រថៃ ស្ថិតនៅជារដ្ឋចំណុះរបស់ហ្វូណន ដែលជាហេតុធ្វើឲ្យហ្វូណន មាន​ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសភាគខាងលិច ដូចជាឥណ្ឌា និងរ៉ូមជាដើម។ ដូច្នេះគេអាចចាត់ទុក​ហ្វូណន ជារដ្ឋពាណិជ្ជកម្មសំខាន់បំផុតនៅក្នុង សម័យនោះ ព្រោះមានកោះជាច្រើនដូចជា កោះជ្វា និងកោះស៊ូម៉ាត្រា បាន​នាំយកសួយសារអាករ ជាមាស កំណាត់សំពត់ ដែក ខ្យងធំ និងគ្រឿងទេសផ្សេងៗ ទៀតទៅថ្វាយស្ដេចហ្វូណន។
នៅក្នុងយុគសម័យអង្គរដ៏រុងរឿង ស្ដេចខ្មែរ បានកសាងផ្លូវថ្នល់ជាច្រើនខ្សែ ដែលតភ្ជាប់ពីអង្គរ ទៅកាន់តំបន់ផ្សេងៗ នៃ​ព្រះរាជាណាចក្រ ដើម្បីសម្រួលដល់កិច្ចការនយោបាយ ចម្បាំង សេដ្ឋកិច្ច។ល។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ មានរដ្ឋជា​ច្រើន បានស្ថិតនៅក្រោមចំណុះរបស់ព្រះអង្គ រហូតដល់សមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា។ ជីវតាក្វាន់ បាន​កត់​ត្រាថា ចិនភាគច្រើនបានមករកស៊ីនៅ អង្គរ ហើយ«អង្គរ»បាននាំចេញផលិតផលជាច្រើន ទៅចិនវិញ។

គេបានរកឃើញ ពីផ្លូវលំមួយ ចេញពីអង្គរទៅកាន់ ប្រាសាទបន្ទាយស្រី ដែលផ្លូវបូរាណបន្សល់ពីសម័យអង្គរ។ (រូបថត wikimedia.org)
គេច្រើនតែយល់ថា ប្រទេសកម្ពុជាសម័យក្រោយអង្គរ គឺជាយុគងងឹត ឬជាសម័យចុះអន់ថយ។ ប៉ុន្តែអ្នកប្រវត្តិសាស្រ្ត​ បាន​រកឃើញថា បើគេមិនសំលឹងមើល តែទៅលើបរិបទនយោបាយនោះ គេនឹងយល់ថា សម័យក្រោយអង្គរ គឺជាសម័យមួយ​ស្ថិតនៅតំណាលគ្នា នឹង«យុគសម័យពាណិជ្ជកម្ម» របស់តំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះអាចបង្ហាញបានថា វិស័យពាណិជ្ជកម្ម នៃប្រទេសកម្ពុជានៅសម័យក្រោយអង្គរ មិនបានស្ថិតនៅក្នុងសភាពអន់ថយឡើយ ព្រោះកម្ពុជាមាន ទន្លេមេគង្គ ជាផ្លូវ​គមនាគមន៍ដ៏សំខាន់ៗ សម្រាប់វិស័យពាណិជ្ជកម្មនាំចេញ និងនាំចូលផលិតផលផ្សេងៗ ទៅមកបរទេសបាន។
ពាណិជ្ជករអឺរ៉ុប ដែលបានមកស្គាល់ប្រទេសកម្ពុជាដំបូង បានហៅទន្លេមេគង្គក្រោមថា ជាទន្លេជប៉ុន ព្រោះគេប្រទះឃើញ មានភូមិជប៉ុនមួយនៅភ្នំពេញ និងមួយទៀតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។ មិនតែប៉ុណ្ណោះ គេហៅទន្លេមេគង្គលើថា ជាទន្លេលាវ ព្រោះគេអាចធ្វើដំណើរទៅដល់ ប្រទេសលាវបានតាមទន្លេដ៏ធំមួយនេះ។ ការបង្ហាញខាងលើនេះ អាចបញ្ជាក់​បានទៀតថា កម្ពុជាគឺជាមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងលាវ នឹងអាស៊ីខាងកើត​មាន​ប្រទេសជប៉ុនជាដើម។
នៅចុងសតវត្ស៍ទី ១៧ តំបន់ទន្លេមេគង្គក្រោម បានធ្លាក់ជា«រដ្ឋចំណុះ» របស់រាជវង្សង្វៀនរបស់យួន ដែលជាហេតុ​ធ្វើឲ្យ​ស្ដេចខ្មែរ ត្រូវស្វែងរកផ្លូវទឹកថ្មី ដើម្បីកសាងកំពង់ផែមួយទៀត នៅពាមបន្ទាយមាស ក្នុងតំបន់ហាទៀងសព្វថ្ងៃ ហើយបាន​រាប់អានគ្នាយ៉ាងជិតស្និទ្ធ ជាមួយគ្រួសារចិនមួយ ត្រកូល ម៉ាក។
ម្យ៉ាងទៀតនៅពាក់កណ្តាលសតវត្ស៍ទី ១៩ សៀមនិងយួន តែងតែច្បាំងគ្នាជាញឹកញាប់នៅលើទឹកដីខ្មែរ ដើម្បីដណ្ដើម​យកដី និងផ្លូវសមុទ្ររបស់ខ្មែរ។ ប៉ុន្តែក្រោយពេលព្រះបាទ អង្គឌួង ឡើងសោយរាជ្យ ព្រះអង្គបានរៀបចំ​ប្រទេសខ្មែរ​ឡើង​វិញ។ ព្រះរាជវាំងរបស់ព្រះអង្គ ស្ថិតនៅក្រុងឧដុង្គត្រង់តំបន់ វត្តវាំងចាស់ ភូមិឃ្លាំងប្រាំសព្វថ្ងៃ។ ព្រះរាជវាំងរបស់​ព្រះអង្គ​ឌួង ស្ថិតនៅចំណុចប្រសព្វរវាងផ្លូវទៅ កំពត ផ្លូវទៅពោធិសាត់ និងផ្លូវទៅកំពង់ហ្លួង ដែលជាកំពង់ផែរបស់រាជធានីឧដុង្គ។
លោក ហង់រី ហូហួត (Henry Hohout) លោក ប៊ួយលឺវូ (Bouillevaux) និងលោក បាវី (Pavie) បានសរសេរថា ព្រះបាទ​អង្គឌួង បានកសាងផ្លូវទៅកំពត ដោយមានសង់សាលាដំណាក់ជាច្រើន ប្រហែលជា២០គមមួយ ដើម្បីសម្រួល​ដល់ការ​ធ្វើរដំណើរទៅមក។ ឯផ្លូវថ្នល់ទៅកំពង់ហ្លួងវិញ ព្រះអង្គបានកសាងវាឡើង ជាកំពែងយ៉ាងរឹងមាំ ដើម្បីការពារទឹកជំនន់ នៅរដូវវស្សា។
ពេលប្រទេសកម្ពុជា ស្ថិតនៅក្រោមសម័យអាណាព្យាបាល បារាំងចូលចិត្តធ្វើដំណើរតាមផ្លូវទឹក រហូតដល់​មានការ​កសាង​កំពង់ផែថ្មីមួយទៀត នៅព្រៃនគរ (សាយហ្គន ឬហូជីម៉ិញសព្វថ្ងៃ) ដើម្បីធ្វើជាកំពង់ផែអន្តរជាតិ ដើម្បីនាំចេញស្រូវអង្ករ ទៅបរទេស។
ក្រោយពេលបារាំង នាំយកយានជំនិះ មកប្រើប្រាស់នៅក្នុងស្រុកខ្មែរ ទើបបារាំងចាប់ផ្តើមគូសវាស ប្រព័ន្ធផ្លូវថ្នល់ ដែល​ជាផ្លូវចាស់របស់ព្រះបាទអង្គឌួង ឲ្យទៅជាផ្លូវអាណានិគមរបស់ខ្លួន ហើយផ្លូវទាំងនោះ បានក្លាយជាផ្លូវជាតិ​រហូតដល់​សព្វថ្ងៃ។ ផ្លូវទាំងនោះមានដូចជា ផ្លូវជាតិលេខ ១ ពីភ្នំពេញ ទៅស្វាយរៀងដល់ច្រកព្រំដែនបាវិត ផ្លូវជាតិលេខ ២ ពីភ្នំពេញ​ទៅតាកែវ ដល់ច្រកព្រំដែនភ្នំឌិន ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅកំពត ផ្លូវជាតិលេខ៥ ពីភ្នំពេញទៅដល់បាត់ដំបង ប៉ោយប៉ែត ផ្លូវជាតិលេខ ៦ពីភ្នំពេញទៅកំពង់ធំ សៀមរាប ដល់សេរីសោភ័ណ្ឌ ផ្លូវជាតិលេខ ៧ ពីស្គន់ ដល់មេមត់ ស្នួល ផ្លូវ ជាតិលេខ ១៣ ពីស្នួលទៅក្រចេះ ស្ទឹងត្រែងដល់ច្រកដុំក្រឡ ផ្លូវជាតិលេខ ១៥ ភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅផ្លូវជាតិលេខ ៧ដោយ​ឆ្លង​កាត់ទីរួមខេត្តព្រៃវែង ស្រុកអូររាំងឪ និងផ្លូវជាតិលេខ ១០ ភ្ជាប់ពី ខេត្តបាត់ដំបងទៅកាន់ខេត្តប៉ៃលិន។ ក្រៅពីនេះ នៅមាន​ផ្លូវតភ្ជាប់ ពីទីរួមខេត្ត ទៅកាន់ទីប្រជុំជន ស្រុក និងជនបទសំខាន់ៗ នៅទូទាំងប្រទេស ព្រមទាំងមានផ្លូវដែក ២ខ្សែទៀត​ដែរ។
សរុបមកឃើញថា ទោះជានៅក្នុងមូលហេតុ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬនយោបាយក្ដី ផ្លូវថ្នល់សម្រាប់ធ្វើចរាចរណ៍ ត្រូវបាន​ខ្មែរខ្លួនឯងគូសវាសរួចហើយ ហើយបារាំងមិនមែនជា«អ្នកចាប់ផ្តើម»គូសវាស បណ្តាញផ្លូវថ្នល់ឲ្យខ្មែរទេ។
ប៉ុន្តែបារាំង ជាអ្នកយកចិត្តទុកដាក់ អភិវឌ្ឍន៍វិស័យគមនាគមន៍ផ្លូវគោក និងផ្លូវដែកនៅកម្ពុជា ព្រោះប្រព័ន្ធគមនាគមន៍​ទាំងនោះ គឺជាយុទ្ធសាស្រ្តនយោបាយដ៏សំខាន់មួយ ដើម្បីពង្រឹងការគ្រប់គ្រងរដ្ឋបាល សន្តិសុខ និងដើម្បីបង្កើនការបូម​ប្រមូលយក ផលប្រយោជន៍សេដ្ឋកិច្ចពីផ្នែកផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ បារាំងគ្រាន់តែជាអ្នករៀបចំកែលម្អ សារជាថ្មី​ប៉ុណ្ណោះ ព្រោះផ្លូវថ្នល់ទាំងនោះ គឺជាកេរ្តិ៍ របស់បុព្វបុរសខ្មែរ និងព្រះមហាក្សត្រខ្មែរ ជាពិសេសរបស់ព្រះបាទអង្គឌួង។
ហើយតាមរយៈការរៀបរាប់ខាងលើ ក៏បានបង្ហាញឲ្យឃើញដែរ ថាទឹកដីខ្មែរ ជាតំបន់ពាណិជ្ជកម្មដ៏ពិសេសមួយ ក្នុងអាស៊ី ទាំងផ្លូវគោក និងផ្លូវទឹក។ ប្រសិនបើគ្មានសង្គ្រាមទេ ខ្មែរប្រាកដជារីកចម្រើនយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ននេះមិនខាន៕ដោយ៖ មនោរម្យព័ងអាំងហ្វូ