លោកអាឡិចប្រកាសមិនចេញពីកម្ពុជាហើយរង់ចាំទាល់តែអាជ្ញាធរបណ្តេញ
ភ្នំពេញ—ប្រធានអង្គការមាតាធម្មជាតិ ជនជាតិអេស្ប៉ាញ លោកAlex Gonzalez Davidson អាចប្រឈមនឹងការបណ្តេញចេញពីប្រទេសកម្ពុជាដោយសារការដឹកនាំការ ប្រឆាំងតវ៉ានឹងការសាងសង់ទំនប់វារីអគិ្គសនីរបស់ក្រុមហ៊ុនចិនមួយនៅ តំបន់អារ៉ែង ខេត្តកោះកុង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសា លោកAlex Gonzalez និយាយថាអាជ្ញាធរបានដកលិខិតឆ្លងដែនរបស់លោកនៅពេលដែលលោកបានបញ្ជូន លិខិតឆ្លងដែនដើម្បីស្នើសុំទិដ្ឋាការថ្មី។ លោកបញ្ជាក់ថាមន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃត្រូវ ស្រង់សំដីក្នុងប្រព័ន្ធផ្សព្វផ្សាយថាលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បញ្ជាមិន ឲ្យផ្តល់ទិដ្ឋាការដល់រូបលោកនោះទេ ខណៈដែលទិដ្ឋាការ(visa)របស់លោកត្រូវផុតកំណត់នៅថ្ងៃទី២០ខែកុម្ភៈ។
លោក Alex បានសង្ស័យថាការមិនព្រមផ្តល់ឱ្យនេះទាក់ទងនឹងការងារក្នុងពេលកន្លងមករបស់លោក។
«ខ្ញុំគិតថាវិធានការនេះដោយសារសកម្មភាពរបស់ខ្ញុំក្នុងការតវ៉ា ការពារធនធានធម្មជាតិនៅតំបន់អារ៉ែងយ៉ាងជាក់ស្តែង»។ លោកAlex Gonzalez បានថ្លែងយ៉ាងដូច្នេះចំពោះសំណួរអំពីមូលហេតុនៃការមិនផ្តល់ ទិដ្ឋាការដល់រូបលោក។
លោកបន្ថែមថា៖ «ខ្ញុំនឹងមិនចាកចេញពីប្រទេសកម្ពុជាទេពីព្រោះខ្ញុំបានចាត់ទុក ខ្លួនខ្ញុំជាជនជាតិខ្មែររួចទៅហើយតាំងពីឆ្នាំ២០០៧អញ្ចឹងខ្ញុំអត់ អាចចេញបានទេ…ប៉ុន្តែបើគេយកប៉ូលិសអន្តោប្រវេសន៍មកបង្ខំឱ្យ ខ្ញុំចាកចេញខ្ញុំអត់តដៃទេព្រោះវប្បធម៌របស់ខ្ញុំគឺអត់មានប្រើ អំពើហិង្សា។ អញ្ចឹងបើគេបង្ខំ ឱ្យចាកចេញខ្ញុំអត់មានជម្រើសក្រៅពីចាកចេញ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺបេះដូងខ្ញុំ និងចក្ខុវិស័យខ្ញុំនៅកម្ពុជាមួយជីវិតហើយ»។
ជនជាតិអេស្ប៉ាញរូបនេះបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេល១២ ឆ្នាំហើយ។ លោកចេះភាសាខ្មែរយ៉ាងស្ទាត់ជំនាញហើយលោកបានស្នើសុំសញ្ជាតិកម្ពុជា ប៉ុន្តែត្រូវគេទារកម្រៃចំនួន៥ម៉ឺនដុល្លារអាមេរិក។ នេះបើតាមអ្វីដែលលោកបានបញ្ជាក់។
នៅថ្ងៃអង្គារនេះអង្គការសង្គមស៊ីវិលបានបង្ហាញប្រតិកម្មជា ផ្លូវការយ៉ាងខ្លាំងរិះគន់ចំពោះការបដិសេធមិនព្រមផ្តល់ទិដ្ឋាការ ថ្មីដល់លោកAlex Gonzalez Davidson នេះ៕ ប្រភពៈ VOA