Apple លក់ iPhone បានចំនួន ៣៩,៣លានគ្រឿង

10/21/2014 0 Comments A+ a-

ញូវយ៉ក៖ ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំរបស់សហរដ្ឋអាម៉េរិក Apple បានប្រកាសថា គិតមកដល់ត្រឹមត្រីមាសទី៤ ឆ្នាំ២០១៤នេះ ក្រុមហ៊ុនបានលក់ ចេញទូរស័ព្ទប្រភេទស្មាតហ្វូន ក្នុងនោះរាប់បញ្ចូលទាំង iPhone6 និង Phone 6Plus មានរហូតដល់ចំនួន ៣៩,៣លានគ្រឿង ។
យោងតាមទូរទស្សន៍ស៊ីអ៊ិអ៊ិន បានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ថា តួលេខនៃការលក់ស្មាតហ្វូន របស់ក្រុមហ៊ុនយក្សរបស់ សហរដ្ឋអាម៉េរិក Apple ពិតជាមានចំនួន ៣៩,៣លានគ្រឿង ដោយបូករួមទាំងផលិតផលថ្មីៗ ដែលមានដូចជា iPhone 6 និង iPhone 6Plus ដែលផលិតឡើង ហើយចេញលក់នៅលើទីផ្សារសហរដ្ឋអាម៉េរិក ចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញាមកដល់បច្ចុប្បន្ននេះ ។
ក្រុមអ្នកវិភាគមួយចំនួនមកពី Wall Street បានព្យាករណ៍ឲ្យដឹងថា សន្ទុះនៃការលក់ទូរស័ព្ទដៃ របស់ក្រុមហ៊ុន Apple បានកើនឡើង១៦ភាគរយ ។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា លោកអរគុណណាស់ ចំពោះការគាំទ្រនៃការចេញលក់ស្មាតហ្វូន ដូចជា iPhone 6 និង iPhone 6Plus ហើយរំពឹងថា នៅក្នុងត្រីមាសបន្ទាប់ៗទៀត សន្ទុះនៃការលក់កាន់ តែកើនឡើងជាលំដាប់ ។
គួរបញ្ជាក់ដែរថា សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានដូចជា Mac ក្រុមហ៊ុននេះលក់ចេញនៅ ក្នុងកំណត់ត្រាចំនួន ៥,៥លានគ្រឿង ក្នុងអំឡុងពេលដូចគ្នា គឺបានកើនឡើង ២១ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៣ ។ លើសទីនេះ សម្រាប់ការលក់ចេញ iPads វិញ ក្រុមហ៊ុននេះបានលក់ចេញអស់ចំនួន ១២,៣លានគ្រឿង ។
ក្រុមអ្នកវិភាគបានព្យាករណ៍ថា សម្រាប់ការលក់ចេញ Tablets វិញ Apple នឹងអាចលក់ចេញបានប្រមាណ ១៣លានគ្រឿង ៕