អ្នកវិទ្យាសាស្ត្រពីររូប ឈ្នះពានរង្វាន់ណូបែលរូបវិទ្យា
លោកបណ្ឌិត ភីតធឺ ហ៊ីក (Dr Peter Higgs) នៃចក្រភពអង់គ្លេស និង លោកបណ្ឌិត ហ្វ្រង់ស៊ីស អ៊ីងឡឺត (Dr Francois Englert) នៃប្រទេសបែលហ្ស៊ិកបានឈ្នះពានរង្វាន់ណូបែលសម្រាប់រូបវិទ្យាកាលពីថ្ងៃអង្គារទី ៨ ខែតុលា ឆ្នាំ ២០១៣ ចំពោះនឹកឃើញដល់ “ភាគល្អិតរបស់ព្រះ” (God particle) ដែលផ្សំបានជាម៉ាស (Mass) ឡើង។
លោកបណ្ឌិតហ៊ីក អាយុ ៨៤ ឆ្នាំ និង លោកបណ្ឌិត អ៊ីងឡឺត អាយុ ៨០ ឆ្នាំ ត្រូវបានផ្តល់កិត្តិយសចំពោះការបង្កើតទ្រឹស្តីនៃភាគល្អិតមួយ ដែលគេរកឃើញកាលពីឆ្នាំមុន បន្ទាប់ពីការស្វែងរកដ៏លំបាកមួយ ដែលពន្យល់ថាហេតុអ្វីបានជាចក្រវាឡមានរូបធាតុ។
គណៈកម្មការវាយតម្លៃបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគល្អិតនេះមានប្រភពដើមពីទីវាលមើលមិនឃើញមួយដែលបំពេញដោយសុញ្ញអាកាសទាំងអស់។ សូម្បីនៅពេលចក្រវាឡហាក់គ្មានអ្វីទាំងអស់ ក៏ទីវាលនេះនៅតែស្ថិតនៅទីនោះ”។
“ប្រសិនបើគ្មានវាទេ យើងនឹងមិនអាចកើតឡើងបានទេ ព្រោះវាបានមកពីការប៉ះពាល់ជាមួយនឹងទីវាលខាងលើ ទើបភាគល្អិតទាំងនេះផ្សំបានជាម៉ាសឡើង”។ សាកលវិទ្យាល័យ University of Edinburgh បានបង្ហោះសេចក្តីថ្លែងការណ៍មួយរបស់លោកបណ្ឌិតហ៊ីកដោយនិយាយថា លោកមានក្តីរំភើបណាស់ចំពោះកិត្តិយសមួយនេះ៕
ប្រភពពី CEN

