Samsung Galaxy S4 Zoom ចេញលក់នៅលើទីផ្សារក្នុងថ្ងៃទី៨ កក្កដា ២០១៣
Galaxy S4 Zoom ជាទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីអាចធ្វើការថតរូប zoom បាន 16x និងមានទំហំកាមេរ៉ាដល់ទៅ 16MP ។ ដោយឡែកទូរស័ព្ទដ៏ស្រស់ស្អាតដែលមានជំនាញខាងថតរូប និង zoom នឹងត្រូវក្រុមហ៊ុន Samsung ធ្វើការចេញលក់នៅលើទីផ្សារនាថ្ងៃទី៨ ខែកក្កដានេះហើយ ។
ទូរស័ព្ទទំនើប Galaxy S4 Zoom ថ្វីបើស្ថិតនៅក្នុងស្រឡាយទូរស័ព្ទ Galaxy S4 ប៉ុន្តែទូរស័ព្ទនេះមិនមានបំពាក់ដោយអេក្រង់ទំហំ 5-inch ដែលមានកម្រិតភាពច្បាស់ Full HD នោះទេ តែផ្ទុយមកវិញ Galaxy S4 Zoom គឺត្រូវបានបំពាក់ដោយអេក្រង់ទំហំ 4.3-inch qHD Super AMOLED display ដែលមានកម្រិតភាពច្បាស់ 960×540 pixels តាមលក្ខណសម្បត្តិនេះគឺដូចគ្នាទៅនឹងលក្ខណសម្បត្តិរបស់ទូរស័ព្ទ Galaxy S4 mini ដែរ ។ (អានលំអិតពីលក្ខណសម្បត្តិរបស់ Galaxy S4 Zoom !..)
សូមបញ្ជាក់ថា បើយោងទៅតាមប្រភព Clove ទូរស័ព្ទទំនើប Galaxy S4 Zoom នឹងត្រូវលក់នៅក្នុងចក្រភពអង់គ្លេសជាមួយតម្លៃប្រហែល £442.80 ($672.88) ដែលនេះជាតម្លៃគិតទាំងពន្ធ ចំពោះតម្លៃមិនទាន់គិតពន្ធគឺប្រហែល £369 ($560.73) ។ គួររំលឹកផងដែរថា រាល់ទីផ្សារទូរស័ព្ទទំនើបទាំងអស់ទីផ្សារនៅក្នុងចក្រភពអង់គ្លេសគឺជាទីផ្សារមួយដែលតែងតែមានតម្លៃថ្លៃជាងគេ ដូច្នេះយើងសង្ឃឹមថា ទូរស័ព្ទ Galaxy S4 Zoom នឹងមានតម្លៃទាបជាងនេះនៅពេលចូលដល់ទីផ្សារកម្ពុជា ។ ដោយឡែកបើយោងតាមរយៈការនាំចូលនូវផលិតផល Samsung មកទីផ្សារកម្ពុជា យើងអាចនិយាយបានថា ទូរស័ព្ទ Galaxy S4 Zoom ក៏ប្រហែលជានឹងត្រូវនាំចូលក្នុងពេលឆាប់ៗខាងមុខផងដែរ បន្ទាប់ពីការប្រកាសចេញលក់នាថ្ងៃទី៨ កក្កដា ២០១៣ ៕