រួមគំនិត ជាមួយម្តាយចុង ចាប់ពង្រត់ និងជំរិតកូនស្រីគេ ត្រូវនគរបាល ចាប់វាយខ្នោះ ទាំង២នាក់

2/18/2015 0 Comments A+ a-

កំពង់ចាម ៖ កម្លាំងនគរបាល ខេត្តកំពង់ចាម តាមការិយាល័យ ជំនាញ សហការជាមួយ នគរបាលស្រុកព្រៃឈរ បានបើកការស្រាវជ្រាវ យ៉ាង យកចិត្តទុកដាក់ ជាបន្ទាន់មួយ រហូតឈានទៅដល់ការ បំបែកសំណុំរឿង ចាប់ពង្រត់ និងជំរិតទារប្រាក់ ពីក្រុមគ្រួសារ ក្មេងស្រីរងគ្រោះម្នាក់ នៅ ស្រុកព្រៃឈរ បានសម្រេច ដោយជនសង្ស័យទាំង២នាក់ គឺជាម្តាយចុង និងកូនប្រុស ។
មន្រ្តីនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្ត កំពង់ចាម បានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ មកម្ល៉េះ ស្ថិតនៅភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ដោយជនសង្ស័យ២នាក់ ជាម្តាយចុង និងកូនប្រុស បានរៀបចំផែនការចាប់ ពង្រត់ នារីវ័យក្មេងម្នាក់ ហើយទូរស័ព្ទមកជំរិតទារប្រាក់ពីគ្រួសាររបស់នាង ។
ដោយសារតែ មិនអាចទ្រាំ និងសកម្មភាពដ៏ឈឺចាប់បែបនេះ ទើបគ្រួសារ ជនរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹង ទៅនគរបាលស្រុកព្រៃឈរ ឲ្យ តាមការស្រាវជ្រាវ និងដោះស្រាយជូន ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្ត កំពង់ចាម បានបន្តទៀតថា ក្រោយទទួលព័ត៌មាន និងករណីនេះភ្លាម ស្នងការ នគរបាលនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយនគរបាល ការិយាល័យ កណ្តាលព្រហ្មទណ្ឌ ព្រមទាំង នគរបាលស្រុកព្រៃឈរ ដែលជាម្ចាស់ទឹកដីនោះ បើការស៊ើប អង្កេតជាបន្ទាន់ ដើម្បីបំបែបសំណុំរឿងមួយនេះ ។
ក្រោយទទួលបាន បទបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ស្នងការរួចមក និងមានការ សម្រេបសម្រួលផ្លូវច្បាប់ពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោក ហ៊ួត វុទ្ធី ផងនោះ នគរបាលជំនាញទាំងនេះ បានចាប់ផ្តើមប្រើយុទ្ធវិធី ជំនាញរហូតតាមចាប់ ជនល្មើសទាំង២នាក់ និងបានជួយសង្គ្រោះនារីរងគ្រោះ យកទៅប្រគល់ ជូនក្រុមគ្រួសារវិញ។
តាមមន្រ្តីនគរបាល ដដែល ជនល្មើស ទាំង២នាក់ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង ១១៖៤៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ជាពេលវេលា ដែលត្រូវរំដោះនារី រងគ្រោះមក វិញផងដែរ។ ជនសង្ស័យទាំង២នាក់ រួមមាន ទី១ ឈ្មោះ ប៉ុល ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ ជាម្តាយចុងជនល្មើស និងទី២ឈ្មោះ កន ភត្រា ភេទប្រុស  អាយុ១៩ឆ្នាំ ជាជនសង្ស័យ។
ដោយឡែក ជនរងគ្រោះឈ្មោះ សាក់ ម៉េងហ័ង អាយុ១៨ឆ្នាំ អ្នកទាំង៣រស់នៅ ក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ តាមដំណើររឿង ត្រូវបានមន្រ្តីនគរបាល ស្រុកព្រៃឈរ បានឲ្យដឹងថា ឪពុកម្តាយជនរងគ្រោះ ដែលជាគ្រូបង្រៀន នៅស្រុកពៃឈរ បានដាក់ពាក្យបណ្តឹង ក្រោយពីមានករណី នាំពង្រត់កូនស្រី របស់គាត់ កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី៨ ខែកុម្ភៈ ស្រាប់តែមានលេខទូរស័ព្ទ ០៨៨ ៣៤៦ ៦២០០ បានខលមកនិយាយថា  បើចង់ឃើញមុខកូនស្រី ត្រូវវេលុយចំនួន៤០០ដុល្លារ ផ្ញើរតាម wing ហើយគាត់បាន ផ្ញើរទៅអោយហើយ ។
បន្ទាប់មកទៀត ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ លេខទូស័ព្ទ ដដែលនេះ បានតេមកគំរាមអោយផ្ញើ ប្រាក់ចំនួន ១លានរៀលទៀត បើចង់ជួបកូនម្តងទៀត ។ ដោយមានការចូលរួម សហការ យ៉ាងល្អ ជាមួយគ្រួសារជនរងគ្រោះ ទើបកម្លាំងនគរបាល បានឈានទៅ ដល់ការឃាត់ខ្លួន ជនល្មើសទាំង២នាក់តែម្តង។
ជុំវិញប្រតិបត្តិការ បង្ក្រាប មុខសញ្ញាពង្រត់ និងជំរិត ដែលជាបទល្មើស ឧក្រិដ្ឋបែបនេះ ដោយជោគជ័យ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានវាយ តម្លៃខ្ពស់ និងកើតសរសើរចំពោះ ការខិតខំប្រឹងប្រែង យ៉ាងខ្លាំងរបស់ កងកម្លាំងនគរបាល និងសហការី ទាំងអស់ ដែលបានបំបែកករណី ពង្រត់ ក្មេងចេញ ពីអាណាព្យាបាល និងជំរិតទារប្រាក់ជាថ្នូរ និងការដោះលែង អោយ បានជួបមុខអាណាព្យាបាលវិញ។
ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់ កំពុងស្ថិតនៅក្រោមការសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់។
អ្នកច្បាប់មួយរូប បានថ្លែង ថា ចំពោះការចាប់ពង្រត់ ដែលមានរយះពេល តិចជាងមួយខែ ជនល្មើស អាចប្រឈមនិងការ ជាប់ពន្ធនា គារ ពី៣ទៅ៥ឆ្នាំ ។ ហើយបើជនល្មើស ចាប់បង្ខាំង ជនរងគ្រោះ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្តន្ទាទោស អស់មួយជីវិត បើសិនប្រព្រឹត្ត ក្នុងគោលដៅជំរិតយកប្រាក់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល