ផ្តន្ទាទោស ប្តីប្រពន្ធ ប្រកបមុខរបរ សុំទាន ២នាក់
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ
កាលពីព្រឹក ថ្ងៃ ទី២៥ ខែ កក្កដា ២០១៤នេះ បានបើកសវនាការ ប្រកាសសាលក្រម
លើសំណុំព្រហ្មទណ្ឌ របស់ ជនត្រូវចោទ២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា
ដែលបុរសជាប្តី គឺជាជនពិការជំងឺស្វិតជើង ចំណែកឯប្រពន្ធមានផ្ទុកជំងឺអេដស៍
ដែលជាប់ចោទ ពីបទ«អំពើលក់-ដូរមនុស្ស សម្រាប់ឆ្លងដែន» ជាប់ពាក់ព័ន្ធនឹងករណី
នាំយកកូនចិញ្ចឹម អាយុ ៧ខែ ដែលពួកគេ ទើបបានទិញក្នុងតម្លៃ ៤០០ដុល្លារ ពីគ្រួសារក្រីមួយនៅភ្នំពេញ
ដើម្បីយកទៅសុំទានគេ នៅក្នុងប្រទេសម៉ាឡេស៊ី ប្រព្រឹត្តកាលពី
ឆ្នាំកំឡុងខែវិច្ឆិកា ឆ្នាំ ២០១៣។ តុលាការបានសម្រេច
ផ្តន្ទាទោសពួកគេទាំងពីរនាក់ ម្នាក់ៗ ចំនួន១៥ឆ្នាំ ក្នុងពន្ធនាគារ។
លោកតាំង ស៊ុនឡាយ
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖
ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ឈ្មោះ ហេង ឆុន ភេទប្រុស អាយុ ៤៨ឆ្នាំ
(ជាជនពិការ) មានមុខ សុំទាន ត្រូវជាប្តី ចំណែកឯ ប្រពន្ធរបស់គាត់ មានឈ្មោះ សំ
ណាង ភេទស្រី អាយុ ៣៨ឆ្នាំ (មានផ្ទុកជំងឺ អេដស៍)។ ជនជាប់ចោទទាំងពីរនាក់នេះ
ត្រូវបានចោទប្រកាន់ពីបទ «អំពើលក់-ដូរមនុស្សសម្រាប់ឆ្លងដែន» តាមមាត្រា១៦ នៃ
ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។
ពួកគេត្រូវបាន តុលាការសម្រេចផ្តន្ទាទោស ម្នាក់ៗ ចំនួន១៥ឆ្នាំ
ក្នុងពន្ធនាគារ។
លោកវរៈសេនីយ៍ទោ កែវ ធា នាយការិយាល័យនគរបាល
ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ
បានមានប្រសាសន៍ថា៖ ជនជាប់ចោទទាំង២នាក់នេះ គឺជាមុខសញ្ញាចាស់ និង ជាខ្យល់
ជួញដូរកុមារ និង មនុស្សចាស់ក្រីក្រ ទៅសុំទាននៅក្នុងប្រទេសម៉ាឡេស៊ី។ ពួកគេ
ត្រូវបានចាប់ឃាត់ ដោយ សមត្ថកិច្ចនគរបាល ប្រឆាំងការជួញដូរមនុស្ស និង
ការពារអនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១៣ ខែ វិច្ឆិកា ២០១៣ នៅ
ចំណុចខាងមុខចក្រទ្វារអន្តរជាតិប៉ោយប៉ែត ខណៈពេលដែលពួកគេ
កំពុងតែនាំយកស្រីចិញ្ចឹម អាយុ៧ខែ កុមារតូចៗ ចំនួន២នាក់ និង មនុស្សចាស់ៗ
ជាច្រើននាក់ទៀត ធ្វើ ដំណើរទៅតាមច្រកប៉ោយប៉ែត ទៅកាន់ប្រទេសម៉ាឡេស៊ី
ដើម្បីសុំទាន នៅទីនោះ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news
