តំណាងជនជាតិព្នងខេត្តមណ្ឌលគិរីគ្រោងបកអាក្រាតក្រុមហ៊ុនវៀតណាមពីការរំលោភដីធ្លី
សហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ចាត់តំណាង ៩នាក់ ធ្វើដំណើរទៅទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ដើម្បីធ្វើសន្និសីទកាសែតស្ដីពីផលប៉ះពាល់ និងអំពើរំលោភសិទ្ធិជនជាតិដើមភាគតិច។ ចំណែកមន្ត្រីអាជ្ញាធរខេត្តអះអាងថា នឹងស្វែងរកដំណោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែសំណូមពរឲ្យអ្នកភូមិគោរពច្បាប់។
ប្រធានបទសំខាន់ដែលសហគមន៍ភូមិចក់ចារ គ្រោងបកអាក្រាតនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី៨ ខែមករា គឺផលប៉ះពាល់សិទ្ធិរស់នៅ និងការឈូសឆាយព្រៃឈើរំលោភដីធ្លីប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុន ប៊ិញ ភឿក ១។
តំណាងអ្នកភូមិ លោក ប្រប់ ជីប មានប្រសាសន៍ថា អ្នកភូមិអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន ទាក់ទិនការទាមទារសិទ្ធិដីធ្លី និងការទប់ស្កាត់ការឈូសឆាយព្រៃឈើ។ ហេតុនេះ អ្នកភូមិសម្រេចចិត្តចាត់តំណាងមានចាស់ទុំ មេកន្ទ្រាញជនជាតិដើមព្នង ធ្វើដំណើរមកទីក្រុង ដើម្បីបង្ហាញជូនប្រព័ន្ធផ្សព្វផ្សាយពីទុក្ខលំបាករបស់ពលរដ្ឋ ជាសារជូនអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយ។
លោកកត់សម្គាល់ថា អ្នកភូមិត្រូវអាជ្ញាធរចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌ និងចោទអ្នកភូមិទាក់ទិននិន្នាការគណបក្សប្រឆាំង ដើម្បីបំបាក់ស្មារតីមិនឲ្យតវ៉ា។ ករណីនេះ អ្នកភូមិចាត់ទុកថា ជាការលាបពណ៌ និងជាអំពើអយុត្តិធម៌ចំពោះពួកគាត់ជាជនជាតិដើមភាគតិច៖ «តវ៉ាយកដីខ្លួនឯង បែរជាគេចោទថាប្លន់ដីក្រុមហ៊ុន ថាប្លន់យកគ្រឿងចក្រគេ។ ទី៣ គេចោទថាបក្សនេះបក្សនោះ»។
កាលពីថ្ងៃទី៦ ខែមករា តំណាងអ្នកភូមិចក់ចារ ១៦នាក់ បាននាំគ្នាមកសាលាខេត្តមណ្ឌលគិរី ដើម្បីសុំឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយការតវ៉ាទាមទារដីចម្ការវិលជុំអ្នកភូមិពីក្រុមហ៊ុន ប៊ិញ ភឿក ១ ដែលបានឈូសឆាយយកជាដីសម្បទាន ក៏ប៉ុន្តែមិនមានមន្ត្រីអាជ្ញាធរខេត្តណាម្នាក់ចេញមុខដោះស្រាយបញ្ហាជាមួយពលរដ្ឋនោះឡើយ។
ឆ្លើយតបការអះអាងនេះ អភិបាលរងខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង ថ្លែងថា អាជ្ញាធរខេត្តបានទទួលញត្តិពីអ្នកភូមិរួចហើយ ក៏ប៉ុន្តែមិនទាន់បានដោះស្រាយជូនអ្នកភូមិបានភ្លាមៗនោះទេ ដោយសារថ្នាក់ដឹកនាំខេត្តមិនមានវត្តមាននៅក្នុងខេត្ត ជាពិសេសអាជ្ញាធរជាប់រវល់រៀបចំបុណ្យ ៧ មករា។ លោកអះអាងថា អាជ្ញាធរនឹងដោះស្រាយបញ្ហាជូនអ្នកភូមិ ក៏ប៉ុន្តែដំណោះស្រាយនោះ គឺផ្អែកទៅលើមូលដ្ឋានច្បាប់៖ «អត់មានដោះទៅតាមទម្លាប់អាក្រក់រំលោភលើច្បាប់ទេ អាហ្នឹងនិយាយគ្នាឲ្យហើយ។ ខ្ញុំឃើញហើយឃើញពីម្សិល ថ្ងៃនេះសម្រាក យើងអត់ទាន់ដោះទេ ប៉ុន្តែអាជ្ញាធរទទួលហើយ»។
កាលពីថ្ងៃទី១ ខែមករា អ្នកភូមិប្រមាណ ៧០នាក់ បានរឹបអូសគ្រឿងចក្រក្រុមហ៊ុន ប៊ិញ ភឿក ១ កំពុងឈូសឆាយដីដែលអ្នកភូមិអះអាងថា ជាអតីតដីចម្ការវិលជុំពួកគាត់ បន្ទាប់ពីអ្នកភូមិមិនអាចស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការឈូសឆាយនោះបាន។ ក៏ប៉ុន្តែ ពីរថ្ងៃបន្ទាប់មក អាជ្ញាធរបានដាក់កងកម្លាំងប្រដាប់អាវុធដកហូតគ្រឿងចក្រពីប្រជាពលរដ្ឋ ប្រគល់ឲ្យក្រុមហ៊ុនវិញ និងគំរាមឲ្យអ្នកភូមិចាកចេញពីដីមានទំនាស់ បើមិនដូច្នេះទេ អាជ្ញាធរនឹងប្រើវិធានការក្តៅបណ្ដេញអ្នកភូមិចេញ។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ហៅការអះអាងរបស់អាជ្ញាធរខេត្ត ថាជាចេតនាល្អក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ។ លោកកត់សម្គាល់ថា គោលការណ៍ច្បាប់ គឺជាបំណងប្រាថ្នារបស់អ្នកភូមិទាមទារឲ្យអាជ្ញាធរដោះស្រាយ៖ «បើគាត់ឈរលើគោលការណ៍ច្បាប់ ទន្ទឹមក្រុមហ៊ុនសម្បទានមកអនុវត្តនៅស្រុកខ្មែរ ត្រូវអនុវត្តកាតព្វកិច្ចច្បាប់ខ្មែរ អនុវត្តទៅលើក្រុមហ៊ុនដែលបានឈូសឆាយទៅលើដីព្រៃ»។
អ្នកភូមិចក់ចារ ឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែមករា អាជ្ញាធរឃុំបានអញ្ជើញអ្នកភូមិមកដោះស្រាយ ដោយសម្របសម្រួលឲ្យអ្នកភូមិទទួលយកដំណោះស្រាយចាស់ គឺទទួលយកដី ៣៧៥ហិកតារជាដីថ្មគ្មានជីវជាតិ ហើយប្រគល់ដីចម្ការវិលជុំ និងដីព្រៃឈើប្រមាណ ៥០០ហិកតារ ដែលក្រុមហ៊ុនបានឈូសឆាយទៅឲ្យក្រុមហ៊ុនវិញ ប៉ុន្តែអ្នកភូមិមិនទទួលយកដំណោះស្រាយបែបនេះឡើយ។ រហូតមកទល់នឹងពេលនេះ អ្នកភូមិបាននាំគ្នាសង់រោងប្រក់សំពត់កៅស៊ូ នៅលើដីមានទំនាស់ជាង ១០រោងវិញហើយ បន្ទាប់ពីអាជ្ញាធររុះរើដុតរោងអ្នកភូមិបំផ្លាញចោល កាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ៕
ប្រភពពី វិទ្យុអាស៊ីសេរី