បន្ត​ឃុំខ្លួន​បុរស​ពិការ​ម្នាក់​ ដែល​លក់​ក្មេង​អាយុ​៧​ខែ ទៅធ្វើ​អ្នកសុំទាន​នៅ ​ប្រទេស​ម៉ាឡេស៊ី​

2/19/2014 0 Comments A+ a-

ភ្នំពេញៈ បុរស​ចំណាស់​ពិការ​ជើង​ម្នាក់ ដែល​មានកូន​រហូតដល់​ទៅ​៧​នាក់ បានធ្វើ​សកម្មភាព​អូសទាញ​ជនរងគ្រោះ​ចំនួន​៣​នាក់ និង​បាន​ទិញ​ទារក​អាយុ​៧​ខែ​ម្នាក់ យកទៅ​ធ្វើជា​អ្នកសុំទាន​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​កាលពី​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ តម្កល់​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោល គឺ​បន្ត​ឃុំខ្លួន​ជនល្មើស​ក្នុង​ពន្ធនាគារ​។
ជន​ត្រូវ​ចោទ​រូបនេះ ឈ្មោះ ហេង ឆុន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​មុខរា​២ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី ខេត្ដ​បាត់ដំបង និង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ សំ ណា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។ ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​។
គួររំលឹកថា ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​រំដោះ​ជនរងគ្រោះ​ចំនួន​៣​នាក់ និង​ទារក​អាយុ​៧​ខែ​ម្នាក់​។ សមត្ថកិច្ច​បាន​និយាយថា យោងតាម​ការស្រាវជ្រាវ​មួយរយៈ​ពេលកន្លងមក សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ទិញ​ទារក ដើម្បី​យកទៅ​សុំទាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​អូសទាញ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​យកទៅ​សុំទាន​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រយោជន៍​ដើម្បី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ទៅ​ទារក និង​កុមារ​។
នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាពថា ពួកគេ​ធ្លាប់​នាំ​មនុស្ស​ទៅសុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២​លើក​មកហើយ ហើយក៏​មានកូន​ខ្លួនឯង​ម្នាក់​កំពុង​សុំទាន​រាល់ថ្ងៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ ​។ ពួកខ្លួន​បាន​ទិញ​ទារក​អាយុ​៧​ខែ ក្នុងតម្លៃ​៤០០​ដុល្លារ ពី​ស្ត្រី​អ្នក​រើស​អេតចាយ​ម្នា​ក់នៅ​ម្តុំ​រោងចក្រ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ដើម្បី​យកទៅ​សុំទាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​អូសទាញ​មនុស្ស​៣​នាក់​នេះ ឲ្យ​ទៅសុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយបាន​ចំណាយ​ប្រាក់​ក្នុង​ម្នាក់​៣០០​ដុល្លារ ដើម្បី​ធ្វើលិខិត​ឆ្លងដែន​។ ប៉ុន្តែ​ពេល​ទៅសុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ី មនុស្ស​ទាំង​៣​នាក់​នេះ ត្រូវ​បង់ប្រាក់​មកវិញ​ក្នុង​ម្នាក់​១៥០​ដុល្លារ​។
ក្រោយ​ចាត់ការ​តាម​នីតិវិធី តុលាការ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។ នៅ​ដំណាក់កាល​នេះ ជនសង្ស័យ​ឈ្មោះ ហេង ឆុន បាន ប្តឹងទៅ​សាលាឧទ្ធរណ៍​ដើម្បី​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ក្រោយមក​សភា​ស៊ើបសួរ សាលាឧទ្ធរណ៍ បាន​បើកសវនាការ​ជា​អសាធារណៈ និង​បានសម្រេច​បន្ត​ឃុំខ្លួន​ជនសង្ស័យ​ក្នុង​ពន្ធនាគារ​ដដែល​៕​
Statement-17-02-2014