មាស សុខរតនៈ ៖ "មានគេកាត់ត រូបភាព សុគន្ធ នីសា ហើយរិះគន់ ជាន់ពន្លិចនាង"

1/22/2015 0 Comments A+ a-

ភ្នំពេញ៖ តារាចម្រៀង ធ្លាប់និយមតុបតែងខ្លួន បែបជានារីស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា ថ្មីៗនេះ បានទទួលរងព្រនង់ នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ទៅលើការស្លៀកពាក់ខោរឹប សិចស៊ីខ្លាំងជ្រុល ប្រុសៗឃើញហើយចង់ឈាមច្រមុះ ធ្វើឲ្យទស្សនិកជន និងអ្នកនិយម លេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាច្រើនធ្វើការរិះគន់ នាងយ៉ាងខ្លាំង ។ ប៉ុន្តែទាក់ទងនឹងការរិះគន់ខាងលើនេះ ត្រូវបាន លោក មាស សុខរតនៈ ចេញមុខច្រានចោល ទាំងស្រុងថា រូបភាពនោះ មិនមែនជាការពិតឡើយ គឺមានអ្នកមានបំណងចង់ធ្វើបាប និងជាន់ឈ្លីកិត្តិយសរបស់ នីសា ។
កញ្ញា សុគន្ធ នីសា កន្លងមកធ្លាប់ទទួល បានការកោតសរសើរ មិនដាច់ពីមាត់ទស្សនិកជន ទៅលើការតុបតែងខ្លួន និងស្លៀកពាក់ ដោយនាងជា នារីម្នាក់ មានភាពស្រគត់ស្រគំ សមជានារីខ្មែរទាំងព្រម ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅពេលថ្មីៗនេះ តារាស្រីរូបនេះបែរជា ត្រូវបាន អ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាច្រើន បានធ្វើការរិះគន់ ទៅលើការផ្លាស់ ប្តូរស្ទីលតែងខ្លួន ពីសុភាព មកជានារីសម័យថ្មី ដោយនាងបាន ស្លៀកឈុតពណ៌ក្រហម លាយសបញ្ចេញភាព សិចស៊ីញាក់សាច់ ដោយសារតែខោខ្លី របស់នាងរឹបខ្លាំងពេក ។
ជុំវិញព័ត៌មានថា តារាចម្រៀងស្រីមានទឹកដមសំនៀង ពីរោះរណ្តំចិត្ត កញ្ញា សុគន្ធ នីសា ទទួលរងការរិះគន់នេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្ម ថោន លោក មាស សុខរតនៈ ចេញមុខបកស្រាយប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះថា លោកបានឃើញរូបថត របស់ សុគន្ធ នីសា ដែលត្រូវបានគេរិះគន់ហើយ ដោយលោកចាត់ទុកថា រូបភាពនោះជារូបកាត់ត មានគេយករូបនោះ ទៅកែដោយមានចេតនា ចង់ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងជាន់ពន្លិច នីសា ។
អ្នកចាត់ការទូទៅ របស់ផលិតកម្មថោន រូបនេះ បានប្រាប់ឲ្យដឹងទៀតថា "គ្រប់យ៉ាងដែលធ្វើឲ្យទស្សនិកជន ធ្វើការរិះគន់ទៅលើ នីសា នោះ គឺដោយសារតែមាន អ្នកមានបំណងចង់ធ្វើបាប និងជាន់ឈ្លីនាង ដោយសារតែការច្រណែនឈ្នានីស ។ ខ្ញុំគិតថា ទង្វើរបែបនោះ អាចជាអ្នក សិល្បៈដូចគ្នា ដែលឃើញ នីសា ឡើងកូដខ្លាំង សម្បូរការងារ ដូច្នេះក៏យករូបនោះទៅកែ ហើយធ្វើឲ្យខូចឈ្មោះ របស់នាងតែម្តង" ។
លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "សម្រាប់ទង្វើបែបនេះ ខ្ញុំសុំកុំឲ្យមានតទៅទៀតអី ព្រោះថាការធ្វើបែបនេះ វាធ្វើឲ្យប៉ះពាល់ សេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ និងកិត្តិយសមនុស្សស្រី យើងមិនអាចជាន់គេឲ្យលិច ហើយដើម្បីបានល្បីខ្លួនឯងនោះទេ។ ខ្ញុំដឹងថាសម្រាប់អ្នកសិល្បៈ ឲ្យតែឈរកាន់តែខ្ពស់ គឺកាន់តែប៉ះខ្យល់បោកខ្លាំង វាជារឿងធម្មតា តែខ្ញុំរំពឹងថា មុននឹងក្រោយ ការពិតគង់តែលាតត្រដាង ។ ក្នុងនោះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ទង្វើធ្វើបាបនីសា នេះ មិនមែន ជាទង្វើរបស់អ្នកនៅក្នុងផលិតកម្មទេ ព្រោះពួកបងស្រឡាញ់គ្នា ប្រៀបដូចបងប្អូន ហើយខ្ញុំ ក៏មិនដឹងច្បាស់ដែរថា អ្នកដែលធ្វើបាប នីសា នោះ ជានរណា...!!"។
ទោះបីជាយ៉ាងណា ប្រភពពីមជ្ឍដ្ឋានដែលចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ បានបញ្ជាក់ឲ្យដឹងថា រូបភាពស្លៀកឈុតក្រហម មើលទៅ រឹប សិចស៊ីខ្លាំង ដែលទស្សនិកជន កំពុងតែធ្វើការរិះគន់យ៉ាងចាស់ដៃនេះ គឺពុំមែនជារូបភាពកាត់ត ដូចការអះអាងរបស់លោក មាស សុខរតនៈ ខាងលើនេះឡើយ។ រូបភាពទាំងនេះ ត្រូវបានថតដោយផ្ទាល់ នៅពេលដែលតារាចម្រៀង សុគន្ធ នីសា ចូលរួមច្រៀងក្នុងកម្មវិធីបើកសម្ពោធ រឿង "ស្បែកគង់" ជាលើកដំបូង នៅមជ្ឍមណ្ឌលកម្សាន្តនិងពាណិជ្ជកម្ម TK ទួលគោក កាលពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៤ កន្លងទៅ។
ជាការពិត ការបញ្ចេញនូវ ឈុតសិចស៊ី របស់តារាចម្រៀងល្បីៗ ពិតជាបានធ្វើឲ្យមានការទាក់ទាញ ពីសំណាក់ទស្សនិកជន ហើយអ្វីដែលជ្រុលហួសហេតុពេក ក៏ទទួលបាននូវការរិះគន់មកវិញផងដែរ ដូច្នេះតារាទាំងអស់ គួរតែទទួលស្គាល់នូវការពិតថា ខ្លួនកំពុងតែធ្វើអ្វី ហើយការរិះគន់ទាំងនេះគ្រាន់តែជាន័យ កែលំអរ នឹងស្ថាបនាតែប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល