ផឹកចំស្រាឌឺដង,បងថ្លៃកាប់ប្អូនថ្លៃរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង: បុរសជាបងថ្លៃបានយកដាវកាប់ទៅលើប្អូនថ្លៃត្រូវមួយដាវចំដើមដៃខាងឆ្វេងបណ្តាលអោយដាច់ឆ្អឹងរងរបួសធ្ងន់កាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងភូមិខ្នងកំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បន្ទាប់ពីពួកគេផឹកស៊ីជាមួយគ្នាហើយក៏ធ្លាប់មានជម្លោះពីថ្ងៃមុន។
លោកម៉ៅ សម្បត្តិ នាយប៉ុស្តិរដ្ឋបាសស្វាយជ្រុំ បានអោយដឹងថា ជនដៃដល់ក្នុងជម្លោះហឹង្សានេះ ឈ្មោះយឹម សុវ៉ុន អាយុ៣២ឆ្នាំ ។រីឯជនរងគ្រោះឈ្មោះ សូត្រ គឹមសួរ អាយុ៣០ឆ្នាំ ក្រោយពេលកើតហេតុត្រូវក្រុមគ្រួសារ ដឹកយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ បុរសទាំងពីរនាក់មានផ្ទះនៅជិតគ្នា។
លោកមេប៉ុស្តិ៍បានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនដៃដល់ជាបងថ្លៃ បានផឹកស្រាស្រវឹង ហើយនិយាយឌឺដងដាក់ប្អូនថ្លៃដែលមាន ផ្ទះនៅជាប់គ្នា។ រីឯប្អូនថ្លៃ ឮបងថ្លៃឌឺដងដាក់ ក៏មានចិត្តខឹង ហើយទាញកង់ជិះទៅទិញស្រាយកមកផឹកដែរ ហើយនិយាយឌឺដងដាក់វិញ បងថ្លៃឮក៏ទៅទាញយកដាវមកកាប់តែម្តង ។
ជនដៃដល់មិនត្រូវបានឃាត់ខ្លួនទេ ដោយសារជនរងគ្រោះមិនប្តឹង ហើយអង្វរសមត្ថកិច្ច ដោយសារតែអាណិតក្មួយៗ៕
ប្រភពពី CEN
