សុខ ពិសី ទារ​តម្លៃ​​ខ្លួន​មួយ​យប់​២០០០​ដុល្លារ

12/25/2013 0 Comments A+ a-

ភ្នំពេញៈ ជាមួយ​នឹង​សម្រស់​ស្រស់​ក្មេង រូបរាង​កាន់​តែ​ស្វែល​ជាង​មុន ហើយ​សាច់​ក៏​កាន់​តែ​ស​ខ្ចី​ភ្លឺរលោង​នោះ តារាចម្រៀង សុខ ពិសី ថ្វីបើ​មិន​មាន​បទចម្រៀង​ណា​ហក់​ខ្ពស់​ផ្តាច់​គេ ក៏​នាង​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​មិន​ធម្មតា​ដែរ ជាពិសេស​ពី​សំណាក់​បុរសៗ ដែល​ប្រាថ្នា​ចង់​ជួប និង​មើល​ពី​សម្រស់​នាង​ដោយ​ផ្ទាល់។ តែ​យ៉ាង​ណា​ការ​ចង់​ជួប​នាង សុខ ពិសី ទំនង​ជា​មាន​ការ​ពិបាក​បន្តិច ដោយសារ​តែ​តារា​រូប​នេះ​បាន​ទារ​តម្លៃ​ខ្លួន​ខ្ពស់​ពេក គឺ​មួយ​យប់​ដល់​ទៅ​២០០០​ដុល្លារ​ឯណោះ​។
បុរសៗ​ដែល​រស់នៅ​តាម​បណ្តា ខេត្ត​ភាគច្រើន​បាន​សម្តែង​ការ​គាំទ្រ​ពី​ទឹកដម​សំនៀង និង​រូប​សម្រស់​របស់​តារាចម្រៀង​នាង សុខ ពិសី ហើយ​ពួកគេ​តែង​កោតសរសើរ​ចង់​ជួប និង​មើល​គយគន់​សម្រស់​តារា​រូប​នេះ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ខាង​ក្រៅ​ឆាក។ តែ​យ៉ាង​ណា​ការ​ចាយ​ប្រាក់​ដើម្បី​បាន​គយគន់​សម្រស់​តារា​រូប​នេះ ទំនង​ជា​ធ្វើឲ្យ​ពួកគេ​ខក​ចិត្ត​ផង​ក៏​មិន​ដឹង ខណៈ​ពេល​នេះ សុខ ពិសី បាន​បំប៉ោង​តម្លៃ​ខ្លួន​នាង​យ៉ាង​ខ្ពស់ ដែល​ធ្វើឲ្យ​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​មួយ​ចំនួន​មាន​ការ​ពិបាក ក្នុង​ការ​ចំណាយ​ប្រាក់​ដើម្បី​អញ្ជើញ​រូបនាង​ឡើង​ច្រៀង។
ការ​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​របស់​តារាចម្រៀង​រូប​នេះ​ត្រូវ​បាន​គេ​មើល ​ឃើញ​ថា មាន​ការ​កើនឡើង​ខ្ពស់​ជាង​ធម្មតា ពិសេស​នៅក្នុង​រដូវវស្សា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រគំតន្ត្រី មួយ​ចំនួន។
អ្នក​រៀបចំ​កម្មវិធី​មួយ​ចំនួន​បាន​ត្អូញត្អែរ​ពី​ការ ដំឡើង​តម្លៃ​ខ្លួន​របស់ សុខ ពិសី ថា នៅក្នុង​ឆ្នាំ​នេះ តារាចម្រៀង​នាង សុខ ពិសី បាន​ដំឡើង​តម្លៃ​អ្នក​រៀបចំ​កម្មវិធី​មួយ​ចំនួន​បាន​ត្អូញត្អែរ ពី​ការ​ដំឡើង​តម្លៃ​ខ្លួន​របស់ សុខ ពិសី ថា នៅក្នុង​ឆ្នាំ​នេះ តារាចម្រៀង​នាង សុខ ពិសី បាន​ដំឡើង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ឆ្នាំ​មុនៗ។ ពួកគេ​បាន​ឲ្យ​ដឹង​បន្ត​ថា នៅក្នុង​ឆ្នាំ​នេះ ថ្វីដ្បិត​តែ​ប្រជាប្រិយភាព​របស់​នាង​នៅ​តែ​រក្សា​បាន​ល្អ​ដដែល តែ​នាង​នៅ​តែ​មិន​អាច​ហក់​ផ្តាច់​តារាចម្រៀង​ស្រី​មួយ​ចំនួន​ទៀត​បាន​ទេ។ តែ​យ៉ាង​ណា​នៅក្នុង​ឆ្នាំ​នេះ សុខ ពិសី បាន​បំប៉ោង​តម្លៃ​ខ្លួន​ស្ទើរតែ​ស្មើ​នឹង​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព ឱក សុគន្ធកញ្ញា បាត់​ទៅ​ហើយ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​នាង​បាន​ដំឡើង​តម្លៃ​ខ្លួន​វ៉ា​ដាច់​លើ​តារាចម្រៀង​សំឡេង​ស្រួយស្រែស របស់​ផលិតកម្ម​ថោន​នាង មាស សុខសោភា។
អ្នក​រៀបចំ​កម្មវិធី​មួយ​ចំនួន​បាន​បង្ហើប​ថា នៅពេល​នេះ សុខ ពិសី នាង​បាន​ទាមទារ​តម្លៃ​ខ្លួន សម្រាប់​ខេត្ត​ជិតៗ ឬ​ក៏​នៅ​ភ្នំពេញ ក្នុង​តម្លៃ​១៥០០​ដុល្លារ​ក្នុង​មួយ​យប់ ហើយ​នៅពេល​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ គឺ​នាង​ទាមទារ​ចាប់​ពី​២០០០​ដុល្លារ​ឡើង។ ការ​ទាមទារ​នេះ​ត្រូវ​បាន​អ្នក​គ្រប់គ្រង​កម្មវិធី​បញ្ជាក់​ថា ធ្វើឲ្យ​ពួកគេ​មាន​ការ​លំបាក​នៅក្នុង​អញ្ជើញ​រូប​នាង​ទៅ​ចូលរួម​ច្រៀង ខណៈ​ក្នុង​មួយ​កម្មវិធី​នាង​ច្រៀង​តែ​ប៉ុន្មាន​បទ​តែ​ប៉ុណ្ណោះ​។
ទោះ បី​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី តែ​តារាស្រី​របស់​ផលិតកម្ម​សាន់ដេ នាង សុខ ពិសី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​តម្លៃ​ខ្លួន​របស់​នាង​ទេ​កាលពី ម្សិលមិញ។ តែ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​នាង​លើក​ទូរស័ព្ទ​ក៏​នាង​មិន​ប្រាប់​ពី​តម្លៃ​ខ្លួន​របស់​នាង នោះ​ដែរ​។
នៅ​មុន​នេះ សុខ ពិសី ក៏​មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​របស់​នាង​ពេល​សម្ភាស​ជាមួយ​នឹង​ សារព័ត៌មាន​មួយ​ដែរ តែ​នាង​បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​របស់​នាង​គឺ​មិន​មាន​ការ​ទាមទារ​ហួសហេតុ​នោះ​ទេ ពោល​គឺ​មាន​ភាព​សមរម្យ​ទៅ​នឹង​ការ​ចំណាយ​ផ្សេងៗ​ដូចជា ការ​តុបតែង​ខ្លួន សម្លៀកបំពាក់ និង​សោហ៊ុយ​ចាក់​សាំង​រថយន្ត​ជាដើម។
ការ លើក​ឡើង​របស់ សុខ ពិសី ក៏​ជា​រឿង​មួយ​សមហេតុ​ម្យ៉ាង​ដែរ ដោយសារ​តែ​នាង​ជា​តារាស្រី​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​រចនា​ម៉ូដ និង​តុបតែង​ខ្លួន ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​នៅពេល​នេះ​នាង​កាលីប​ជិះ​រថយន្ត​ទំនើប​ម៉ាក Range Rover មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​ការ​ចំណាយ​ច្រើន​សម្រាប់​ការ ចាក់​សាំង​នោះ​។
សុខ ពិសី បាន​ឲ្យ​ដឹង​មុន​នេះ​ថា ប្រសិន​បើ​តម្លៃ​ខ្លួន​របស់​នាង​បំប៉ោង​ហួសហេតុ​នោះ ប្រហែល​ជា​ពេល​នេះ​នាង​ត្រូវ​ដេក​នៅ​ផ្ទះ​បាត់​ទៅ​ហើយ តែ​មួយ​រយៈ​នេះ​នាង​រវល់​ច្រៀង​កម្មវិធី​ប្រគំតន្ត្រី​នៅ​តាម​ខេត្ត​ស្ទើរ មិន​បាន​ដេក​នៅ​ភ្នំពេញ​ផង​។ នេះ​មាន​ន័យ​ថា តម្លៃ​ខ្លួន​របស់​នាង​នៅពេល​នេះ ពិតជា​សមរម្យ​៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍