ជនជាតិ​រក​អន្តរាគមន៍​ទប់​ក្រុមហ៊ុន វៀតណាម ឈូស​ព្រៃ

12/25/2013 0 Comments A+ a-

រតនគិរីៈ ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​ចំនួន ៣៥ គ្រួសារ​ក្នុង​ស្រុក អូរជុំ កំពុង​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍ ពី​អង្គការ​សង្គម​ស៊ីវិល នានា​បន្ទាប់​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វៀតណាម CRD បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ពួក​គាត់​ប្រមាណ ១ ពាន់​ហិកតា​កាល​ពី​ខែ​មុន។
លោក ឆាយ ធី មន្រ្តី​សិទ្ធិ​មនុស្ស​អង្គការ អាដហុក ខេត្ត រតនគិរី បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ពីរ​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច គ្រឹង ៣៥ គ្រួសារ​រស់​នៅ​ក្នុង​ភូមិ កាំ ឃុំ ល្អក់ ស្រុក អូរជុំ បាន​ទៅ​ការិយាល័យ​អង្គការ អាដហុក កាល​ពី​ព្រឹក​ម្សិលមិញ​ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ក្នុង​ទំនាស់​ ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម CRD ដែល​បាន​ឈូស​ឆាយ​ដី​ព្រៃ​បម្រុង​ទុក និង​ព្រៃ​សហគមន៍​របស់​ពួក​គាត់​អស់​ប្រមាណ ១ ពាន់​ហិកតា។
លោក ឆាយ ធី ថ្លែង​ថា៖ «ជនជាតិ​ដើម​កំពុង​ព្រួយ​បារម្ភ អស់​ដី​ព្រៃ អស់​ដី​ចម្ការ​វិល​ជុំ​ទាំង​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ព្រោះ​ព្រៃ​ដែល​ពួក​គាត់​ធ្លាប់​ អាស្រ័យ​ផល​ជា​លក្ខណៈ​ប្រពៃណី​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​អស់​ហើយ»។ លោក​បន្ត​ថា កាល​ពី​អំឡុង​ខែ កក្កដា និង សីហា កន្លង​មក ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​លោក ហ៊ុន សែន បាន​ធ្វើ​ការ​វាស់​វែង​ដី​ចែក​ជូន​ពលរដ្ឋ​ទាំង​នោះ​ក្នុង​មួយ​គ្រួសារ​ចាប់​ ពី ១ ទៅ ៣ ហិកតា។ ប៉ុន្តែ ការ​វាស់​វែង​បែង​ចែក​ដី​នោះ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​អត្ត​សញ្ញាណ​ ប្រពៃណី​ជា​ជនជាតិ​ដើម ព្រោះ​ថា ជនជាតិ​ដើម​ត្រូវ​ការ​ដី​ចម្ការ​វិល​ជុំ​រួម​ដី​កប់​ខ្មោច និង​ដី​ព្រៃ​បម្រុង​ទុក។
មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ថ្លែង​ដូច្នេះ​ថា៖ «ក្រោយ​ពី​វាស់​ចែក​ដី​ជា​លក្ខណៈ​ឯកជន​រួច​មក សល់​ប៉ុន្មាន​ក្រុមហ៊ុន​ឈូស​ទាំង​អស់។ ជនជាតិ​ដើម​ខុស​ពី​ពលរដ្ឋ​ខ្មែរ​ធម្មតា គឺ​ត្រូវ​ការ​ប្រភេទ​ដី​ផ្សេងៗ​ទៀត ដើម្បី​រស់​នៅ។ មិន​មែន​តែ​ដី​វាស់​ឲ្យ​នោះ​ទេ»។
តំណាង​ជនជាតិ​ភាគ​តិច​ឈ្មោះ ប្រឡុង ពឺយ អាយុ ៣៥ ឆ្នាំ​បាន​អះអាង​ថា ក្រុមហ៊ុន CRD របស់ វៀតណាម បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ និង​ដី​ចម្ការ​វិល​ជុំ​ចាស់​អស់​ប្រមាណ​ជា ១ ពាន់​ហិកតា​ចាប់​តាំង​ពី​ខែ វិច្ឆិកា កន្លង​មក ដែល​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ជនជាតិ​ ដើម។
លោក ពឺយ បញ្ជាក់​ថា៖ «យើង​ធ្លាប់​រក​ស៊ី​បោច​វល្លិ៍ រក​ផ្សិត ឃ្មុំ បន្លែ​ផ្លែ​ឈើ និង​កាប់​ឫស្សី​ក្នុង​ព្រៃ​នោះ តែ​ក្រុមហ៊ុន​ឈូស​អស់​ហើយ។ អ៊ីចឹង​បាន​ជា​យើង​សុំ​ឲ្យ​អង្គការ អាដហុក ជួយ​ដើម្បី​យក​ដី​នោះ​មក វិញ»។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​ក្រុមហ៊ុន CRD ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។ ទោះ​យ៉ាង​ណា លោក យ៉ាម ប៉ាន មេឃុំ ល្អក់ បាន​ថ្លែង​ថា អាជ្ញាធរ​បាន​វាស់​វែង​បែង​ចែក​ដី និង​កាត់​ដី​ដែល​ប៉ះពាល់​ជូន​ពលរដ្ឋ​ភូមិ កាំ អស់​ហើយ ដូចជា​ដី​កប់​ខ្មោច ដី​ប្រភព​ទឹក និង​ដី​ព្រៃ​សហគមន៍​ជាដើម។
លោក មេឃុំ បញ្ជាក់​ថា៖ «ពលរដ្ឋ​ភូមិ កាំ នោះ បាន​ផ្តិត​មេដៃ​យល់​ព្រម​អស់​ហើយ តែ​ក្រោយ​មក​មិន​ដឹង​យ៉ាង​ម៉េច​នៅ​តែ​មាន​រឿង​ទៀត។ ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុន​គេ​ឈូស​តែ​ដី​ដែល​គេ​បាន​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​បាន​ឲ្យ​ប៉ះពាល់​ដល់​ពួក​គាត់​ឡើយ»។
អង្គាការ អាដហុក នឹង​ចុះ​ទៅ​ធ្វើ​ការ​អង្កេត​ពី​បញ្ហា​ដី​ធ្លី​នេះ នៅ​ថ្ងៃ​ពុធ​នេះ។ លោក ឆាយ ធី បាន​ឲ្យ​ដឹង​ទៀត​ថា បុគ្គលិក​ជនជាតិ វៀតណាម របស់​ក្រុមហ៊ុន CRD នេះ​បាន​បាញ់​គំរាម​ទៅ​លើ​ជនជាតិ​ភាគ​តិច នៅ​ខណៈ​ដែល​ពួក​គាត់​ចូល​ទៅ​រក​អនុផល​ព្រៃ​ឈើ​ក្នុង​ព្រៃ​សហគមន៍​កាល​ពី​ខែ តុលា ឆ្នាំ ២០១២ កន្លង​មក។ ក្នុង​ឆ្នាំ​ដដែល​នោះ ក្រុមហ៊ុន​នេះ ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ស្រោង ដែរ ហើយ​ជាក់​ស្តែង ឈើ​ប្រណីត​រាប់​ម៉ឺន​ដើម​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ឃ្លាំង​របស់​ ក្រុមហ៊ុន​នេះ។
លើស​ពី​នោះ​ក្រុមហ៊ុន CRD បាន​ប្រើ​ប្រាស់​កម្លាំង​កម្មករ​ជាង ៣០ នាក់​ឲ្យ​ដុត​និង​បំផ្លាញ​ផ្ទះ ដំឡូង និង​ខ្ទម​កម្មករ របស់​លោក​ស្រី លី សុខងីម ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ដី កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៣ នេះ។ នៅ​ក្នុង​ហេតុការណ៍​នោះ បាន​ធ្វើ​ឲ្យ​ខូច​ខាត​អស់​ទឹក​ប្រាក់​ប្រមាណ ៥៦៥០ ដុល្លារ ហើយ​មេការ​ក្រុមហ៊ុន វៀតណាម និង​អ្នក​បក​ប្រែ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍