ដាក់​អង្គ​ចាប់​ស្តេច

12/25/2013 0 Comments A+ a-

ក្បួន​សឹក​ពោល​ថា ធ្វើ​សង្រ្គាម​ត្រូវ​ដឹង​ចិត្ត​មេទ័ព​របស់​ដៃ​គូ។ បើ​ស៊ី​ជោ ឲ្យ​ជោ​ស៊ី។ បើ​ចិត្ត​ក្តៅ ឲ្យ​ស៊ី​ដុំ​ភ្លើង។ បើ​ចិត្ត​ត្រជាក់ ឲ្យ​ស៊ី​ដុំ​ត្រឡាច​ស្ងោរ។ បើ​ចិត្ត​ធ្ងន់ ពូកែ​ទ្រាំ គឺ​ឲ្យ​ស៊ី​បាយ​ដំណើប។
តាម​មើល​មួយ​ជំហាន ឡើង​ត្រី​បក ចេញ​ទ័ព​អស់​ពី​សម្បុក​លើក​នេះ ពិត​ជា​ប្រថុយ​ពេក​ហើយ ឆេវឆាវ​ពេក​ហើយ តក់​ក្រហល់​ពេក​ហើយ ដាក់​ទុន​ច្រើន​ពេក​ហើយ ស្គាល់​សត្រូវ​តិច​ពេក​ហើយ មាន​មោទនភាព​ជ្រុល​ពេក​ហើយ គ្រោះថ្នាក់​ពេក​ហើយ​។ មេទ័ព ​ល្ងង់ បង្ក​គ្រោះ​ដល់​ទ័ព​ទាំង​បន្ទាយ​អន្តរាយ​ដល់​រាស្រ្ត​ទាំង​នគរ។ អ្នក​ដែល​មើល​មិន​ដឹង​ថា គេ​រាយ​ក្រឡា​ចាញ់​ផ្ទួនៗ ចាំ​ក្តោប​មួយ​សំណាញ់​ចុង​ក្រោយ គឺ​មិន​សម ចូល​ប្រកួត​ក្នុង​ក្តារ​អុក​ដ៏​សំខាន់​នេះ​ទេ។ ក្បួន​ទ័ព​មិន​ទាន់​រឹង​មាំ មេ​កើយ​មិន​ទាន់​ច្បាស់​លាស់ អាវុធ​មិន​គ្រប់​គ្រាន់ ស្បៀង​នៅ​ឆ្ងាយ​ពី​ដៃ ព្រលឹង​ទ័ព ដូច​ព្រលឹង​ត្រី​ចង្វា សុទ្ធ​តែ​ជា​ត្រណម​នៅ​ក្នុង​ក្បួន​សឹក។ ខ្ញុំ​សុំ​សួរ​ដូច​ឆោត? ចេញ​ទ័ព​មក​ច្បាំង ឬ​មក​ហែកថិន​ក្រវែល​ក្រុង? ដឹង​ថា មេទ័ព​ធំ​ដែល​កាន់​ការ​ក្រុង​ដឹក​នាំ​ទ័ព​ប្រយុទ្ធ​លើក​នេះ ជា​នរណា​ទេ? គឺ ស៊ឺ ម៉ាអ៊ិ ដែល​មាន​រហ័សនាម​ថា «មេទ័ព ចិត្ត​ដែក​នៅ​រដូវ​ធ្លាក់​ទឹកកក»។
ម្យ៉ាង​ទៀត ចុះ​បើ​គេ​សម្រេច​ចិត្ត​ថា ដូរ​ទូក​? តើ​ព្រម​ដូរ​ទេ? ហើយ​យក​ស្អី​ទៅ​ដូរ? យក​ត្រី​បក ឬ យក​គោល បើ​ព្រម​ដូរ​ហើយ នៅ​ចាប់​អង្គ​មិន​បាន​ទៀត តើ​គិត​យ៉ាង​ម៉េច? ត្រូវ​តែ​យក​មក​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ តើ​គេ​អាង​អី បាន​ជា​គេ​មិន​ព្រម​គេច​អង្គ? គេ​ទុក​អង្គ​នៅ​កណ្តាល​វាល គ្រាន់​តែ​នៅ​ពី​មុខ អង្គ​មាន​គោល​មួយ​ហើយ​ទូក​នៅ​ពី​ចំហៀង សេះ​នៅ​ពី​ក្រោយ​ប៉ុណ្ណោះ។ គេ​ហាក់​បី​ដូច​ជា​មិន​អើពើ​នឹង​ការ​ឡើង​ទ័ព​ទៅ​ទាំង​ហ្វូង​របស់​យើង​សោះ? អ្នក​ដើរ​ត្រូវ​តែ​ដើរ តែ​អ្នក​គិត ត្រូវ​តែ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ។ នឹក​ឃើញ ល្បិច​សុំ​បើក​ផ្លូវ​របស់ កុង ជិញ វ៉ៃ​ក្រុង ជីងចូវ។ សុំ​ផ្លូវ​គេ​ដើរ​ឆ្លង​កាត់ តែ​មាន​គំនិត​វ៉ៃ​យក​ក្រុង។ ខុងមិញ បើក​ផ្លូវ​ឲ្យ​ដើរ តែ​រាយ​ទ័ព​ព័ទ្ធ​ពី​ក្រោយ ក្រសោប​ទាំង​មេ ទាំង​កូន គ្មាន​សល់​ម្នាក់។ ខ្ញុំ​ជឿ​ថា ខាង​បក្ស​ប្រឆាំង​មិន​ទាន់​គិត​ដល់​ចំណុច​នេះ​នៅ​ឡើយ​ទេ។ បើ​គិត​ដល់​ចំណុច​នេះ គួរ​តែ​មាន​អ្នក​ការពារ​ផ្លូវ​ក្រោយ​ទុក​ជា​ស្រេច។ តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​ការពារ​ផ្លូវ​ក្រោយ​កំពុង​ផឹក​ស្រា​ស្រវឹង​ដេក​លក់​បាត់​ទៅ​ហើយ។
តែ​កាលៈទេសៈ​នេះ​ទៅ​ហើយ បក​ក្រោយ​ក៏​មិន​កើត។ បើ​ឡើង​ទ័ព​ទៅ​មុខ​ហើយ ទោះ​ចាប់​អង្គ​មិន​បាន ក៏​ត្រូវ​តែ​ចាប់​ទូក​និង គោល​ឲ្យ​បាន​ដែរ ទោះ​ជា​ត្រូវ​ដូរ​អស់​ត្រី​បក ពីរ​បី ក៏​មិន​អី​ដែរ។ ចិត្ត​ជា​អ្នក​ជំនួញ ត្រូវ​តែ​មាន​ចិត្ត​ទទួល​យក ទាំង​ខាត​ទាំង​ចំណេញ ចំណាយ​ដើម្បី​ចំណូល។ លើ​លោក​នេះ គ្មាន​ជំនួញ​ណា គ្មាន​ការ​ចំណាយ​នោះ​ទេ។ គ្រាន់​តែ​កាលៈទេសៈ ផ្សេង​គ្នា ចំណាយ​តិច ឬ​ច្រើន ចំណេញ​ឬ​ខាត តែ​ប៉ុណ្ណោះ ហើយ​អ្វីៗ​ក៏​ត្រូវ​មាន​ការ​ប្រថុយ​ដែរ មិន​អាច​ទាយ​ត្រូវ ១០០ ភាគរយ​នោះ​ទេ។
អ្វី​ដែល​យើង​អាច​ទាយ​បាន ហើយ​ខ្ញុំ​ក៏​គិត​ថា បក្ស​ប្រឆាំង​ក៏​ដឹង​ដែរ គឺ​គេ​នឹង​ប្រើ​សេះ ទូក និង​គោល​ដើម្បី​ទប់​ទល់​ក្នុង​សមរភូមិ​លើក​នេះ។ ចំណែក​ឯ ត្រី​ដែល​គេ​ធ្លាប់​ប្រើ​កន្លង​មក គឺ​ដើរ​ជ្រុល​ទៅ​មុខ​បាត់​ទៅ​ហើយ ពិបាក​នឹង​បក​ក្រោយ​ណាស់​។ អ៊ីចឹង មាន​តែ​ជើង​លឿន ដូច​ជា​ទូក សេះ នឹង​គោល​ទេ ទើប​អាច​ទប់​ទល់​បាន។ ដូច្នេះ​ត្រូវ​តែ​ចាប់​សត្វ​ទាំង ៣ នេះ ឲ្យ​បាន។ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចាប់​គោល ១ ឲ្យ​បាន​ដែរ។
តែ​បើ​មើល​សន្ធឹក​ទ័ព ក៏​ជា​ទ័ព​បែក​ខ្ញែក​មួយ​ទៅ​ហើយ។ ទ័ព​ភាគ​ច្រើន សុទ្ធ​តែ​ទ័ព​ស្ម័គ្រ​ចិត្ត។ គឺជា​ទ័ព​ដែល​មាន​កម្លាំង​កាយ និង​កម្លាំង​ចិត្ត តែ​ភាគ​ច្រើន​ជា​ទ័ព​គ្មាន​ព្រលឹង​នោះ​ទេ។
សម្រែក​ទ័ព​ស្រែក​ថា «វាយ​ក្រុង!» តែ​មិន​ដឹង​វាយ​ច្រក​ណា នៅ​តែ​ហែ​ក្រវែល​ចុះ​ឡើង មិន​ទាន់​កំណត់​គោល​ដៅ​ច្រក​ទ្វារ​សម្រុក​ចូល​ឃើញ ហើយ​ក៏​ដឹង​មិន​ច្បាស់​ពី​សមាសភាព​មេទ័ព​ដែល​ចាំ​យាម​ច្រក​នីមួយៗ។ អ៊ីចឹង គឺ​ចាញ់​ប្រៀប ៥០ ភាគរយ​បាត់​ទៅ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ខាង​បក្ស​ប្រឆាំង​នឹង​ពិចារណា​ដិត​ដល់ ត្រៀម​មុខ ត្រៀម​ក្រោយ លើ​ក្រោម ឆ្វេង​ស្តាំ គ្រប់​ជ្រុង​ជ្រោយ ដឹង​លទ្ធផល​មុន​ច្បាំង បើ​មិន​អ៊ីចឹង​ទេ លើក​នេះ បើ​បាក់​ទ័ព​ហើយ គឺ​ពិបាក​ស្តារ​ណាស់ ទោះ​ជា​ទេវតា​ក៏​ជួយ​មិន​បាន​ដែរ។
ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី​នូវ​កំហុស​ឆ្គង​ដោយ​ អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ដ៏​ស្តួច​ស្តើង​នេះ៕
ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែលៈ chivann.pen@gmail.com ប៉ែន សុជីវន្ត ពី​ខេត្ត រតនគិរី
 ប្រភពពី ភ្នំពេញ ប៉ុស្តិ៍