ម្ចាស់លូនចេញយ៉ាងវេទនាពីរថយន្ត ដែលឆ្លងចរន្តឆាបឆេះ នៅសល់តែគ្រោងដែក
ខេត្តរតនគីរី ៖ រថយន្តកាមរីឆ្លាមមួយគ្រឿង ដែលទំនងជាបើកបុក ឬប៉ះទង្គិចជាមួយ រថយន្តផ្សេងទៀត ហើយបើករត់រហូត ឆ្លងចរន្តឆាបឆេះអស់ នៅសល់តែគ្រោងដែក កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ចំណុចមុខសាលារៀន ក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី លើដងផ្លូវពីស្រុកអូរជុំ ចូលក្រុងបានលុង ។
មុនពេលកើតហេតុ គេបានឃើញ រថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R-3570 បោះពួយយ៉ាងលឿន មកដល់កន្លែងកើតហេតុ ក៏មានភ្លើងឆេះចេញពីក្នុងម៉ាស៊ីន ខណៈនោះគេឃើញបុរសម្នាក់ ចេញពីក្នុងរថយន្ត យកទឹកចាក់ពន្លត់ តែភ្លើងមិនទាន់រលត់ផង ក៏គេចខ្លួនបាត់ទៅ នៅពេលប្រជាពលរដ្ឋ មកចោមរោម មើលច្រើនពេក ។
សាក្សីបានឲ្យដឹងថា គេបានឃើញកំទេច បាក់បែកស្តុបរថយន្ត និងកញ្ចក់រថយន្ត នៅតាមដងផ្លូវ ត្រង់ចំណុចចំការកៅស៊ូ ក្នុងភូមិកាឡៃ១ ស្រុកអូរជុំ ដូច្នេះគេសង្ស័យថា រថយន្តដែលឆាបឆេះនេះ បានប៉ះទង្កិចឬក៏បុកគ្នា ហើយបើករត់គេច ក្នុងល្បឿនលឿន បណ្តាលឲ្យក្តៅឆ្លងចរន្ត បង្កជាអណ្តាតភ្លើងឆាបឆេះបែបនេះ ហើយគ្រោងឆ្អឹងរថយន្ត ត្រូវបាននគបាលចរាចរណ៍ អូកយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្ត ៕
ប្រភពពី វត្តភ្នំ
