អ្នកវិភាគ៖ បក្សកាន់អំណាច«ស៊ីកេរ៍»៧មករាហួសហេតុ
វ៉ាស៊ីនតោន—អ្នកវិភាគយល់ឃើញថាទិវា«៧មករា» ដែលជាថ្ងៃប្រទេសវៀតណាមចូលលុកលុយប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩ ត្រូវបានអ្នកនយោបាយប្រើប្រាស់ទាញផលប្រយោជន៍ច្រើនហួសហេតុពេក និងស្នើឡើងថាគេគួរទុកឱ្យពលរដ្ឋកម្ពុជាបានយល់ដឹងពីការពិតនៃ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តហើយត្រូវផ្តោតលើបញ្ហាបច្ចុប្បន្ននិង អនាគតជាជាងលើអតីតកាលដែលនាំឱ្យខ្មែរបន្តបែកបាក់គ្នា។លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន បញ្ជាក់នៅក្នុងកម្មវិធីហេឡូVOA ប្រចាំខែថា ការដែលទិវានេះជាការកំណត់នៃការដួលរលំនៃរបបខ្មែរក្រហមដ៏មហា ប្រល័យគឺជាការពិតហើយការលើកឡើងរបស់ក្រុមគណបក្សប្រឆាំងថាវាក៏ ជាការចាប់ផ្តើមនៃការគ្រប់គ្រងរបស់វៀតណាមមកលើប្រទេសកម្ពុជារយៈ ពេលមួយទសវត្សរ៍ក៏ជាការពិត។
លោកវីរៈបានបន្ថែមថារយៈពេល៣៦ឆ្នាំក្រោយមកនេះគឺស្មារតីដើមនៃការរំដោះ ពលរដ្ឋពីការកាប់សម្លាប់បានបាត់បង់អស់ហើយ។
«ស្មារតីនោះគឺជាអ្វីមួយដែលបាត់បង់ទាំងស្រុងដោយអំពើពុករលួយ ដោយភាពភ្លើតភ្លើននៅលើសង្គមនាពេលបច្ចុប្បន្ននេះនិងភាពក្រអឺត ក្រទម»។
លោកបានបន្ថែមថា៖
«ទោះបីជាក្មេងៗមិនចងចាំក៏ ចាស់ៗគាត់ដឹកនាំស្មារតីនោះមក មកដល់ពេលបច្ចុប្បន្ននេះក៏គាត់បាត់បង់ស្មារតី៧មករាផងដែរ»។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ខែមករាមន្ត្រីគណបក្សប្រជាជនកម្ពុជានៅ ថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានតែងតែធ្វើពិធីរំលឹកដល់ខួបនៃការដែល ពួកគេចាត់ទុកថាវៀតណាមបានមកជួយរំដោះពលរដ្ឋកម្ពុជាពីរបប ខ្មែរក្រហម។ ព្រឹត្តិការណ៍នេះក៏ត្រូវគណបក្សកាន់អំណាចប្រើប្រាស់នៅរាល់ការ ឃោសនាថាជាស្នាដៃដ៏ធំមួយរបស់ខ្លួនហើយចោទប្រកាន់អ្នកដែលហ៊ាន រិះគន់ថាជាក្រុមដែលមាន«សម្ព័ន្ធភាពជាស្វ័យប្រវត្តិជាមួយខ្មែរក្រហម និងរបបប្រល័យពូជសាសន៍»ជាដើម។
លោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកនៃរណសិរ្សរំដោះជាតិកម្ពុជាក៏បានយល់ថាការប្រើប្រាស់ ថ្ងៃទី៧ខែមករាដោយខុសដែរ៖
«អ្វីដែលគេគិតនិងធ្វើខុសពី និយាយ អត់ដូចនិយាយទេ ខុសដូចថាចាប់ប្រជាជនសម្លាប់ប្រជាជន ចាប់ដាក់គុកអត់ច្បាប់ គឺខុសអញ្ចឹង។ ប្រជាជនគេសោកស្តាយ។ របបកុម្មុយនិស្តរបបផ្តាច់ការប្រជាជនគេមិនចូលចិត្តទេ។ ឥឡូវគេស្តារឡើងវិញដូចកាលខ្មែរក្រហមធ្វើគេធ្វើតាមខ្មែរក្រហម អញ្ចឹង។ ២៣តុលាគឺថ្ងៃខ្មែរយើងរួបរួមគ្នាសាមគ្គីគ្នាប៉ុន្តែដល់យើងយក៧ មករាដើម្បីធ្វើប្រជាភិថុតឱ្យប្រជាជនជឿ ហើយដល់ការធ្វើរបស់គេមិនដូចការគេនិយាយទេគឺខុសទាំងអស់»។
គណបក្សប្រឆាំងនិងមជ្ឈដ្ឋានទូទៅមើលឃើញថាថ្ងៃទី២៣ខែតុលាដែល ភាគីទំនាស់ទាំងបួនបានចុះ ហត្ថលេខាក្នុងឆ្នាំ១៩៩១ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលគឺជាថ្ងៃដែល ខ្មែររួបរួមគ្នាពិតប្រាកដ។
លោកអ៊ូ វីរៈយល់ថាគណបក្សប្រជាជនកម្ពុជា«ស៊ីកេរ៍»នៃទិវា៧មករាយូរពេកហើយ ដូច្នេះត្រូវខិតខំដោះស្រាយបញ្ហាដែលកើតមាននាពេលបច្ចុប្បន្នដែល មានការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយនិងតុលាការមិនយុត្តិធម៌ ជាដើម។
លោកអ៊ូ វីរៈក៏បានរំលឹកដល់គណបក្សប្រឆាំងឱ្យគិតដល់ស្មារតីនៃការបង្រួបបង្រួមជាតិផងដែរ។
«គណបក្សប្រឆាំងខ្ញុំមើលទៅនៅ តែប្រឆាំងផ្កាប់មុខរឿង៧មករានេះក៏ជារឿងមួយជំរុញឱ្យមានការ ប្រេះឆា មានការលាបពណ៍គ្នាច្រើនមែនទែន»។
យ៉ាងណាក៏ដោយរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាត្រូវបានគេមើលឃើញថាមានភាពបត់បែន ក្នុងការរក្សាទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងនិងមហាអំណាចក្នុង តំបន់។ ក្នុងខណៈពេលដែលអ្នកប្រវត្តិសាស្ត្រនានាមើលឃើញថាក្រុមខ្មែរក្រហម បានងាកទៅប្រទេសចិនជ្រុលហើយនាំឱ្យប្រទេសវៀតណាមចាត់ទុកថាជា សកម្មភាព«បង្ករឿងមួយ»ចំពោះខ្លួន៕ ប្រភពៈ VOA