រាជរដ្ឋាភិបាល​ចំអក​ឲ្យ​ចាស់ៗ​អាយុ​៦០​ឆ្នាំ​ឡើង​ឲ្យទៅ​បើក​ប្រាក់ខែ​៤​ម៉ឺន​រៀល​ពី​បក្សប្រឆាំង

1/06/2015 0 Comments A+ a-

ប្រមុខ​រាជរដ្ឋាភិបាលនៅ​ថ្ងៃ​ចន្ទ​នេះ ថ្លែង​សារ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការពី​ការដំឡើង​ប្រាក់ខែ​បន្ថែម​ ចាប់ពី​ដើម​ឆ្នាំ​២០១៥​នេះ និង​បាន​ចំអក​ដល់​ចាស់ៗ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ឲ្យទៅ​បើក​ប្រាក់ខែ​៤​ម៉ឺន​រៀលពី​បក្ស​ប្រឆាំង​ ។​
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​រដ្ឋបាលសាលាខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ លោកនាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែងថាមន្ត្រីរាជការ​ថ្នាក់​ក្រោម​ជាតិ នៅ​ទូទាំង​ប្រទេស និង​ត្រូវ​ដំឡើង​ប្រាក់ខែ​បន្ថែមទៀត លើ​ប្រាក់ខែ​ដែល​មាន​ស្រាប់ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៥​នេះ​ទៅ​ ។ ប៉ុន្តែ​លោក​ថា ចាស់​ដែល​មានអាយុ​៦០​ឆ្នាំ​ឡើង​ទៅ នឹង​ត្រូវ​ទៅ​ទារ​ខ្លួនឯង​ពី​អ្នក​ដែល​បាន​សន្យា​ ។ លោក​មាន​ប្រសាសន៍​ថា «រឿង ​ចាស់​ៗ​ ៤០០០០រៀល​សូម​អញ្ជើញទៅទារ​ទៅ ខ្ញុំ​អត់​បាន​សន្យាទេអាហ្នឹង ចាប់ពី​អាយុ​៦០​ទៅ​ទារ​ទៅ អ្នក​ណា​សន្យាទៅ​ទារ​ទៅ ខ្ញុំ​អត់​ដឹង​ទេ ទៅ​ទារទៅ ។ ករុណា​ខ្ញុំ​ចង់​តែ​ប៉ុណ្ណឹងទេ ចង់​ឲ្យ​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ម្នាក់​ឡើង​ដល់​១០០០ដុល្លារ​ឯណោះ ក៏​ប៉ុន្តែ​ស្រុក​យើង​វា​មាន​អ៊ីចឹង គ្រូ​បង្រៀន​របស់​យើង​បាន​ប៉ុណ្ណឹង ទាហាន​បាន​ប៉ុណ្ណឹង​ ប៉ូលីស​បាន​ប៉ុណ្ណឹង​ ប៉ុន្តែ​អ្នក​សន្យា​ដើម្បី​ផល​ប្រយោជន៍​នៃ​សន្លឹក​ឆ្នោត គឺ​ចេះ​តែ​សន្យា បន្ទាប់​ទៅ តើ​គេ​ធ្វើ​បាន​ឬអត់? គឺ​ជា​ចំណោទ​នៅ​បញ្ហា​ ។ អាយុជី​វិត​នៃ​អ្នក​សន្យា​ យ៉ាង​យូរ​៦ខែ ខ្ញុំ​ករុណា​នឹង​ចាត់​ទុក​ថា​ គេ​ត្រូវ​តែ​ដួល​រលំដាច់​ខាត​តែ​ម្តង​​» ។
hunsen_140910--vichet--2015-01-05លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាពេលកន្លងមក
​បើទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ចំ​ទៅ​គណបក្សប្រឆាំង​ក៏​ដោយ ប៉ុន្តែគោលការណ៍​៧​ចំណុចរបស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោតក្នុង​អាណត្តិ​ទី​៥​នេះ មាន​ធានា​ពី​ការផ្តល់ប្រាក់​៤​០០០០​រៀល​ក្នុង​១​ខែ ដល់​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ ។​
​ក្រៅពី​ឌឺដង​ឲ្យ​បក្សប្រឆាំង លោកនាយក​រដ្ឋមន្ត្រីក៏​បានក្រើនរំឭក​ឲ្យ​មន្ត្រីរាជការ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពង្រឹង​គុណភាព​ការងារ​គ្រប់​ស្ថាប័នដើម្បី​ឆ្លើយតប នឹង​តម្រូវការ​ចាំបាច់ របស់​ពលរដ្ឋ និង​អ្នកវិនិយោគ​គ្រប់​ប្រភេទ​ផងដែរ និង​អំពាវនាវ​ឲ្យ​អ្នកមាន​ធនធាន​ទៅ​វិនិយោគ​នៅ​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី​ នេះ ដើម្បី​ទប់ស្កាត់កម្មករ​ចំណាកស្រុក​ ។ លោក​បន្ថែម​ថា «សេវាសាធារណៈ​ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ ទាម​ទារ​ឲ្យ​នូវ​ល្បឿន​លឿន​និង​មាន​គុណភាព តាំងពី​អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត​ រឿង​ស្អី​ៗ​ដែល​វា​ជា​ការ​ចង់​បាន​របស់​ប្រជាពល​រដ្ឋ ។ ការ​បញ្ជាក់​ទាន់​ទិន​នឹង​រឿង​នេះ រឿងនោះ ឬ​ការ​សុំ​វិនិយោគ ឬកា​រសុំ​នេះ​សុំ​នោះ ដែល​ជា​ការ​ចាំ​បាច់​របស់​ប្រជាពលរដ្ឋ​ត្រូវ​ឆ្លើយ​តប​ក្នុង​ល្បឿន​មួយ​លឿន និង​ប្រកប​ដោយ​គុណភាព​» ។
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម សុំ​មិន​អត្ថាធិប្បាយ​តប​ពី​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នេះ​ទេ ប៉ុន្តែ​លោក​ថា​បក្សប្រឆាំង​មួយ​នេះ នៅ​តែ​ប្រកាន់​គោលការណ៍​នេះ​ដដែល​ ។​
យ៉ាងនេះ​ក្តី​ ខេត្ត​ត្បូងឃ្មុំ​ដែល​ទើប​បំបែក​ចេញពី​ខេត្ត​កំពង់ចាម​នេះ ជា​ខេត្ត​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​សំឡេងឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អាណត្តិ​ទី​៥​នេះ ដោយ​បក្សប្រឆាំង​ទទួលបាន​១០​អាសនៈ គណបក្សកាន់អំណាច​បា​ន​៨​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប​១៨​អាសនៈ​ ៕ ប្រភពៈ VOD