លោក ហ៊ុន សែន ព្រមានអ្នកប្រឆាំងថ្ងៃ៧មករាថាជាប់ពាក់ព័ន្ធជាមួយខ្មែរក្រហម
ថ្ងៃ៧ មករា គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលថ្ងៃនេះអ្នកមាននិន្នាការនយោបាយផ្សេងគ្នា ពិសេសគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឲ្យនិយមន័យខុសគ្នា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរទាំងមូលឲ្យរួចជីវិតពីរបបខ្មែរ ក្រហម ដែលប្រជាពលរដ្ឋខ្មែរត្រូវតែទទួលស្គាល់ថ្ងៃនេះ ហើយលោកព្រមានថា អ្នកដែលប្រឆាំងថ្ងៃ៧ មករា នោះ គឺជាអ្នកមានសម្ពន្ធភាពជាមួយខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងថ្ងៃសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសស្តុបទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៤។ RFA/Vann Vichar
យ៉ាងនេះក្ដី អ្នកច្បាប់លើកឡើងថា ពលរដ្ឋខ្មែរមិនអាចបំភ្លេចថ្ងៃ៧ មករា នេះបានទេ ព្រោះថា ថ្ងៃ៧ មករា ជាថ្ងៃកងទ័ពវៀតណាម ឈ្លានពានទឹកដីកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ដោយលោកព្រមានអ្នកដែលប្រឆាំងថ្ងៃ៧ មករា គឺអ្នកនោះមានសម្ពន្ធភាពនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោក ហ៊ុន សែន ថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធខែត្រថ្មី គឺខែត្រត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ មករា ថា ថ្ងៃ៧ មករា មិនមែនជារបស់គណបក្សប្រជាជនកម្ពុជា ផ្ដាច់មុខនោះទេ ថ្ងៃ៧ មករា ជារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់។ លោក ហ៊ុន សែន បញ្ជាក់ថា នយោបាយឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជា ជាឧទាហរណ៍មួយគ្រាន់តែចង់រំលាយចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ ប៉ុល ពត ប៉ុណ្ណោះ តែមិនចងគំនុំជាមួយអតីតយោធាខ្មែរក្រហមនោះឡើយ។ លោកបន្ថែមថា មានអតីតយោធាខ្មែរក្រហមមួយចំនួនបានធ្វើជាអភិបាលខែត្រ ដូចជាករណី លោក អ៊ី ឈាន ជាដើម៖ «ស្អប់ ប៉ុល ពត តែប្រឆាំងនឹងអ្នកប្រឆាំង ប៉ុល ពត អ៊ីចឹងមានន័យថា មានសម្ពន្ធភាពជាមួយ ប៉ុល ពត? ហើយថ្ងៃ៧ មករា ក្រៅពីរបប ប៉ុល ពត មិនយកអ្នកណាធ្វើជាសត្រូវទេ»។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចំពោះអ្នកប្រឆាំងថ្ងៃ៧ មករា ក្ដី។ ប៉ុន្តែថ្ងៃ៧ មករា នេះ អ្នកវិភាគ អ្នកច្បាប់មួយចំនួន ព្រមទាំងគណបក្សប្រឆាំងផង ចាត់ទុកថ្ងៃ៧ មករា នេះ ជាថ្ងៃដែលកងទ័ពវៀតណាម ឈ្លានទឹកដីខ្មែរទៅវិញទេ។
ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា លោកបណ្ឌិត ហ៊ាង ឬទ្ធី ចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿងមិនត្រឹមត្រូវ។ លោកបញ្ជាក់ថា សារនយោបាយបែបនេះជាសារដើម្បីចង់កេងចំណេញនយោបាយទៅវិញទេ ព្រោះថ្ងៃ៧ មករា មិនមែនជាថ្ងៃដែលតម្រូវឲ្យប្រជាពលរដ្ឋខ្មែរដឹងគុណវៀតណាម នោះទេ៖ «៧ មករា នេះគឺជាថ្ងៃយួនឈ្លានពានជាលើកទី៣។ នគរចំប៉ាទី១ កម្ពុជាក្រោមទី២ និងកម្ពុជាកណ្ដាលជាលើកទី៣ ហើយរាល់ថ្ងៃនេះ ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបណ្ដេញកងទ័ពវៀតណាម ចេញពីកម្ពុជា តែបច្ចុប្បន្ននេះមានប្រជាពលរដ្ឋវៀតណាម ចូលស្រុកខ្មែរជារៀងរាល់ថ្ងៃ ហើយរដ្ឋាភិបាលធ្វើអត្តសញ្ញាណប័ណ្ណឲ្យទៀត»។
អ្នកវិភាគលើកឡើងថា នៅក្នុងដំណាក់កាលនេះ អ្នកនយោបាយត្រូវតែបញ្ចប់អំពីការប្រកាសឲ្យពលរដ្ឋខ្មែរដឹងគុណ វៀតណាមនេះ ព្រោះថា ថ្ងៃ៧ មករា នេះ មានរឿងអាថ៌កំបាំងនៅពីក្រោយខ្នងរឿងនេះ ព្រោះថា នៅពេលនោះ បើវៀតណាម មិនវ៉ៃខ្មែរក្រហមទេ ខ្មែរក្រហមក៏មិនឲ្យវៀតណាម បានសុខដែរ ធ្វើសង្គ្រាមទៅក្នុងប្រទេសវៀតណាម ហើយសង្គ្រាមនឹងត្រូវកើតឡើងនៅតាមបណ្ដោយព្រំដែន និងមិនអាចឲ្យវៀតណាម អភិវឌ្ឍន៍អ្វីបានទេ។ ក្រៅពីនេះទៀត វៀតណាម វ៉ៃខ្មែរក្រហមក្នុងគោលបំណងចង់ធ្វើជាបងធំនៅឥណ្ឌូចិន ព្រោះវៀតណាម មានសហភាពសូវៀត នៅពីក្រោយ។
អ្នកវិភាគបញ្ជាក់ថា អ្នកនយោបាយខ្មែរមិនត្រូវបិទបាំងប្រវត្តិសាស្ត្ររបស់ខ្លួននោះឡើយ។ ការបើកឲ្យពលរដ្ឋខ្មែររៀនពីប្រវត្តិសាស្ត្រពិតរបស់ខ្មែរគឺជារឿង សំខាន់បំផុតដើម្បីឲ្យប្រជាពលរដ្ឋខ្មែរដឹងពីប្រវត្តិសាស្ត្ររបស់ ខ្លួនកាន់តែច្បាស់ ចៀសវាងបញ្ហាអតីតកាលកើតឡើងសម្រាប់អ្នកជំនាន់ក្រោយទៀត ហើយត្រូវបញ្ចប់ការបកស្រាយផ្ទុយគ្នាដែលនាំឲ្យខ្មែរបែកបាក់ គ្នា៕ ប្រភពៈ ទំព័រព័ត៌មានខ្មែរ