ស្រុតថ្នល់កៅស៊ូ ទៅក្រោម៣ទៅ៤ម៉ែត្រ ខាងត្បូងស្ពាន «គីហ្សូណា»
កំពង់ចាម ៖ ថ្នល់ផ្លូវក្រាលកៅស៊ូ នៅខាងត្បូង ស្ពានគីហ្សូណា ប្រហែល២០ម៉ែត្រ ស្ថិតនៅ ក្រុងកំពង់ចាម ខេត្ត កំពង់ចាម បានស្រុតចុះទៅក្រោម ពី៣ទៅ៤ម៉ែត្រ ពោលនៅសល់ តែ ស្រទាប់ថ្នល់ខាងលើប៉ុណ្ណោះ នាវេលា ម៉ោង៤៖៤០នាទី រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នេះ ។
មន្រ្តីនគរបាល ក្រុងកំពង់ចាម បានថ្លែងឲ្យដឹងថា «នៅរសៀលថ្ងៃនេះ មានករណី ស្រុតលូមេ ដែលបង្ហូរទៅទន្លេ ជាលូរចាស់ ដែលគ្រោងនឹងប្តូរថ្មី ប៉ុន្តែឥឡូវ មិនទាន់បានដូរផង ស្រាប់តែ ស្រុតយ៉ាងដូច្នេះ»។
បើតាមមន្រ្តីនគរបាល ដដែលនេះ ជាដំណោះស្រាយ ជំហានដំបូង ស្នងការនគរបាល ខេត្តកំពង់ចាម បានឲ្យ បញ្ជាឲ្យសមត្ថកិច្ច យកប៉ារ៉ាស់ទៅបិទ ចរាចរណ៍ឆ្លងកាត់ ទាំងស្រុង នៅតាមផ្លូវនោះ ជៀសវាង មានគ្រោះថ្នាក់ ដោយយថាហេតុ ពីព្រោះ ស្នាមធ្លុះនៅខាងលើ មើលទៅតូច ប៉ុន្តែស្រុតទៅក្រោម ពី៣ទៅ៤ម៉ែត្រឯណោះ ។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «ឥឡូវនេះរូង នៅខាងក្រោមថ្នល់ ធំណាស់ ដូច្នេះ ខ្ញុំបានបញ្ជាឲ្យ បិទចរាចរណ៍ហ្នឹងហើយ ខាងលើយើងឃើញ មាត់តូចទេ ប៉ុន្តែខាងក្នុង ៣ ទៅ៤ម៉ែត្រ ដែលដីស្រុត ទៅបាត់ហើយ មានតែស្រទាប់ថ្នល់ ខាងលើទទេ»។
លោកស្នងការក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅក្រុងកំពង់ចាម កុំបន្តធ្វើដំណើរ តាមដងផ្លូវ មួយខ្សែនេះ ជាបណ្តោះអាសន្ន រង់ចាំរហូតដល់ មន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការជួសជុលរួច រាល់ហើយសិន ជៀសវាងមានគ្រោះថ្នាក់ ដោយប្រការណាមួយ៕
ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល