ត្រូវជនខិលខូច លួចលេខកូដមន្ដ្រី នាយកដ្ឋាន អប់រំកាយ ដើរបោកបញ្ឆោតគេ

1/05/2015 0 Comments A+ a-

ភ្នំពេញ៖ លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡា ទូកកានូ កម្ពុជាផងនោះ បានប្រកាសជា សាធារណៈថា កាលពីពេលថ្មីៗ កន្លងទៅនេះ មានជនខិលខូច បានលួចយកលេខសម្ងាត់ (Password) នៃអាស័យដ្ឋាន អ៊ីម៉ែលរបស់លោក ទៅប្រើប្រាស់ ដើម្បីបោកបញ្ឆោតគេឯង ដូច្នេះលោកបាន ស្នើឲ្យថ្នាក់ដឹកនាំ ឬមិត្តភ័ក្រ ឬអ្នកដែលស្គាល់ អាស័យដ្ឋាន អ៊ីម៉ែលលោក ត្រូវប្រុងប្រយ័ត្នផង ។
អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡារូបនេះ បានបញ្ជាក់ថា អាស័យដ្ឋានអ៊ីម៉ែល របស់លោក ដែលប្រើប្រាស់ ជាប្រចាំនោះ មានឈ្មោះថា « bkimtor2012@yahoo.com» ប៉ុន្ដែកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ គឺមានក្រុមជនខិលខូច បានលួចលេខកូដសម្ងាត់ ហើយថែមទាំង បានសរសេរសារផ្សព្វផ្សាយ លើអ៊ីម៉ែល ខាងលើទៀតថា “Vacation trip to Kiev, Ukraine” មានន័យថា “ខ្ញុំបាន បានធ្វើដំណើរ ទៅទីក្រុងគាវ ប្រទេសអ៊ុយក្រែន” ។
ការសរសេរបែបនេះ បានធ្វើឲ្យមានការ ភ្ងាក់ផ្អើលដល់លោក បឹង គឹមតោ ដែលជាម្ចាស់អាស័យដ្ឋាន អ៊ីម៉ែលខាងលើ នៅថ្ងៃទី០៣ មករាកន្លងទៅ តាមរយៈការខលប្រាប់ តាមទូរស័ព្ទ ពីសំណាក់អ្នក ដែលមានទំនាក់ទំនង លេងអ៊ីម៉ែល ជាមួយនឹងលោក ។
ជាមួយនឹងទង្វើរអសីលធម៌ខាងលើនេះ លោក បឹង គឹមតោ បានប្រកាសបដិសេធ ជាសាធារណៈភ្លាមៗថា «ខ្ញុំបាទពុំបានធ្វើដំណើរទៅទីក្រុង គាវ ប្រទេស អ៊ុយក្រែន ដូចមានសរសេរនៅក្នុងអ៊ីម៉ែលរបស់ខ្ញុំបា ទនោះទេ។ វាជាទង្វើរបស់ជនខិលខូច ឬជនសង្គមងងឹត  ដែលបានលួចយក លេខសង្ងាត់របស់ខ្ញុំ ទៅប្រើប្រាស់អាស័យដ្ឋាន អ៊ីម៉ែល របស់ខ្ញុំបាទ ។  ខ្ញុំបាទទើបតែបានប្តូរ Password កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥នេះ” ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល