អ្នក​ជំនាញ​ឥណ្ឌូណេស៊ី​៖ ប្រអប់​ខ្មៅ​ប្រហែល​កប់​ក្នុង​ភក់​បាតសមុទ្រ

1/09/2015 0 Comments A+ a-

អ្នក​ជំនាញ​ឥណ្ឌូណេស៊ី​៖ ប្រអប់​ខ្មៅ​ប្រហែល​កប់​ក្នុង​ភក់​បាតសមុទ្រ បើ​ទោះបី​​រក​ឃើញ​កន្ទុយ​យន្តហោះ​ក៏ដោយ​ប្រភព៖​ BBC & abc.net.au
មន្ត្រី​ជំនាញ​របស់​ឥណ្ឌូណេស៊ី​ បាន​​ឲ្យ​ដឹង​ថា ប្រអប់​ខ្មៅ​របស់ជើង​ហោះហើរ QZ8501 របស់​ក្រុមហ៊ុន​ AirAsia ប្រហែល​ជា​កប់​ក្នុង​ភក់​បាតសមុទ្រ​ បើ​ទោះបីជា​ កន្ទុយ​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ក៏ដោយ។

ក្រុម​អ្នក​មុជ​ទឹក​បាន​រក​ឃើញ​ បំណែក​នៃ​កន្ទុយ​យន្តហោះ​ខាងលើ​ ប៉ុន្តែ​មិនទាន់​អាច​ស្រង់​ចេញ​ពី​ក្នុង​ទឹក​ដោយ​ងាយៗ​នោះ​ឡើយ ព្រោះ​កម្លាំង​រលក​សមុទ្រ​មិន​អំណោយ​ផល ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​កំពុង​រៀបចំ​វិធី​យុទ្ធសាស្ត្រ​ដើម្បី​​ស្រង់​ឲ្យ​បាន​ឆាប់។

បើ​ទោះបីជា​រក​ឃើញ​កន្ទុយ​យន្តហោះ​នេះ​ក្តី ប៉ុន្តែ​អ្នកជំនាញ​មិន​អាច​រក​ឃើញ​ប្រអប់​ខ្មៅ​ដែល​ស្ថិត​នៅ​ផ្នែក​នៃ​កន្ទុយ​យន្តហោះ​នេះ​ឡើយ។ ដូច្នេះ​គេ​សន្និដ្ឋាន​ថា ប្រអប់​ខ្មៅ​នេះ​អាច​ត្រូវ​កប់​ក្នុង​ភក់​នៃ​បាតសមុទ្រ​នោះ ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​ស្វែងរក ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា វា​មិន​អាច​ទៅ​ណា​ឆ្ងាយ​ដែរ​​។

ប្រអប់​ខ្មៅ​ពិត​ជា​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​កំណត់​មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​មាន​បញ្ហា។ ​ក្រុម​រុករក​នឹង​បន្ត​ ស្វែងរក​ប្រអប់​ខ្មៅ​នេះ​ឲ្យ​ឃើញ​ឆាប់ៗ​តាមតែ​អាច​ធ្វើ​ទៅ​បាន។ រហូត​មកទល់​នឹង​ពេលនេះ មាន​សព​ប្រមាណ​ ៤០ នាក់​ត្រូវ​បាន​គេ​រក​ឃើញ​។ ​

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​ ធ្នូ កន្លងទៅ​ ជើងហោះហើរ QZ8501 របស់​ក្រុមហ៊ុន​ AirAsia ផ្ទុក​មនុស្ស​ ១៦២ នាក់​ ​បាន​បាត់​​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា​​នៅ​ពេល​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ទៅកាន់​ប្រទេស​សិង្ហបុរី​ ​​ហើយ​ក៏​បាន​ធ្លាក់​ចូល​​សមុទ្រ​ជ្វា​តែម្តង​៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ channelnewsasia.com & bbc.com